លោកវេជ្ជបណ្ឌិតថា បើមាននរណាម្នាក់មានអាការៈគាំងបេះដូងហើយ កុំអូសបន្លាយពេលវេលា ព្យាយាមធ្វើតាមវិធីបុរាណដោយការកោសជប់ខ្យល់ ឬទៅបន់ស្រន់ផ្សេងៗ ព្រោះវិធីនេះមិនអាចជួយអ្នកជំងឺបានទេ ត្រូវប្រញាប់បញ្ជូនអ្នកជំងឺមកមន្ទីរពេទ្យ។
ក្នុងករណីអ្នកជំងឺគាំងបេះដូង ធ្វើទុក្ខធ្ងន់ធ្ងរដល់ថ្នាក់បេះដូងលែងដើរ លោកវេជ្ជបណ្ឌិត ណែនាំឲ្យសង្គ្រោះដោយការធ្វើចលនាបេះដូង ដោយសង្កត់បេះដូង និងសប់ ឬផ្លុះខ្យល់ រង់ចាំគ្រូពេទ្យទៅដល់ ឬមុនមកដល់មន្ទីរពេទ្យ។
សាស្ត្រាចារ្យវេជ្ជបណ្ឌិត សុខ ជួរ ប្រធានសមាគមគ្រូពេទ្យបេះដូងកម្ពុជា ងាកមកពីវិធីការពារជំងឺស្ទះសរសៃឈាមបេះដូងវិញ យើងត្រូវបកទៅរកមូលហេតុ និងកត្តាជំរុញផ្សេងៗ ហើយបញ្ឈប់រាល់សកម្មភាពទាំងនេះ។
– ចៀសវាងអាហារប្រៃ
– កាត់បន្ថយការញ៉ាំសាច់ និងអាហារសម្បូរជាតិខ្លាញ់
– កុំជក់បារី ផឹកគ្រឿងស្រវឹង
– គ្រប់គ្រងសម្ពាធឈាម និងកម្រិតជាតិស្ករឲ្យបានល្អ
– រក្សាទម្ងន់ឲ្យបានសមស្រប
– ហាត់ប្រាណ និងតាមដានសុខភាពឲ្យបានទៀងទាត់។