មិនថាយើងមានខ្លាញ់នៅផ្នែកណានៃរាងកាយទេ យើងតែងមានការព្រួយបារម្ភ ជាពិសេសខ្លាញ់នៅក្បាលពោះតែម្ដង។ ស្រីៗទំហំចង្កេះធំជាង ៣៥អ៊ីង (៨៩ សង់ទីម៉ែត្)រ ឬបុរសមានទំហំចង្កេះធំជាង ៤០ អ៊ីង (១០២ សង់ទីម៉ែត្រ) គឺមានភាគរយខ្ពស់ណាស់ដែលមានខ្លាញ់ក្បាលពោះច្រើន ហើយខ្លាញ់ក្បាលពោះច្រើនអាចបង្កផលប៉ះពាល់ដល់សុខភាពបាន។
១. ជំងឺទឹកនោមផ្អែម
នៅពេលថ្លើមរបស់យើងមានខ្លាញ់រុំច្រើនដែលបង្កដោយខ្លាញ់ក្បាលពោះច្រើន ថ្លើមនឹងមិនអាចបំលែងស្ករក្នុងឈាមបានល្អ។ នេះអាចធ្វើឲ្យកម្រិតជាតិស្ករក្នុងឈាមឡើងខ្ពស់ ហើយនៅពេលកម្រិតជាតិស្ករក្នុងឈាមឡើងខ្ពស់អាចបង្កឲ្យមានជំងឺទឹកនោមផ្អែមបាន។
២. បណ្ដុំរោគសញ្ញា Metabolic syndrome
នៅពេលដែលយើងមានខ្លាញ់ក្បាលពោះច្រើន និងទំហំចង្កេះធំ យើងអាចប្រឈមនឹងហានិភ័យការវិវត្តបណ្ដុំរោគសញ្ញា Metabolic syndrome ដូចជាជំងឺបេះដូង ជំងឺទឹកនោមផ្អែម និងជំងឺដាច់សរសៃឈាមខួរក្បាលជាដើម។
៣. ជំងឺមហារីក
ការសិក្សាថ្មីបង្ហាញថាប្រូតេអ៊ីនមួយប្រភេទដែលបញ្ចេញដោយខ្លាញ់ក្បាលពោះអាចបំលែងកោសិកាមិនមែនជាមហារីកទៅជាកោសិកាមហារីកដែលបណ្ដាលឲ្យមានការលូតលាស់ដុំសាច់។
៤. ជំងឺបេះដូង
កោសិកាខ្លាញ់ក្បាលពោះអាចផលិតប្រូតេអ៊ីនដែលអាចធ្វើឲ្យស្ទះសរសៃឈាម ដែលនេះអាចបង្កជំងឺលើសសម្ពាធឈាមបាន។ ប្រូតេអ៊ីននេះក៏អាចបង្កឲ្យមានការស្ទះសរសៃអាកទែរដែលអាចបណ្ដាលឲ្យមានជំងឺដាច់សរសៃឈាមខួរក្បាល និងគាំងបេះដូង។
៥. ជំងឺភ្លេចភ្លាំង (Dementia)
យោងតាមការសិក្សាមួយបានឲ្យដឹងថា ស្ត្រីដែលមានខ្លាញ់ក្បាលពោះច្រើនមានភាគរយខ្ពស់ក្នុងការវិវត្តជំងឺភ្លេចភ្លាំង ដែលនេះភាគច្រើនបង្កដោយកោសិកាខ្លាញ់នៅក្នុងពោះ។
[embed-health-tool-heart-rate]