ធ្វើការពីផ្ទះច្រើនជាង៥៥ម៉ោងក្នុងមួយសប្ដាហ៍ អាចបង្កើនហានិភ័យប្រឈមជំងឺបេះដូង។ ជាក់ស្ដែង អង្គការWHO និងILOបានប៉ាន់ប្រមាណថា នៅឆ្នាំ២០១៦ មានមនុស្សចំនួន៣៩៨ ០០០នាក់បានបាត់បង់ជីវិតដោយសារជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល និង៣៤៧ ០០០នាក់ដោយសារជំងឺបេះដូង ដែលជាលទ្ធផលនៃការធ្វើការយ៉ាងតិច៥៥ម៉ោងក្នុងមួយសប្ដាហ៍។ នៅចន្លោះឆ្នាំ២០០០ដល់ឆ្នាំ២០១៦ ចំនួនអ្នកស្លាប់ដោយជំងឺបេះដូង ដោយសារធ្វើការច្រើនម៉ោងបានកើនឡើង៤២% និងដោយជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាលចំនួន១៩%។
ពិតណាស់ ការប្រជុំតាមអនឡាញជារឿងដែលចាំបាច់មួយសម្រាប់ការធ្វើការពីផ្ទះ។ ប៉ុន្តែការចំណាយពេលនៅទល់មុខអេក្រង់រយៈពេលយូរម៉ោង អាចធ្វើឲ្យយើងកាន់តែមានសម្ពាធ និងបណ្ដាលឲ្យមានផលវិបាកផ្សេងៗ។ លោកសាស្ត្រាចារ្យJeremy Bailensonស្ថាបនិកនៃមន្ទីរពិសោធន៍អន្តរកម្មមនុស្សនិម្មិត Stanfordបានពិនិត្យមើលផលវិបាកខាងផ្លូវចិត្តនៃការចំណាយពេលច្រើនម៉ោងដើម្បីធ្វើការពីផ្ទះ និងបានពន្យល់ពីមូលហេតុ៤យ៉ាង ពាក់ព័ន្ធនឹងការជជែកតាមវីដេអូ ដែលធ្វើឲ្យយើងអស់កម្លាំង។
- ការប៉ះភ្នែកជិតនឹងអេក្រង់រយៈពេលយូរ និងកម្រិតខ្លាំង
- មានអារម្មណ៍អស់កម្លាំងនៅពេលឃើញរូបខ្លួនឯងនៅក្នុងវីដេអូ
- កាត់បន្ថយការធ្វើចលនា
- តម្រូវការការយល់ដឹងខ្ពស់ជាងការជជែកផ្ទាល់
ធ្វើការច្រើនម៉ោងអាចបង្កើនហានិភ័យនៃជំងឺសរសៃឈាមបេះដូង
ធ្វើការច្រើនម៉ោងបង្កគ្រោះថ្នាក់ដល់សុខភាពធ្ងន់ធ្ងរ ហើយវាក៏មានទំនាក់ទំនងនឹងការកើនឡើងហានិភ័យនៃជំងឺសរសៃឈាមបេះដូង និងជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាលផងដែរ។ ពន្លឺដែលចេញពីអេក្រង់កុំព្យូទ័រ ឬទូរស័ព្ទអាចបង្កើតអារម្មណ៍នៃការប្រុងប្រយ័ត្នខ្ពស់។ នៅពេលដែលយើងធ្វើការច្រើនម៉ោង រាងកាយរបស់យើងត្រូវការសម្រាក ហើយយើងនឹងមិនមានពេលគ្រប់គ្រាន់ក្នុងការធ្វើលំហាត់ប្រាណ ដែលកត្តានេះអាចបង្កើនហានិភ័យនៃជំងឺបេះដូង។
លើសពីនេះ វាអាចបណ្ដាលឲ្យយើងញ៉ាំអាហារមិនទៀងទាត់ពេលវេលា ព្រមទាំងធ្វើឲ្យកម្រិតស្រ្តេសផ្លូវចិត្តកាន់តែខ្ពស់ថែមទៀត ដែលអាចនាំឲ្យយើងកើតមានអាការៈគាំងបេះដូង និងជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាលដោយមិនដឹងខ្លួន។
[embed-health-tool-heart-rate]