backup og meta

Septicemia (ជំងឺ​ឆ្លងមេរោគក្នុងឈាម)

Septicemia (ជំងឺ​ឆ្លងមេរោគក្នុងឈាម)

និយមន័យ

១- អ្វី​ជា​ជំងឺ​ឆ្លង​មេរោគ​ក្នុង​ឈាម?

ឆ្លង​មេរោគ​ចូល​ក្នុង​ឈាម ជា​ភាសា​បច្ចេក​ទេស (Septicemia) អាច​ហៅបាន​ថា Bacteremia (បាក់តេរី​ក្នុង​ឈាម) ឬ blood poisoning (ពុល​ឈាម) សំដៅ​លើ​ការ​ឆ្លង​បាក់តេរី​តាម​រយៈ​សួត ឬ​ស្បែក ហើយ​បាក់តេរី​ទាំង​នោះ​ បន្ត​ជ្រាប​ចូល​ទៅ​ក្នុង​ចរន្ត​ឈាម។ នេះ​ជា​ករណី​គ្រោះថ្នាក់ ព្រោះ​បាក់តេរី និង​ជាតិ​ពុល​របស់​វា អាច​ធ្វើ​ដំណើរ​នៅ​ក្នុង​ឈាម ហើយ​សាយភាយ​ទៅ​គ្រប់​កន្លែង​ក្នុង​រាងកាយ​ទាំងមូល។

ជំងឺ​ឆ្លង​មេរោគ​ក្នុង​ឈាម​នេះ អាច​ប៉ះពាល់​ដល់​អាយុ​ជីវិត​ភ្លាមៗ ដូច្នេះ​ត្រូវ​តែ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ។ បើ​មិន​បាន​ព្យាបាល​ទាន់​ពេល​ទេ នឹង​បង្ក​ផល​វិបាក​បង្ក​ទៅ​ជា​​ការ​ឆ្លង​មេរោគ​ពេញ​រាងកាយ ហៅ​ថា​ជំងឺ Sepsis។

ជំងឺ Sepsis និង​ឆ្លង​មេរោគ​ក្នុង​ឈាម មិន​ដូច​គ្នា​ទេ ព្រោះ Sepsis គឺ​ជា​ជំងឺ​ស្មុគ​ស្មាញ​ជាងឆ្លង​មេរោគ​ក្នុង​ឈាម ដោយ​សារជំងឺ​នេះ អាច​ធ្វើ​ឲ្យ​ឈាម​កក​ក្នុង​សរសៃ​ឈាម នាំ​ឲ្យ​ស្ទះ​អុកស៊ីហ្សែន​​​រត់​ទៅ​ចិញ្ចឹម​សរីរាង្គ​ផ្សេង​ៗ ជា​ហេតុ​ធ្វើ​ឲ្យ​ចុះ​ខ្សោយ និង​ខូច​សរីរាង្គ​ទាំង​នោះ។

នៅ​ពេល​មាន​ជំងឺ​ Sepsis សម្ពាធ​ឈាម​ចុះ​ទាប​ខ្លាំង (septic shock) ជា​ករណី​ធ្ងន់ធ្ងរ​ដែល​ធ្វើ​ឱ្យ​ស្លាប់​ញឹកញាប់។

២- កើត​ឡើង​ញឹកញាប់​ប៉ុនណា?

ប្រឹក្សា​យោបល់​ជាមួយ​គ្រូពេទ្យ សម្រាប់​ព័ត៌​មាន​បន្ថែម។

រោគសញ្ញា

៣- រោគសញ្ញា​ជំងឺ​ឆ្លង​មេរោគ​ក្នុង​ឈាម​មាន​អ្វី​ខ្លះ?

រោគ​សញ្ញា​ដំបូង មាន​ដូចជា ក្ដៅ​ខ្លួន​ខ្លាំង ញាក់ ខ្សោយ​កម្លាំង និង​បែក​ញើស​ជោក និង​សម្ពាធ​ឈាម​ចុះ​ទាប។ ករណី​មិន​បាន​ព្យាបាល​ត្រឹមត្រូវ នឹង​មាន​រោគ​សញ្ញា​ធ្ងន់ធ្ងរ​ជា​ច្រើន​ទៀត​ចាប់​ផ្ដើម​លេច​ឡើង ដូច​ជា៖

– វង្វេង ឬ​គិត​អី​មិន​ចេញ

– ចង្អោរ ក្អួត

– អុជ​ក្រហម​លើ​ស្បែក

– ទឹក​នោម​តិច

– លំហូរ​ឈាម​រត់​មិន​គ្រប់គ្រាន់ (Shock)

បើ​យើង ឬ​នរណា​ម្នាក់​មាន​រោគ​សញ្ញា​ឆ្លង​មេរោគ​ក្នុង​ឈាម ត្រូវ​ទៅ​មន្ទីរពេទ្យ​ជា​បន្ទាន់។ មិន​ត្រូវ​យឺតយ៉ាវ ឬ​សាក​ព្យាបាល​ដោយ​ខ្លួន​ឯង​នៅ​ផ្ទះ​នោះ​ទេ។

អាច​មាន​រោគ​សញ្ញា​មួយ​ចំនួន​មិន​បាន​រៀប​រាប់​ខាង​លើ។ ​បើមាន​ក្តី​បារម្ភ​អំពី​រោគ​សញ្ញា​ណា​មួយ​នោះ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។

៤- ពេល​ណា​គួរ​ជួប​​ពេទ្យ?

បើ​សិន​ប្រទះ​ឃើញ​រោគសញ្ញា​មួយ​ចំនួន​ដូច​រៀប​រាប់​ខាង​លើ គួរ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ។ រាងកាយ​មនុស្ស​ម្នាក់ៗ​មាន​លក្ខណៈ​ខុសៗ​គ្នា អ្វី​ល្អ​បំផុត​ត្រូវ​ជួបគ្រូ​ពេទ្យ​ដើម្បី​ប្រឹក្សា និង​ពិនិត្យ​ឲ្យ​បាន​ទាន់​ពេល។

មូលហេតុបង្ក

៥- មូលហេតុ​បង្ក​ឆ្លង​មេរោគ​ក្នុងឈាម

មាន​មូល​ហេតុ​បង្ក​ជា​ច្រើន​នាំ​ឲ្យ​កើត​ជំងឺ​ឆ្លង​មេរោគ​ក្នុង​ឈាម ខណៈ​មូលហេតុ​ឧស្សាហ៍​ជួប​ប្រទះ មាន​ដូច​ជា៖

– រលាក​ប្រព័ន្ធ​ទឹកមូត្រ

– រលាក​សួត

– រលាក​តម្រង​នោម

– រលាក​តំបន់​ពោះ

បាក់តេរី​ចម្លង​ទាំង​នេះ អាច​ចូល​ទៅ​ក្នុង​ចរន្ត​ឈាម និង​បំបែក​ខ្លួន​យ៉ាង​រហ័ស ដើម្បី​បង្ក​ជា​រោគ​សញ្ញា​ភ្លាមៗ។

អត្ថបទ​ពាក់ព័ន្ធ៖

កត្ដាប្រឈម

៦- កត្តា​ប្រឈម​ឆ្លង​មេរោគ​ក្នុង​ឈាម​មាន​អ្វី​ខ្លះ?

កត្តា​ប្រឈម​ឲ្យ​កើត​មាន​ជំងឺ​ឆ្លង​មេរោគ​ក្នុង​ឈាម មាន​ដូច​ជា៖

– របួស​ធ្ងន់ធ្ងរ ឬ​ការ​រលាក​ស្បែក

– អាយុ​ក្មេង​ពេក ឬ​ចាស់​ពេក

– ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ ដោយសារ​មាន​ផ្ទុក​មេរោគ​អេដស៍ ឬ​ជំងឺ​មហារីក​ឈាម

– ការ​សុង​នោម ឬ​ចាក់​សេរ៉ូម

– ការ​ដាក់​ម៉ាស៊ីន​ជំនួយ​ដង្ហើម

– វិធី​ព្យាបាល​ធ្វើ​ឱ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ ដូចជា ការ​ចាក់​ថ្នាំ​គីមី​ព្យាបាល​ជំងឺ​មហារីក ឬ​ការ​ចាក់​ថ្នាំ steroid។

អ្នកជំងឺ​សម្រាក​ព្យាបាល​នៅ​ពេទ្យ ងាយ​នឹង​ឆ្លង​បាក់តេរី​ពី​មន្ទីរពេទ្យ ហើយ​ច្រើន​តែ​ធ្ងន់​ធ្ងរ ព្រោះ​បាក់​តេរី​នៅ​មន្ទីរពេទ្យ​ច្រើន​ស៊ាំ​នឹង​ថ្នាំ​ផ្សះ (Antibiotics)។

រោគវិនិច្ឆ័យ និងការព្យាបាល

ព័ត៌មាន​នេះ មិន​អាច​យក​ទៅ​ប្រើប្រាស់​គ្រប់​ប្រភេទ​ជំងឺ​បាន​ទេ។ គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ​សម្រាប់​ព័ត៌មាន​បន្ថែម។

៧- គួរ​ធ្វើ​រោគ​វិនិច្ឆ័យ​ដោយ​វិធី​ណា?

ការ​ធ្វើ​រោគ​វិនិច្ឆ័យ​ជំងឺ​​ឆ្លង​មេរោគ​ក្នុង​ឈាម មាន​ការ​ពិបាក​សម្រាប់​គ្រូពេទ្យ​ក្នុង​ការ​រក​មូលហេតុ​នៃ​ការ​ឆ្លង។ គ្រូពេទ្យ​ត្រូវ​វាយ​តម្លៃ​ពី​រោគ​សញ្ញា ប្រវត្តិ​ជំងឺ វាស់​សម្ពាធ​ឈាម និង​កម្ដៅ​រាងកាយ។ ពេទ្យ​នឹង​ពិនិត្យ​រក​សញ្ញា​ជំងឺ​ដែល​កើត​មាន​ញឹកញាប់​ក្នុង​ពេល​ឆ្លង​មេរោគ​ក្នុង​ឈាម ដូចជា ជំងឺ​រលាក​សួត រលាក​ស្រោម​ខួរក្បាល និង​រលាក​កោសិកា។

ដើម្បី​រក​ប្រភេទ​មេរោគ​ដែល​ឆ្លង ពេទ្យ​អាច​ពិនិត្យ​សារធាតុ​រាវ​ដូចជា៖

– ទឹកនោម

– ទឹក​រងៃ​ចេញ​ពី​របួស និង​ស្បែក

– កំហាក

– ឈាម។

ពេទ្យ​អាច​ពិនិត្យ​គោលិកា​ឈាម ប្លាកែត និង​ភ្នាក់ងារ​បង្កក​ឈាម។ ករណី​ពិបាក​ដក​ដង្ហើម គ្រូពេទ្យ​នឹង​ពិនិត្យ​រក​កម្រិត​អុកស៊ីហ្សែន និង​កាបូន​ឌីអុកស៊ីត​ក្នុង​ឈាម។ បើ​សញ្ញា​មិន​ច្បាស់​លាស់ គ្រូពេទ្យ​អាច​ទាមទារ​ពិនិត្យ​មើល៖

– កាំរស្មីអ៊ិច

– ស្កែន MRI

– ស្កេន CT

– អេកូសាស្ត្រ

៨- ព្យាបាល​ដោយ​វិធី​ណា?

ជំងឺ​ឆ្លង​មេរោគ​ក្នុង​ឈាម ប៉ះពាល់​ដល់​សរីរាង្គ ឬ​តួ​នាទី​ជាលិកា ត្រូវ​ការ​ព្យាបាល​ជា​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ។ អ្នក​ជំងឺ​ជា​ច្រើន ត្រូវ​សម្រាក​ព្យាបាល​នៅ​កន្លែង​សង្គ្រោះ​បន្ទាន់ រហូត​ដល់​ជា​សះ​ស្បើយ។

ការ​ព្យាបាល​អាស្រ័យ​លើ​កត្តា​មួយ​ចំនួន​ដូចជា៖

– កត្តា​អាយុ

– ស្ថានភាព​សុខភាព

– ការ​វិវត្ត​របស់​ជំងឺ

– ភាព​ស៊ាំ​នឹង​ថ្នាំ​មួយ​ចំនួន

ថ្នាំ​ផ្សះទាម​ទារ​ប្រើ​ប្រាស់​ឲ្យ​ត្រូវ​នឹង​បាក់តេរី​បង្ក​ជំងឺ ប៉ុន្តែ​យើង​មិន​ត្រូវ​រង់ចាំ​រហូត​ដល់​ចេញ​លទ្ធផល​ពី​មេរោគ​បង្ក​នោះ​ទេ។ ការ​ព្យាបាល​ជំហាន​ដំបូង ត្រូវ​ប្រើ​ថ្នាំ​ផ្សះ អាច​សម្លាប់​បាក់តេរី​បាន​ច្រើន​ប្រភេទ។ បន្ទាប់​ពី​ស្គាល់​អត្ត​សញ្ញាណ​បាក់តេរី​បង្ក ពេទ្យ​អាច​ប្ដូរ​ប្រភេទ​ថ្នាំ​ផ្សះ ដើម្បី​ឲ្យ​ត្រូវ​នឹង​បាក់តេរី​នោះ។

ការ​បញ្ចូល​សេរ៉ូម និង​ចាក់​ថ្នាំ​តាម​សរសៃ​ឈាម នឹង​ធ្វើ​ឡើង​ដើម្បី​ទ្រទ្រង់​សម្ពាធ​ឈាម ឬ​ការពារ​កំណក​ឈាម។ ក្នុង​ករណី​ចាំបាច់ ពេទ្យ​ត្រូវ​ដាក់​អុកស៊ីហ្សែន ដើម្បី​ជំនួយ​ការ​ដក​ដង្ហើម។

ផ្លាស់​ប្តូរទម្លាប់រស់នៅ

៩- ទម្លាប់រស់នៅ

ផ្លាស់ប្តូរ​ទម្លាប់​រស់​នៅ និង​វិធី​ព្យាបាល​នៅ​ផ្ទះ អាច​ជួយ​បង្ការ និង​គ្រប់គ្រង​ស្ថានភាព​ជំងឺ​បាន​ដូច​ជា៖

– ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​ជា​បន្ទាន់ បើ​សិន​អ្នក​មាន​រោគ​សញ្ញា​ឆ្លង​មេរោគ​ក្នុង​ឈាម។ ការ​ប្រើ​ថ្នាំ​ផ្សះ​ទាន់​ពេល​វេលា​អាច​ជួយ​បង្ការ​ ករណី​រាលដាល​បាក់តេរី​ចូល​ទៅ​ក្នុង​ចរន្ត​ឈាម។

– ប៉ា​ម៉ាក់ អាច​ជួយ​បង្ការ​កូនៗ​ពី​ការ​ឆ្លង​មេរោគ​ក្នុង​ឈាម តាម​រយៈ​ការ​ចាក់​វ៉ាក់សាំង​ឲ្យ​បាន​ត្រឹមត្រូវ​តាម​កាល​កំណត់

បើ​សិន​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ ត្រូវ​អនុវត្ត​ដូច​ខាង​ក្រោម៖

– ហាម​ជក់​បារី

– ហាម​ប្រើ​ថ្នាំ​ញៀន

– មាន​របប​អាហារ​សុខភាព

– ត្រូវ​ហាត់​ប្រាណ

– លាង​សម្អាត​ដៃ​ជា​ប្រចាំ

– នៅ​ឲ្យឆ្ងាយ​ពី​អ្នក​ជំងឺ។

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​បញ្ហា​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Groupមិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-heart-rate]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Septicemia. https://www.healthline.com/health/septicemia. Accessed August 2, 2018.

Septicemia. https://www.britannica.com/science/septicemia. Accessed August 2, 2018.

កំណែ​ប្រែបច្ចុប្បន្ន

02/07/2019

អត្ថបទ​ដោយ KEO Seng ratha

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Ly Sophat


អត្ថបទពាក់ព័ន្ធ

ក្រុមអ្នកស្រាវជ្រាវថា ផឹកស្រាតិចតួចទៅមធ្យមផ្តល់ផលល្អដល់សុខភាពបេះដូង

បើមិនចង់គាំងបេះដូងពេលហាត់ប្រាណទេនោះ គួរជៀសវាងកំហុសឆ្គងទាំងនេះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ KEO Seng ratha · កែ Jul 02, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម