លើសឈាម មិនមែនជាជំងឺសម្រាប់តែចាស់ៗទេ វ័យខ្ទង់ ២០-៣០ ឆ្នាំ បើមិនចេះប្រយ័ត្នប្រយែង អាចលើសឈាមគ្រប់ពេល។ យ៉ាងណា បើមានជំងឺរាំរ៉ៃនេះ ជាប់ខ្លួនទៅហើយ ត្រូវប្រើថ្នាំដើម្បីបង្ការកុំឲ្យធ្ងន់ធ្ងរ ព្រោះអាចប៉ះពាល់គ្រប់សរីរាង្គទាំងអស់ក្នុងរាងកាយ។ ប៉ុន្តែការប្រើថ្នាំលើសឈាម ក៏អាចមានផលរំខានសុខភាពជាច្រើនដូចខាងក្រោម៖
១- ថ្នាំបញ្ចុះទឹកនោម (Diuretics)
ថ្នាំបញ្ចុះទឹកនោម (Diuretics) អាចនឹងបង្កផលរំខានដូចជា៖
– នោមញឹកជាងធម្មតា ព្រោះថ្នាំនេះអាចជួយបញ្ចុះសម្ពាធឈាម តាមរយៈការបន្ថយបរិមាណជាតិទឹកនៅក្នុងខ្លួន ហេតុនេះ យើងនឹងត្រូវទៅបន្ទប់ទឹកញឹកជាងធម្មតា។
– ថ្នាំបញ្ចុះទឹកនោមខ្លះ ធ្វើឲ្យថយចុះបរិមាណជាតិប៉ូតាស្យូម ដែលអាចបង្កឲ្យមានរោគសញ្ញាខ្សោយអស់កម្លាំង ឬរមួលក្រពើ ។ គ្នាយើង ឬម៉ាក់អ៊ំ មានជំងឺលើសឈាម ត្រូវញ៉ាំអាហារមានជាតិប៉ូតាស្យូមឲ្យបានច្រើន ដើម្បីចៀសវាងការបាត់បង់សារធាតុនេះ។
– ប្រើថ្នាំបញ្ចុះទឹកនោមរយៈពេលយូរ អាចមានបញ្ហាជំងឺប្រគ្រីវ (Gout attack)។ ទោះយ៉ាងនេះក្ដី បញ្ហានេះមិនសូវកើតមានញឹកញាប់ទេ ហើយគ្រូពេទ្យ អាចគ្រប់គ្រងស្ថានការណ៍បាន។
– អ្នកទឹកនោមផ្អែម ហើយប្រើថ្នាំបញ្ចុះទឹកនោម អាចធ្វើឲ្យកម្រិតជាតិស្ករក្នុងឈាមកើនឡើង។ យ៉ាងណា ករណីជាច្រើនអាចគ្រប់គ្រងបាន ដោយគ្រាន់តែគ្រប់គ្រងរបបអាហារឲ្យបានត្រឹមត្រូវ ប្រើថ្នាំ ឬកែប្រែកម្រិតថ្នាំឡើងវិញ។
– ប្រុសៗមួយចំនួន អាចមានបញ្ហាលិង្គមិនឡើងរឹង (Erection problem) ដោយសារតែប្រើថ្នាំបញ្ចុះទឹកនោមនេះ។
២- ពពួកថ្នាំ Beta blockers
គ្រោះថ្នាក់ និងផលរំខាននៃការប្រើពពួកថ្នាំ Beta blockers រួមមាន៖
– ត្រជាក់ដៃជើង ខណៈរោគសញ្ញាទាំងនេះ ងាយកើតមានណាស់
– រោគសញ្ញាជំងឺហឺត ដូចជា ក្អក ដកដង្ហើមឮសូរ ឈឺទ្រូង ណែនទ្រូង (Chest pressure) ឬដកដង្ហើមខ្លីៗ
– បាក់ទឹកចិត្ត និងហត់នឿយខ្លាំង
– បញ្ហាគេង ដូចជា ពិបាកគេងឲ្យបានស្កប់ស្កល់
– ប្រុសៗខ្លះ មានបញ្ហាលិង្គមិនឡើងរឹង
– ស្រីៗមានផ្ទៃពោះ គួរពិគ្រោះជាមួយគ្រូពេទ្យសិន មុននឹងប្រើថ្នាំនេះ។
៣- ពពួកថ្នាំ ACE inhibitors
គ្រោះថ្នាក់ និងផលរំខាននៃការប្រើថ្នាំ ACE inhibitors រួមមាន៖
– ក្អកស្ងួតរ៉ាំរ៉ៃ
– រមាស់ស្បែក
– ករណីខ្លះ អាចប៉ះពាល់តម្រងនោម
– បាត់បង់រសជាតិ នាំឲ្យគ្នាយើងមានជំងឺលើសឈាម មិនចង់ញ៉ាំអាហារធ្លាប់ចូលចិត្ត និងមិនចង់ញ៉ាំអ្វីទាំងអស់។
៤- ពពួកថ្នាំ Angiotensin II receptor blockers (ARBs)
ថ្នាំនេះ អាចធ្វើឲ្យវិលមុខ ហើយចំពោះស្រីៗមានផ្ទៃពោះ មិនគួរប្រើថ្នាំនេះទេ ដូចនេះ គួរពិគ្រោះជាមួយគ្រូពេទ្យសិន។
៥- ពពួកថ្នាំ Calcium Channel blockers
គ្រោះថ្នាក់ និងផលរំខាននៃការប្រើថ្នាំនេះរួមមាន៖
-ទល់លាមក
-ហើមកំភួនជើង
-ឈឺក្បាល
-បេះដូងលោតមិនប្រក្រតី
-វិលមុខ
៦- ពពួកថ្នាំ Alpha Blockers
គ្រោះថ្នាក់ និងផលរំខានប្រើថ្នាំនេះរួមមាន៖
– ចង្វាក់បេះដូងលោតញាប់
– វិលមុខ ខ្សោយកម្លាំង
– អារម្មណ៍ស្រាលក្បាល ពេលក្រោកឈរឡើងភ្លាមៗ។
៧- ពពួកថ្នាំ Alpha-beta Blockers
ពពួកថ្នាំ Alpha-beta Blockers ជាប្រភេទថ្នាំចាក់តាមសរសៃ ពេទ្យច្រើនប្រើថ្នាំនេះ ដើម្បីពន្យឺតចង្វាក់បេះដូង។ ថ្នាំនេះអាចធ្វើឲ្យសម្ពាធឈាមធ្លាក់ចុះភ្លាមៗ ហើយពេលយើងក្រោកឡើង នាំឲ្យវិលមុខ និងមានអារម្មណ៍ស្រាលក្បាល។
៨- ពពួកថ្នាំ Alpha-2 receptor agonists
ថ្នាំនេះ អាចនាំឲ្យវិលមុខ និងងងុយគេង។
៩- ពពួកថ្នាំ Central agonists
ក្រុមថ្នាំនេះ ជួយសម្រួលសរសៃឈាម ធ្វើឲ្យសម្ពាធឈាមធ្លាក់ចុះ។ យ៉ាងណា វាក៏អាចធ្វើឲ្យសម្ពាធឈាមធ្លាក់ចុះខ្លាំងពេលក្រោកឈរ ឬដើរ ធ្វើឲ្យយើងខ្សោយ ឬសន្លប់ភ្លាមៗ បើសម្ពាធឈាមធ្លាក់ចុះទាបពេក។
ផលរំខានផ្សេងទៀត រួមមាន ស្ងួតមាត់ គ្រុនក្ដៅ ងងុយគេង ទល់លាមក វិលមុខ មានអារម្មណ៍ស្រាលក្បាល ឬបាត់បង់សមត្ថភាពផ្លូវភេទចំពោះប្រុសៗមានជំងឺលើសឈាម។
អត្ថបទពាក់ព័ន្ធ៖
- លើសឈាមពេលពពោះ គ្រោះថ្នាក់ខ្លាំង! នេះជាវិធីបង្ការ និងតាមដាន
- មើលឲ្យហើយអ្នកចូលចិត្តញ៉ាំប្រៃ អាចមានគ្រោះថ្នាក់ធំពីរយ៉ាង
១០- ពពួកថ្នាំ Pereipheral Adrenergic inhibitors
ពពួកថ្នាំនេះ អាចបណ្ដាលឲ្យរាក ក្រហាយទ្រូង តឹងច្រមុះ ខ្សោយកម្លាំង និងមានអារម្មណ៍ស្រាលក្បាល ពិសេសពេលក្រោកពីដំណេក នៅពេលព្រឹក។ បើធ្លាប់មាន សុបិនអាក្រក់ ឬបញ្ហាដំណេកជាញឹកញាប់ សូមពិគ្រោះជាមួយគ្រូពេទ្យ។
១១- ពពួកថ្នាំពង្រីកសរសៃឈាម (Vasodilators)
ថ្នាំនេះ ជួយសម្រួលបន្ធូរសរសៃឈាម ប៉ុន្តែវាអាចបណ្ដាលឲ្យហើមជុំវិញភ្នែក ឈឺក្បាល ចង្វាក់បេះដូងលោតខុសប្រក្រតី និងបណ្ដាលឲ្យសក់ដុះច្រើនជ្រុល។
ថ្នាំទាំងអស់ សុទ្ធតែមានផលរំខាន ហើយថ្នាំលើសឈាមក៏មានដូចគ្នា។ ទោះយ៉ាងនេះក្ដី ផលប្រយោជន៍របស់ថ្នាំ គឺមានសារៈសំខាន់ជាងហានិភ័យ បើសិនមានបញ្ហាជាមួយផលរំខាន ឬសម្គាល់ឃើញមានរោគសញ្ញាធ្ងន់ធ្ងរអ្វីមួយ សូមទៅជួបគ្រូពេទ្យឲ្យលឿនបំផុត។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបលផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-heart-rate]