ការខូចចិត្តញឹកញាប់ អាចធ្វើឲ្យខួរក្បាលរបស់យើងស្រ្តេស ដែលជាហេតុបណ្ដាលឲ្យកើតអាការៈស្រដៀងនឹងការគាំងបេះដូង ប៉ុន្តែការពិតទៅ វាមិនមានពាក់ព័ន្ធនឹងបេះដូងឡើយ។ អាការៈឈឺទ្រូង ព្រមជាមួយនឹងការដកដង្ហើមខ្លីៗ អាចបណ្ដាលមកពីជំងឺខូចចិត្ត។ ពិតណាស់ ការបាត់បង់មនុស្សជាទីស្រលាញ់ ឬបាត់បង់ការងារ អាចនាំឲ្យកើតជំងឺនេះ ដែលអាចបង្កជាគ្រោះថ្នាក់ដល់អាយុជីវិតរបស់យើងថែមទៀតផង។
ជំងឺខូចចិត្តកើតឡើងចំពោះស្ត្រីច្រើនជាងបុរស?
ជាទូទៅ ជំងឺនេះច្រើនតែកើតឡើងចំពោះស្ត្រី និងកើតឡើងចំពោះបុរសត្រឹមតែ១០%ប៉ុណ្ណោះ។ យោងតាមការស្រាវជ្រាវពីមន្ទីរពេទ្យឯកទេសទូទៅMassachusettsបានបង្ហាញថា ការកើនឡើងខ្ពស់នៃសកម្មភាពខួរក្បាល ដែលបណ្ដាលមកពីហេតុការណ៍ស្រ្តេស មានទំនាក់ទំនងនឹងហានិភ័យនៃការកើតជំងឺខូចចិត្តនេះ។
សកម្មភាពកោសិកាសរសៃប្រសាទនៅក្នុងអាមីដាល់បង្កជាជំងឺនេះឡើង
ការកើនឡើងនៃសកម្មភាពសរសៃប្រសាទ ដែលទាក់ទងនឹងស្រ្តេសនៅក្នុងអាមីដាល់ (amygdala) ដើរតួនាទីសំខាន់ក្នុងការវិវដ្ដនៃជំងឺនេះ។ អាមីដាល់ជាផ្នែកនៃខួរក្បាលដែលគ្រប់គ្រងអារម្មណ៍ ការលើកទឹកចិត្ត ការរៀនសូត្រ និងការចងចាំ។ វាថែមទាំងពាក់ព័ន្ធនឹងការគ្រប់គ្រងប្រព័ន្ធសរសៃប្រសាទស្វ័យប្រវត្តិ និងបញ្ជាមុខងារបេះដូងថែមទៀតផង ហើយជំងឺខូចចិត្តនេះបានកំណត់ដោយការចុះខ្សោយភ្លាមៗនៃសាច់ដុំបេះដូង និងបង្កឡើងដោយភាពតានតឹងខាងអារម្មណ៍ធ្ងន់ធ្ងរ ដូចជាការសោកសៅ ខឹង ឬភាពភ័យខ្លាច ឬប្រតិកម្មខ្លាំងចំពោះហេតុការណ៍ណាមួយ។
ភាពខុសគ្នារវាងជំងឺបេះដូង និងជំងឺខូចចិត្ត
រោគសញ្ញានៃជំងឺទាំងពីរអាចមានភាពប្រហាក់ប្រហែលគ្នា។ ជំងឺគាំងបេះដូងច្រើនតែកើតឡើងបណ្ដាលមកពីការស្ទះសរសៃឈាម ចំណែកឯជំងឺខូចចិត្តធ្វើឲ្យបេះដូងមិនអាចបូមឈាមបានត្រឹមត្រូវ ដោយបង្កជារោគសញ្ញាផ្សេងៗដែលយើងជួបប្រទះ នៅពេលដែលយើងកើតមានអាការៈគាំងបេះដូង។
ផលវិបាកនៃជំងឺខូចចិត្ត
ទោះបីជាជំងឺនេះមិនសូវធ្ងន់ធ្ងរក៏ពិតមែន ប៉ុន្តែវាក៏អាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតរបស់យើងដូចគ្នា ពីព្រោះយើងអាចប្រឈមនឹងការខូចប្រឹសបេះដូងឬខ្សោយបេះដូង។ លើសពីនេះ វាក៏អាចរំខានដល់ចង្វាក់បេះដូង និងបណ្ដាលឲ្យសម្ពាធឈាមទាប។ ពេលខ្លះ ជំងឺនេះក៏អាចបណ្ដាលឲ្យមានទឹកច្រាលចូលទៅក្នុងសួតរបស់យើងផងដែរ។ យ៉ាងណាមិញ អ្នកជំងឺភាគច្រើនអាចជាសះស្បើយទាំងស្រុងពីជំងឺនេះ និងមិនមានបង្កជាផលវិបាកផ្សេងទៀតឡើយ។
[embed-health-tool-heart-rate]