backup og meta

នោមញឹកអាចមកពី​​ផឹកទឹកច្រើន តែក៏អាចមកពី​បញ្ហាផ្សេងដែរ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Nov 12, 2020

    នោមញឹកអាចមកពី​​ផឹកទឹកច្រើន តែក៏អាចមកពី​បញ្ហាផ្សេងដែរ

    ការ​ទៅ​នោម​ញឹក​ញាប់​អាច​មក​ពី​យើង​ផឹក​ទឹក ឬ​ភេសជ្ជៈ​ផ្សេងៗ​ច្រើន​ក្នុង​មួយ​ថ្ងៃ។ យ៉ាង​ណា​ក៏​មាន​មូល​ហេតុ​ផ្សេងៗ​មួយ​ចំនួន​ទៀត​ដែរ នាំ​ឲ្យ​យើង​ចេះ​តែ​ចង់​ទៅ​បន្ទប់​ទឹក។ ជា​ធម្មតា​ យើង​អាច​បត់ជើង​តូច​ប្រហែល​ប្រាំបី​ដង​ក្នុង​មួយ​ថ្ងៃ​ រាប់​ពី​ពេល​យើង​ភ្ញាក់​ពី​គេង ដល់​ពេល​យើង​ចូល​គេង​វិញ​។

    បើ​គ្នា​យើង​ផឹក​ទឹក​តិច​ជាង​ពី​រលីត្រ​ក្នុង​មួយ​ថ្ងៃ​ យើងអាច​បត់ជើង​តូច​តិច​ជាង​ប្រាំបី​ដង ឬ​ត្រឹម​បួន​ដង​​ក្នុង​មួយ​ថ្ងៃ ដែល​ការណ៍​នេះ​អាច​ថា​យើង​ខ្វះ​ជាតិ​ទឹក​ក្នុង​ខ្លួន​ហើយ។ ដូច​គ្នា​ដែរ​បើ​យើង​ផឹក​ទឹ​ក​គ្រប់​គ្រាន់ យើង​ទំនងជា​អាច​ត្រូវ​បត់ជើង​តូច​ប្រហែលជា​ប្រាំ​បីដង​ក្នុង​មួយ​ថ្ងៃ ឬ​អាច​លើស​នេះ​ដែរ​បើ​យើង​ផឹក​ភេសជ្ជៈ​ផ្សេងៗ​ថែម​ទៀត​។

    ចុះ​បើ​យើង​បត់​ជើង​ច្រើន​ជាង​ប្រាំ​បី​ដង​ក្នុង​មួយ​ថ្ងៃ អាច​មកពី​កត្តា​ផ្សេង​ទៀត​ទេ?

    . ផឹក​ជាតិ​កាហ្វេ​អ៊ីន​ច្រើន​ពេក​

    ជាតិ​កាហ្វេ​អ៊ីន​មាន​នៅ​ក្នុង​កាហ្វេ តែ និង​ភេសជ្ជៈ​ផ្អែម​មួយ​ចំនួន​ទៀត ដែល​សុទ្ធ​តែ​អាច​ធ្វើ​ឲ្យ​យើង​បត់​ជើង​តូច​​ញឹក​ញាប់។

    ការ​សិក្សា​មួយ​ធ្វើ​ឡើង​កាល​ពី​ឆ្នាំ​២០១៣ បាន​រក​ឃើញ​ថា​ ស្រ្តី​ដែល​ផឹក​កាហ្វេ​បី​ពែង​ ឬច្រើន​ជាង​នេះ​​ក្នុង​មួយ​ថ្ងៃ មាន​ប្រហែលជា​៧០​ភាគរយ​នៃ​អ្នក​ចូល​រួម​ការ​សិក្សា​មាន​អាការៈ​បត់​ជើង​តូច​ញឹក​ញាប់​ជាង​អ្នក​ដែល​មិន​ផឹក​ច្រើន​បែប​នេះ​។

    ដូច​នេះ​ហើយ​ បើ​យើង​សង្កេត​ឃើញ​ថា​ពេល​ផឹក​កាហ្វេ​ច្រើន​នាំ​ឲ្យ​យើង​ចង់​បត់​ជើង​តូច​ញឹក​ញាប់ យើង​គួរ​បន្ថយ​បរិមាណ​កាហ្វេ​ដែល​ត្រូវ​ផឹក​ប្រចាំ​ថ្ងៃ​ហើយ​។​ ក្រៅពី​កាហ្វេ មាន​ស្រាបៀរ និង​ស្រា ក៏​ជា​ហេតុ​ធ្វើ​ឲ្យ​យើង​នោ​ម​ញឹក​ផង​ដែរ​។​

    នោម

    . ឆ្លង​រោគ​នៅ​ផ្លូវ​ទឹក​នោម​

    ការ​ឆ្លង​រោគ​នៅ​ផ្លូវ​ទឹក​នោម​ គឺ​មាន​ការ​ឈឺ​ចាប់ ហើយ​វា​បង្ក​ដោយ​បាក់តេរី​ឆ្លង​ចូល​ទៅ​ក្នុង​ប្លោក​នោម​របស់​យើង​។ បើ​យើង​មាន​បញ្ហា​នេះ យើង​នឹង​ចង់តែ​ទៅ​នោម ទោះ​ទើប​តែ​នោម​ហើយ​ក៏​ដោយ ហើយ​ពេល​ខ្លះ​យើង​អាច​មាន​អារម្មណ៍​ថា​ក្រហាយ​ពេល​នោម​ទៀត​ផង​។ បើ​មាន​អាការៈ​បែប​នេះ​គ្នា​យើង​គួរ​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ហើយ។​

    . សាច់​ដុំ​អាង​ត្រគាក​ខ្សោយ​

    សាច់​ដុំ​អាង​ត្រគាក​របស់​យើង​ជួយ​ទ្រ​ទ្រង់​សរីរាង្គ​ប្រ​ព័ន្ធ​ទឹកនោម​ជាច្រើន​ រួម​ទាំង​ប្លោក​នោម​ផង​ដែរ។ ប៉ុន្តែ​ បើ​សាច់​ដុំ​នេះ​ចុះ​ខ្សោយ អាច​ធ្វើ​ឲ្យ​សរីរាង្គ​ខ្លះ​ភ្លាត់​ចេញ​ពី​កន្លែង​ដើម​បន្តិច​ ហើយ​នាំ​ឲ្យ​យើង​ត្រូវ​បត់ជើង​តូច​ញឹក​ញាប់។ ការ​ភ្លាត់​ចេញ​នេះ​អាច​មក​ពី​កត្តា​ច្រើន​យ៉ាង ដូច​ជា​យើង​សម្រាល​កូន​តាម​ធម្មជាតិ ក៏​ដូច​ជា​វ័យ​កាន់​តែ​ច្រើន​ជា​ដើម​។​

    . ប្លោក​នោម​ធ្វើការ​ខ្លាំង​ពេក

    ស្រ្តី​ប្រ​ហែល​១៥​ភាគ​រយ​អាច​មាន​បញ្ហា​ផ្លោក​នោម​ធ្វើ​ការ​ខ្លាំង​ពេក ដែល​ការណ៍​នេះ​​នាំ​ឲ្យ​ស្រី​​ៗ​ត្រូវ​ទៅ​បត់ជើង​តូច​ញឹក​ញាប់។ បញ្ហា​នេះ​អាច​កើត​មាន​លើ​ស្រ្តី​គ្រប់​វ័យ តែ​វា​ទំនងជា​កើត​មាន​ច្រើន​លើ​ស្រ្តី​វ័យ​ចំណាស់ និង​ក្រោយ​ពេល​អស់​រដូវ ដោយ​សារ​ជាលិកា​ផ្លោក​នោម​មាន​ការ​រំខាន ព្រោះ​ខ្វះ​អ័រម៉ូន​អឺស្រ្តូហ្សែន​។

    ពេលណា​ត្រូវ​ទៅ​ជួប​ពេទ្យ?

    ប្រសិន​បើ​យើង​ឃើញ​ថា ក្រោយ​ពី​កាត់​បន្ថយ​ការ​ញ៉ាំ​កាហ្វេ​ហើយ យើង​នៅ​តែ​ចង់​ទៅ​នោម​ញឹក​ញាប់​ទៀត យើង​គួរ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ក្រែង​មាន​ជំងឺ​ប្រចាំ​កាយ​ណាមួយ​។

    ដូច​គ្នា​ដែរ បើ​យើង​មាន​ការ​ឈឺ​ចាប់​ពេល​បត់ជើង​តូច មាន​ឈាម ឬ​មាន​ល្បាយ​សៗ​ដូច​ពពក ឈឺ​ខ្នង ក្ដៅ​ខ្លួន ចង្អោរ ឬ​ក៏​មាន​​ធ្លាក់​ស ត្រូវ​ប្រញាប់​ទៅ​កាន់​មន្ទីរ​ពេទ្យ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Nov 12, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម