backup og meta

នោមមានឈាម អាចមកពីមូលហេតុនៃជំងឺទាំងនេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Jul 26, 2021

    នោមមានឈាម អាចមកពីមូលហេតុនៃជំងឺទាំងនេះ

    ពេល​នោម​មាន​ឈាម គ្នា​យើង​ពិត​ជា​មាន​កង្វល់​មិន​ខាន ដោយ​គិត​ថា​អាច​ជា​បញ្ហា​សុខ​ភាព​ធ្ងន់​ធ្ងរ​ណា​មួយ​កើត​ឡើង​។ ករណី​​ជា​ច្រើន​ការ​នោម​មាន​ឈាម​នេះ មិន​បង្ក​ជា​គ្រោះ​ថ្នាក់​អ្វី​ធ្ងន់​ធ្ងរ​នោះ​ទេ ប៉ុន្តែ​ក៏​មាន​ករណី​មួយ​ចំនួន​អាច​បង្ហាញ​សញ្ញា​នៃ​បញ្ហា​សុខ​ភាព​ធ្ងន់​ធ្ងរ​។

    ឈាម​ក្នុង​ទឹក​នោម​អាច​កំណត់​បាន​ដោយ​ការ​មើល​ឃើញ​នឹង​ភ្នែក និង​ឈាម​ក្នុង​ទឹក​នោម​មួយ​ប្រភេទ​ទៀត​ទាល់តែ​មើល​ក្នុង​មីក្រូទស្សន៍​។ មិន​ថា​ឈាម​ក្នុង​ទឹក​នោម​មើល​ឃើញ ឬ​មើល​មិន​ឃើញ​នោះ​ទេ ការ​កំណត់​ពី​មូល​ហេតុ​ច្បាស់​លាស់​ជា​រឿង​ចាំបាច់​ ហើយ​ការ​ព្យាបាល​ផ្អែក​លើ​មូល​ហេតុ​បង្ក។​​

    ១. រោគសញ្ញា

    ក្នុង​ករណី​​ឈាម​ក្នុង​ទឹក​នោម​ដោយ​មិន​អាច​មើល​នឹង​ភ្នែក​ឃើញ​ វា​នឹង​ធ្វើ​ឲ្យ​យើង​ពិបាក​ដឹង​ពី​រោគ​សញ្ញា​ណាស់ ហើយ​មាន​តែ​ការពិនិត្យ​ដោយ​មីក្រូទស្សន៍។ ចំណែក​នោម​ឈាម​អាច​មើល​នឹង​ភ្នែក​ឃើញ យើង​នឹង​អាច​មើល​ដឹង​ថា​ទឹក​នោម​អាច​មាន​ពណ៌​ផ្កា​ឈូក ក្រហម ឬ​ត្នោត។ ពណ៌​ប្លែកៗ​របស់​ទឹក​នោម​នេះ អាច​បង្ក​ឡើង​ដោយ​ឈាម​ក្នុង​ទឹក​នោម។ បើ​សិន​ជា​យើង​អាច​មើល​ឃើញ​ឈាម​ក្នុង​ទឹក​នោម​ យើង​ក៏​អាច​មាន​បញ្ហា​កំណក​ឈាម​ក្នុង​ទឹក​នោម ដែល​អាច​ធ្វើ​ឲ្យ​មានការ​ឈឺ​ចាប់​ពេល​នោម​។

    បើ​សិន​ជា​យើង​សម្គាល់​ឃើញ​ពណ៌​ទឹក​នោ​ម​ខុស​ប្លែក​ពី​ធម្មតា ឬក៏​មាន​ការ​ឈឺ​ចាប់​ពេល​នោម នោះ​គួរ​តែ​ពិគ្រោះ​ជា​គ្រូពេទ្យ​។ គ្រូពេទ្យ​អាច​ធ្វើ​តេស្ត ដើម្បី​អាច​កំណត់​បាន​ពី​មូល​ហេតុ​បង្ក​ឲ្យ​មាន​ឈាម​ក្នុង​ទឹក​នោម ឬ​ឈឺ​ចាប់​ពេល​នោម​ និង​អាច​ទទួល​បាន​ការ​ព្យាបាល​ត្រឹម​ត្រូវ​។

    នោមឈាម

    ២. មូល​ហេតុ​

    នោម​មាន​ឈាម​កើត​ឡើង​នៅ​ពេល​តម្រង​នោម ឬ​ផ្នែក​ផ្សេង​ទៀត​នៃ​ប្រព័ន្ធ​ទឹក​នោម បង្ក​ឱកាស​ឲ្យ​កោសិកា​ឈាម​ជ្រាប​ចូល​ក្នុង​ទឹក​នោម។ បញ្ហា​សុខ​ភាព​មួយ​ចំនួន​អាច​បង្ក​ឲ្យ​មាន​រឿង​ទាំងនេះ​កើត​ឡើង៖​

    ឆ្លង​រោគ​ផ្លូវ​ទឹក​នោម​៖ បញ្ហា​នេះ​កើត​ឡើង​នៅ​ពេល​បាក់​តេរី​ចូល​ទៅ​ក្នុង​រាង​កាយ​តាម​រយៈ​ផ្លូវទឹក​នោម និង​បាន​បំបែក​ខ្លួន​កាន់​តែ​ច្រើន​នៅ​ក្នុង​ប្លោក​នោម​។ រោគ​សញ្ញា​មាន​ដូច​ជា​ នោម​ញឹក ឈឺ ក្ដៅ​ផ្សារ​ពេល​នោម និង​មាន​ក្លិន​ឈួល​ខ្លាំង​ផង​ដែរ​។

    សម្រាប់​មនុស្ស​មួយ​ចំនួន​ផ្សេង​ទៀត ពិសេស​មនុស្ស​វ័យ​ចំណាស់ រោគ​សញ្ញា​នៃ​ជំងឺ​អាច​មាន​តែ​គ្រាប់​ឈាម​ល្អិត​ៗ​នៅ​ក្នុង​ទឹក​នោម​តែ​ប៉ុណ្ណោះ​។

    ​ឆ្លង​រោគ​តម្រង​នោម​៖ បញ្ហា​នេះ​អាច​កើត​ឡើង​បាន​នៅ​ពេល​បាក់តេរី​ចូល​ទៅ​ក្នុង​តម្រង​នោម​តាម​រយៈ​​ចរន្ត​ឈាម ឬ​ចេញពី​ផ្លូវទឹក​នោម​ទៅ​កាន់​តម្រង​នោម​ម្ខាង​ ឬ​ទាំងពីរ​។ រោគ​សញ្ញា​អាច​មាន​ប្រហាក់​ប្រ​ហែល​នឹង​ការ​ឆ្លង​រោគ​ផ្លូវទឹក​នោម​ដែរ តែ​ការ​ឆ្លង​រោគ​នៅ​តម្រង​នោម​អាច​មាន​អាការៈ​ក្ដៅ​ខ្លួន និង​មិន​ស្រួល​នៅ​ពោះ​ផ្នែក​ខាង​លើ​។​

    ក្រួស​ក្នុង​តម្រង​នោម​៖ សារធាតុ​រ៉ែ​ជា​ច្រើន​នៅ​ក្នុង​ទឹក​នោម​ ហើយ​ពេល​ខ្លះ​ក៏​​ជា​គ្រីស្តាល់​នៅ​លើ​ជញ្ជាំង​តម្រង​នោម ឬ​ប្លោក​នោម​។ នៅ​ពេល​កាន់​យូរ គ្រីស្តាល់​ទាំងនេះ​អាច​ក្លាយ​ជា​ក្រួស​តូច​ៗ និង​រឹង​។

    ក្រួស​នៅ​តម្រង​នោម​​ជា​ធម្មតា​មិន​បង្ក​ការ​ឈឺ​ចាប់​ទេ ដរាប​ណា​វា​មិន​ទាន់​បង្ក​ការ​រាំងស្ទះ​ដល់​ការ​បញ្ចេញ​ទឹក​នោម និង​ចេញ​មក​ក្រៅ​តាម​ទឹក​នោម​។ ក្រួស​ក្នុង​តម្រង​នោម​អាច​បង្ក​ឲ្យ​មាន​ឈាម​ក្នុង​ទឹក​នោម​ដោយ​មើល​ឃើញ​នឹង​ភ្នែក ឬ​មើល​ឃើញ​តាម​មីក្រូទស្សន៍​។​

    ជំងឺ​មហារីក៖ នោម​មាន​ឈាម ដែល​យើង​អាច​មើល​ឃើញ​នឹង​ភ្នែក​បាន ក៏​អាច​ជា​រោគ​សញ្ញា​នៃ​ជំងឺ​មហារីក​តម្រង​នោម ប្លោក​នោម ឬ​​ក្រពេញ​ប្រូស្តាត​ដែរ​។​ នៅ​ដំណាក់​កាល​ដំបូង​ៗ​នៃ​ជំងឺ​មហារីក​ប្រភេទ​នេះ​ មិន​សូវ​មាន​ចេញ​រោគ​សញ្ញា​ទេ​ ​ខណៈ​ជំងឺ​នេះ​មាន​ឱកាស​ខ្ពស់​ក្នុង​ការ​ព្យាបាល​។

    ​ហាត់​ប្រាណ​ប្រើ​កម្លាំង​ខ្លាំង៖ ករណី​កម្រ​ខ្លះ ការ​ហាត់​ប្រាណ​ប្រើ​កម្លាំង​ខ្លាំង​ៗ​ក៏​អាច​បង្ក​ឲ្យ​មាន​ឈាម​ក្នុង​ទឹកនោម​ដែរ ខណៈ​មូល​ហេតុ​បង្ក​នៅ​មិន​ទា​ន់​ដឹង​ច្បាស់​នៅ​ឡើយ​។ ការណ៍​នេះ អាច​មកពី​ការ​មាន​របួស​នៅ​ប្លោក​នោម ខ្វះ​ជាតិ​ទឹក​ ឬ​បែក​កោសិកា​ឈាម​ក្រហម ដែល​កើត​ឡើង​ពី​ការ​ហាត់​ប្រាណ​។

    អ្នក​រត់​ប្រណាំង ច្រើន​ជួប​បញ្ហា​នេះ ច្រើន​ជាង​អ្នក​ផ្សេង​ទៀត​ បន្ទាប់ពី​អ្នក​ទាំងនោះ​ប្រើ​កម្លាំង​ខ្លាំង​ក្នុង​ការ​ហាត់​សម​។ យ៉ាងណា បើ​ឃើញ​មាន​ឈាម​ក្នុង​ទឹក​នោម មិន​គួរ​គិត​ថា​វា​បណ្ដាល​មកពី​ការ​ហាត់​ប្រាណ​តែមួយ​មុខ​នោះ​ទេ គួរ​តែ​ទៅ​ជួប​ពេទ្យ​ទើប​ជា​ការ​ប្រសើរ​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Jul 26, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម