ក្រួសក្នុងតម្រងនោម បង្កឡើងដោយសារធាតុគីមីជាច្រើនប្រមូលផ្ដុំគ្នា ហើយក្លាយទៅជាដុំក្រួសតូចៗស្ថិតនៅក្នុងតម្រងនោម។ វេជ្ជបណ្ឌិត លី ឫទ្ធីគុណ បានឲ្យដឹងថា ក្រួសក្នុងតម្រងនោម អាចមានពីតូចទៅធំ ហើយក្រួសធំៗអាចនឹងបិទជិតរន្ធបង្ហូរទឹកនោមដែលចេញពីតម្រងនោមទៅប្លោកនោម។
វេជ្ជបណ្ឌិតផ្នែកទូទៅបានឲ្យដឹងថា នៅពេលដែលយើងមានរោគសញ្ញាឈឺចុកចាប់ផ្នែកត្រង់ពោះ ខ្នង ឬក្រលៀន នេះជាសញ្ញាដំបូងបង្ហាញថាគ្រាប់ក្រួសចាប់ផ្ដើមធ្លាក់ និងជាប់ក្នុងបំពង់នោម ទើបបង្កជាការឈឺចាប់ក្នុងតម្រងនោមបែបនោះ។
មួយវិញទៀតយើងអាចមានអារម្មណ៍ក្ដៅខ្លួន ហើយពេលខ្លះកម្ដៅឡើងខ្លាំងតែម្ដង។ បន្ទាប់ពីនោះមកយើងអាចសង្កេតមើលទឹកនោម ប្រសិនបើលឿងខុសពីធម្មតា ហើយក្ដៅទៀតនោះ ក៏ជាសញ្ញាគ្រួស ហើយបើទោះជាមិនមែនគ្រួស ក៏ជាបញ្ហារលាកតម្រងនោមដែរ។ បើគ្រាប់ក្រួសនៅក្នុងបំពង់នោមពេលនោម វាមិនត្រឹមបង្កឲ្យឈឺចុកចាប់ខ្លាំងនោះទេ ថែមទាំងធ្វើឲ្យបរិមាណទឹកនោមថយចុះ ដោយសារគ្រាប់ក្រួសជាប់ស្ទះក្នុងបំពង់នោម និងពេលខ្លះទឹកនោមមានលាយឡំឈាមមកជាមួយ ឬទឹកនោមមានធុំក្លិនខ្លាំង។
ចំណុចមួយទៀតដែលយើងអាចគិតថាមានក្រួសក្នុងតម្រងនោម គឺចុះខ្សោយល្ហិតល្ហៃ ហើយរកកលចង់ក្អួត ព្រោះមុខងារតម្រងនោមខ្សោយទៅៗនៅពេលមានក្រួសចូលទៅក្នុងនោះ ធ្វើឲ្យសារធាតុពុលកើតឡើងលើរាងកាយ។
ចំពោះមូលហេតុវិញម្ចាស់ថែទាំមនុស្សចាស់តាមគេហដ្ឋានរូបនោះបញ្ជាក់ថា មកពីជាតិកាល់ស្យូមកើតឡើងច្រើន បង្កឲ្យកើតបានទៅជាក្រួសនៅក្នុងតម្រងនោម ឬការញ៉ាំអាហារច្រើន ហើយការប្រើប្រាស់ថ្នាំច្រើនពេក ជាពិសេសថ្នាំដែលមានជាតិកាល់ស្យូមក៏ជាមូលហេតុដែរ។ ចំណុចសំខាន់អាចមកពីយើងផឹកទឹកតិច។ ចំណែកបញ្ហាត្បៀតប្រព័ន្ធបង្ហូរទឹកនោម ក៏ជាហេតុធ្វើឲ្យដក់ទឹកនោមបណ្ដាលឲ្យកក ហើយក្លាយជាក្រួសក្នុងតម្រងនោមដូចគ្នា តែនោះគឺមានរយៈពេលយូរណាស់។
[embed-health-tool-bmi]