មុខងារចម្បងរបស់តម្រងនោម គឺចម្រោះឈាម ដូចនេះតម្រងនោមអាចរងផលប៉ះពាល់ដោយសារស្ថានភាពឈាម និងចំណុះរបស់ឈាម ហើយការខូចតម្រងនោមភាគច្រើន បណ្ដាលមកពីការខូចសរសៃឈាម នៅក្នុងតម្រងនោម។
វេជ្ជបណ្ឌិតផ្នែកទូទៅ លី ឫទ្ធីគុណ បានឲ្យដឹងថា ការថែរក្សាតម្រងនោមឲ្យល្អ គឺមិនពិបាកឡើយ តែបើឈឺហើយព្យាបាល នោះទើបជារឿងសែនពិបាក ហើយពេលខ្លះមិនអាចព្យាបាលបានថែមទៀតផង។ ដូចនេះបើសង្កេតឃើញរោគសញ្ញាមួយចំនួនដែលយើងមិនអើពើ និងគិតថាគ្មានបញ្ហា តែវាជាអាការៈតម្រងនោមមានបញ្ហាហើយ ទាមទារការពិគ្រោះជាមួយគ្រូពេទ្យជំនាញ។
១- ទឹកនោមឡើងពពុះ
បើដល់ដំណាក់កាលនោមមានបែកពពុះច្រើនហើយនោះ គឺជាសញ្ញាបញ្ជាក់យ៉ាងថា តម្រងនោមយើងកំពុងចុះខ្សោយ ដោយប្រញាប់ស្វែងរកការពិគ្រោះ និងព្យាបាលទាន់ពេលវេលា។ មិនត្រឹមតែពពុះប៉ុណ្ណោះទេ ទឹកនោមក៏ប្រែជាមានក្លិនឆ្អេះខ្លាំងខុសពីធម្មតា រឹតតែមិនគួរយឺតយ៉ាវដើម្បីដឹងពីសុខភាពតម្រងនោម។
២- ខ្សោយសាច់ដុំ
អតុល្យភាពអេឡិចត្រូលីត អាចបណ្ដួលមកពីមុខងារតម្រងនោមចុះទន់ខ្សោយដូចគ្នា។ ប្រសិនបើយើងមានការឈឺចាប់សាច់ដុំពេញមួយថ្ងៃរយៈពេលយូរមិនបាត់សោះ វាអាចជាសញ្ញាបញ្ហាតម្រងនោម។
៣- ហើមភ្នែក
បើតម្រងនោមបញ្ចេញជាតិប្រូតេអ៊ីនច្រើននៅក្នុងទឹកនោម នាំឲ្យភ្នែករបស់យើងអាចមានសភាពហើមខុសពីសព្វមួយដងទាំងមិនបានឈឺ ឬយំអ្វីសោះ។ បើសង្កេតឃើញខ្លួនឯងឧស្សាហ៍ជួបបញ្ហានេះគួរតែប្រញាប់ធ្វើតេស្តឈាម ឬពិនិត្យសុខភាពតម្រងនោមឲ្យបានច្បាស់លាស់ថាមានបញ្ហា ឬមានអ្វីមិនប្រក្រតីក្នុងរាងកាយ។
វេជ្ជបណ្ឌិតរូបនោះបញ្ជាក់ទៀតថា បើរោគសញ្ញានៃការខូចតម្រងនោមដំណាក់កាលចុងក្រោយវិញ ធ្វើឲ្យយើងវិលមុខ ក្អួត នោមតិច មិននោម នោមមិនចេញ ហើមប្រឡង់ភ្នែក ឬហើមកែងជើង។ ដូចនេះដើម្បីថែទាំតម្រងនោមឲ្យមានសុខភាពល្អ ត្រូវចៀសឆ្ងាយពីបារី បន្ថយញ៉ាំប្រៃ ផឹកទឹកឲ្យបានច្រើន គ្រប់គ្រង និងតាមដានជំងឺទឹកនោមផ្អែម ឬលើសឈាម ព្រមទាំងហាត់ប្រាណរក្សាទម្ងន់។
[embed-health-tool-bmi]