backup og meta

ទម្លាប់​សាមញ្ញ​ទាំង​៧​ បំផ្លាញ​តម្រង​នោម​ដោយ​មិន​ដឹង​ខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jul 12, 2021

    ទម្លាប់​សាមញ្ញ​ទាំង​៧​ បំផ្លាញ​តម្រង​នោម​ដោយ​មិន​ដឹង​ខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    តម្រង​នោម​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ធ្វើ​ឲ្យ​រាងកាយ​របស់​យើង​មាន​សុខភាព​ល្អ​ ដោយ​ជួយ​ផលិត​​កោសិកា​ឈាម​ក្រហម​​ គ្រប់គ្រង​សម្ពាធ​ឈាម​ បន្សាប​ជាតិ​ពុល​ក្នុង​សរីរាង្គ​ខាង​ក្នុង​ ​កម្ចាត់​ជាតិ​ទឹក​លើស និង​គ្រប់គ្រង​​កម្រិត​សារធាតុ​រ៉ែ​ចាំបាច់​ទាំង​អស់​នៅ​ក្នុង​ឈាម​។ ដូច្នេះ​ហើយ​ ទើប​ការ​ថែទាំ​តម្រង​នោម​​​ឲ្យ​មាន​សុខភាព​ល្អ​ និង​ជៀស​ផុត​ពី​ហានិភ័យ​នៃ​ជំងឺ​តម្រង​នោម​ គឺ​ជា​រឿង​ចាំបាច់​បំផុត​។ ទម្លាប់​សាមញ្ញ​​ទាំង​៧​នេះ អាច​បំផ្លាញ​តម្រង​នោម​​​របស់​យើង​ដោយ​មិន​ដឹង​ខ្លួន​។

    ១. ទប់​នោម​

    ​មិន​បញ្ចេញ​ទឹក​នោម​ឲ្យ​អស់​ពី​ប្លោក​នោម​ឲ្យ​ទាន់​ពេលវេលា​ គឺ​ជា​មូលហេតុ​ចម្បង​មួយ​នៃ​បញ្ហា​តម្រង​នោម​។ ប្រសិនបើ​យើង​ឧស្សាហ៍​ទប់​នោម​ បាក់តេរី​​នឹង​ចាប់ផ្ដើម​កើន​ឡើង​ទ្វេដង​។​ ចុង​ក្រោយ​ វា​អាច​បណ្ដាល​ឲ្យ​មាន​ផលវិបាក​ធ្ងន់ធ្ងរ​ ដូចជា​ការ​ឆ្លង​មេរោគ​ និង​ការ​នោម​ទាស់​ ។

    ​២. អង្គុយ​យូរ​ម៉ោង​

    ការ​ហាត់​ប្រាណ​ជា​ទៀងទាត់​ ​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​ និង​ការ​ធ្វើ​មេតា​ប៉ូលីស​គ្លុយកូស​កាន់​តែ​ប្រសើរ​ឡើង​ ដែល​​ជា​កត្តា​សំខាន់​ក្នុង​ការ​ថែទាំ​សុខភាព​តម្រង​នោម​។​ យ៉ាង​ណា​មិញ ការ​អង្គុយ​រយៈ​ពេល​យូរ​ដោយ​មិន​​ធ្វើ​ចលនា​ អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​តម្រង​នោម​រហូត​ដល់​៣០​%​។ ប្រសិនបើ​គ្នា​យើង​ចំណាយ​ពេល​៨​ម៉ោង​​​ក្នុង​ការ​អង្គុយ​ធ្វើ​ការងារ ចូរ​បញ្ចេញ​សកម្មភាព​ឲ្យ​បាន​ច្រើន​ពេល​នៅ​ផ្ទះ​ ដោយ​ហាត់​ប្រាណ​យ៉ាង​ហោច​ណាស់​២​ទៅ​៣​ដង​ក្នុង​មួយ​សប្ដាហ៍​។

    ៣. ហាត់​ប្រាណ​លើស​កម្រិត​

    ​ការ​ហាត់​ប្រាណ​លើស​កម្រិត​រយៈពេល​យូរ​ម៉ោង​​ក៏​អាច​បណ្ដាល​ឲ្យ​​បែក​សាច់​ដុំ​ ជា​ស្ថានភាព​ដែល​សាច់ដុំ​រង​របួស​ ហើយ​​បរិមាណ​​ជាតិ​សរសៃ​ងាប់​ហូរ​ចូល​ទៅ​ក្នុង​ចរន្ត​ឈាម​ ដែល​​អាច​បង្ក​ជា​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ រួម​ទាំង​ខ្សោយ​តម្រង​នោម​ផង​ដែរ​។ ដូច្នេះ​ហើយ​ ប្រសិនបើ​​គ្នា​យើង​បង្កើន​ការ​ហាត់​ប្រាណ​​ខ្លាំង​ក្លា និង​ជួប​ប្រទះ​បញ្ហា​ឈឺ​សាច់​ដុំ​ និង​មាន​ទឹក​នោម​ពណ៌​ខ្មៅ ចូរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ភ្លាម​ៗ​។

    ៤. ប្រើប្រាស់​ថ្នាំ​បំបាត់​ការ​ឈឺចាប់​ច្រើន​ជ្រុល​

    ជាមួយ​គ្នា​នេះ​ដែរ​ ការ​ប្រើប្រាស់​​ពពួក​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​ច្រើន​ជ្រុល​ និង​ជា​ប្រចាំ​ក៏​អាច​នាំ​ឲ្យ​ខូច​តម្រង​នោម​ និង​ខ្សោយ​​តម្រង​នោម​បាន​ដែរ​។ បញ្ហា​នេះ​កើត​ឡើង​ដោយ​សារ​តែ​​ថ្នាំ​បំបាត់​ការ​ឈឺចាប់​ធ្វើ​ឲ្យ​លំហូរ​ឈាម​ទៅ​កាន់​តម្រង​នោម​ថយ​ចុះ​ និង​ធ្វើ​ឲ្យ​មុខងារ​របស់​តម្រង​នោម​​កាន់​តែ​អាក្រក់​ទៅ​ ជា​ពិសេស​ ​សម្រាប់​អ្នក​ដែល​មាន​ជំងឺ​តម្រង​នោម​ស្រាប់​។​

    តម្រងនោម៧

    ៥. ញ៉ាំ​ទឹក​មិន​គ្រប់គ្រាន់​

    នៅ​ពេល​ដែល​យើង​ញ៉ាំ​ទឹក​គ្រប់គ្រាន់​ វា​ជួយ​ឲ្យ​តម្រង​នោម​ផលិត​ទឹក​នោម​ ដើម្បី​កម្ចាត់​ចោល​សូដ្យូម​ និង​ជាតិ​ពុល​ចេញ​ពី​រាងកាយ​។ ប៉ុន្តែ​ប្រសិនបើ​យើង​​ញ៉ាំ​ទឹក​មិន​គ្រប់គ្រាន់​ទេ​នោះ វា​អាច​បណ្ដាល​ឲ្យ​កើត​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ រួម​ទាំង​ក្រួស​តម្រង​នោម​។ ដូច​នេះ​ យើង​គប្បី​ញ៉ាំ​ទឹក​យ៉ាង​ហោច​ណាស់​ឲ្យ​បាន​២​លីត្រ​ក្នុង​មួយ​ថ្ងៃ​។​

    ៦. គេង​មិន​គ្រប់គ្រាន់​

    ការ​គេង​លក់​ស្កប់ស្កល់​​មាន​សារសំខាន់​ចំពោះ​សុខភាព​ទាំង​មូល​ រួម​ទាំង​សុខភាព​តម្រង​នោម។ វដ្ដ​នៃ​ការ​គេង​​បញ្ជា​ និង​សម្របសម្រួល​មុខងារ​របស់​តម្រង​នោម​ ហើយ​ជាលិកា​នៃ​សរីរាង្គ​នេះ​ត្រូវ​បាន​ផ្លាស់ប្ដូរ​​តែ​នៅ​ពេល​ដែល​យើង​គេង​ប៉ុណ្ណោះ​។​ ហេតុ​នេះ​ហើយ​ នៅ​ក្នុង​ករណី​ដែល​យើង​គេង​មិន​គ្រប់គ្រាន់​ វា​អាច​ប៉ះពាល់​ដល់​ដំណើរការ​នេះ​ ព្រម​ទាំង​បង្កើន​ហានិភ័យ​នៃ​ការ​ខូច​តម្រង​នោម​។

    ៧. ញ៉ាំ​សាច់​ច្រើន​ជ្រុល​

    ​ការ​ញ៉ាំ​​ប្រូតេអ៊ីន​​ពី​សាច់​សត្វ​ច្រើន​បង្កើត​អាស៊ីដ​ច្រើន​នៅ​ក្នុង​ឈាម​របស់​យើង​ ដែល​អាច​​បណ្ដាល​ឲ្យ​​កើត​ជំងឺ​អាស៊ីដ​ច្រើន​នៅ​ក្នុង​ឈាម​ ។ នៅ​ពេល​យូរ​ៗ​ទៅ ជំងឺ​នេះ​អាច​បង្ក​ជា​បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ​ធ្ងន់ធ្ងរ​ ក៏​ដូចជា​បញ្ហា​តម្រង​នោម​រ៉ាំរ៉ៃ​។​ គ្នា​យើង​គប្បី​​ញ៉ាំ​ប្រូតេអ៊ីន​ប្រចាំថ្ងៃ​​ឲ្យ​បាន​សម​ល្មម​ប្រមាណ​១​ទៅ​១,៦​ក្រាម​ក្នុង​មួយ​​គីឡូក្រាម​នៃ​ទម្ងន់​ខ្លួន​របស់​យើង ព្រម​ទាំង​​បង្កើន​ការ​ញ៉ាំ​បន្លែ​ និង​ផ្លែឈើ​ឲ្យ​បាន​ច្រើន​ រួម​ទាំង​ប្រូតេអ៊ីន​ផ្សេង​ទៀត​ ដូចជា​ស៊ុត​ ត្រី សណ្ដែក​ និង​គ្រាប់​ធញ្ញជាតិ​​ជា​ដើម​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jul 12, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម