និយមន័យ
១- អ្វីជាជំងឺស្ទះតម្រងនោម?
ជំងឺស្ទះតម្រងនោម កើតឡើងនៅពេលប្រព័ន្ធទឹកនោម ដែលបង្កើតឡើងដោយតម្រងនោម សម្រាប់ដឹកនាំទឹកនោមពីតម្រងនោមទៅប្លោកនោម បំពង់បង្ហូរទឹកនោម និងប្លោកនោម ត្រូវបានស្ទះ។ ករណីបំពង់បង្ហូរទឹកនោមស្ទះ អាចកើតមានតាំងពីកំណើត ឬបណ្តាលមកពីស្នាមនៅតម្រងនោមដោយសារពីគ្រួស ឬមានការធ្វើការវះកាត់ពីមុន។ ស្នាមទាំងនោះអាចបណ្តាលមកពីជំងឺមហារីក (ដូចជាការព្យាបាលវិទ្យុសកម្ម) ក្រួសក្នុងតម្រងនោម ធ្លាប់វះកាត់ពីមុន ឬស្ថានភាពសុខភាពមួយចំនួនកើតពីកំណើត។
នៅពេលបំពង់បង្ហូរទឹកនោមស្ទះ ទឹកនោមនឹងមិនអាចហូរពីតម្រងនោម ទៅប្លោកនោមបានទេ ហើយនឹងហូរបញ្ច្រាសត្រឡប់ទៅរកតម្រងនោមវិញ បណ្តាលឲ្យមានការឆ្លងរោគ ឬខូចខាតរយៈពេលយូរ។
២- ជំងឺស្ទះតម្រងនោមកើតឡើងញឹកញាប់ដែរទេ?
ជំងឺស្ទះតម្រងនោម អាចកើតលើមនុស្សគ្រប់វ័យ ប៉ុន្តែយើងអាចកាត់បន្ថយអត្រាប្រឈមកើតជំងឺបាន។ សូមពិគ្រោះជាមួយគ្រូពេទ្យសម្រាប់ព័ត៌មានបន្ថែម។
រោគសញ្ញា
៣- រោគសញ្ញាជំងឺស្ទះតម្រងនោមមានអ្វីខ្លះ?
ពេលខ្លះ ជំងឺស្ទះតម្រងនោម អាចគ្មានរោគសញ្ញាអ្វីគួរឲ្យកត់សម្គាល់ឡើយ ហើយរោគសញ្ញា អាស្រ័យទៅលើកន្លែងដែលស្ទះ លក្ខខណ្ឌនៃការស្ទះ មិនជិត ឬស្ទះជិតទាំងស្រុង បើការស្ទះកាន់តែឆាប់នោះ ការប៉ះពាល់លើតម្រងនោមមួយ ឬទាំងពីរ ក៏កាន់តែឆាប់ដូចគ្នា ខណៈរោគសញ្ញាជំងឺអាចមានដូចជា៖
– ឈឺតម្រងនោម
– បរិមាណទឹកនោមប្រែប្រួល
– ពិបាកនោម
– មានឈាមក្នុងទឹកនោម
– មានការឆ្លងរោគលើផ្លូវទឹកនោមច្រើនដង
– សម្ពាធឈាមឡើងខ្ពស់
នៅមានរោគសញ្ញាផ្សេងៗទៀតដែលមិនបានរៀបរាប់ខាងលើ បើមានចម្ងល់ទាក់ទងរោគសញ្ញាខាងណាមួយ សូមពិគ្រោះជាមួយគ្រូពេទ្យជំនាញ។
៤- ពេលណាត្រូវទៅជួបពេទ្យ?
បើសិនយើងប្រទះឃើញរោគសញ្ញាដូចខាងលើ ឬរោគសញ្ញាណាមួយគួរឲ្យសង្ស័យ ត្រូវពិភាក្សាជាមួយគ្រូពេទ្យជំនាញ ព្រោះរាងកាយមនុស្សម្នាក់ៗមានភាពខុសគ្នា រោគសញ្ញាក៏ខុសគ្នាដែរ។
ត្រូវស្វែងរកជំនួយវេជ្ជសាស្រ្តជាបន្ទាន់បើមានបញ្ហាដូចជា៖
– ឈឺចាប់ខ្លាំងមិនអាចអង្គុយ ឬរកចលនាណាធ្វើឲ្យបានធូរស្រាលបាន
– ឈឺចាប់ រួមនឹងមានចង្អោរ ក្អួត
– ឈឺចាប់ និងមានអាការៈគ្រុនក្តៅ ញាក់
– មានឈាមក្នុងទឹកនោម
– ពិបាកនោម។
មូលហេតុបង្ក
៥- មូលហេតុបង្កឲ្យមានជំងឺស្ទះតម្រងនោម
ប្រភេទជំងឺស្ទះតម្រងនោម គឺមានច្រើន នាំឲ្យមូលហេតុក៏អាចខុសៗគ្នា អាស្រ័យលើអ្នកជំងឺម្នាក់ៗ ខណៈមូលហេតុជាទូទៅមានដូចជា៖
– ស្ទះបំពង់បង្ហូរទឹកនោម៖ ស្ទះបំពង់បង្ហូរទឹកនោម ជាមូលហេតុចម្បងមួយនាំឲ្យយើងមានជំងឺស្ទះតម្រងនោម ខណៈមូលហេតុមានដូចជា៖
- បំពង់បង្ហួរទឹកនោមជាន់គ្នា ជាបំពង់នាំទឹកនោមពីតម្រងនោម ទៅប្លោកនោម ដោយជំងឺនេះ កើតមានញឹកញាប់ណាស់ ជាជំងឺពីកំណើត (Congential) កើតមានលើបំពង់បង្ហួរនោមពីរ នៅលើតម្រងនោមតែមួយ។ ផ្នែកទីពីរនៃបំពង់អាចប្រក្រតី ឬវិវត្តនៅផ្នែកខ្លះ។ បើវាមិនអាចដំណើរការបានល្អ នោះទឹកនោមនឹងច្រាលទៅក្នុងតម្រងនោមវិញ នឹងធ្វើឲ្យខូចខាតតម្រងនោមតែម្តង។
- ភាពមិនប្រក្រតីរបស់បំពង់បង្ហួរទឹកនោមដែលភ្ជាប់នឹងប្លោកនោម ឬតម្រងនោម បានរាំងស្ទះលំហូរទឹកនោម។ ភាពប្រក្រតីតំណភ្ជាប់រវាងបំពង់បង្ហូរទឹកនោម និងតម្រងនោម (Ureteropelvic junction) អាចបណ្តាលឲ្យហើមតម្រងនោម និងអាចធ្វើឲ្យតម្រងនោមលែងដំណើរការ។ ភាពមិនប្រក្រតីនេះ អាចកើតមានពីកំណើត ឬអាចវិវត្តតាំងពីកុមារភាព ក្រោយមានការរបួស មានស្នាម ឬករណីកម្រដែលកើតឡើងពីដុំសាច់។ ការតភ្ជាប់មិនប្រក្រតីរវាងបំពង់បង្ហូរទឹកនោម និងប្លោកនោម (Ureterovesical junction) អាចបណ្តាលឲ្យទឹកនោមច្រាលទៅក្នុងតម្រងនោមវិញ។
- ប្រសិនបើបំពង់បង្ហូរទឹកនោមមានទំហំតូច មិនអនុញ្ញាតឲ្យទឹកនោមហូរធម្មតាបាន នឹងមានអាការៈហើម ឬពកនៅក្នុងបំពង់ ដែលនៅជិតប្លោកនោម។ បញ្ហានេះ អាចស្ទះដល់លំហូរទឹកនោម បណ្តាលឲ្យទឹកនោមច្រាលឡើងទៅក្នុងតម្រងនោម នឹងអាចបណ្តាលខូចខាតតម្រងនោមទៀតផង។
- Retroperitoneal Fibrosis ជាជំងឺកម្រ កើតមានឡើងនៅពេលដែលការលូតលាស់ជាលិកាសរសៃ នៅពីក្រោយពោះ។ ជាលិកាសរសៃនេះ លូតលាស់ដោយសារជំងឺមហារីក ឬអាចបណ្តាលមកពីការប្រើថ្នាំមួយចំនួនដើម្បីព្យាបាលអាការៈឈឺក្បាលប្រកាំង។ ជាលិកាសរសៃទាំងនេះ នឹងព័ទ្ធជុំវិញ និងបិទរន្ធបំពង់បង្ហូរទឹកនោមបណ្តាលឲ្យទឹកនោមច្រាលត្រឡប់ទៅរកតម្រងនោមវិញ។
– មូលហេតុផ្សេងទៀតអាចកើតមានជំងឺស្ទះតម្រងនោម៖
- ក្រួសក្នុងតម្រងនោម
- ទល់លាមកធ្ងន់ធ្ងរ អាចកើតមានលើកុមារ ប៉ុន្តែក៏កើតមានលើមនុស្សពេញវ័យដូចគ្នា
- មានដុំសាច់ អាចជាមហារីក និងមិនមែនមហារីក (Cancerous- Noncancerous)
- មានដុះលូតលាស់ជាលិកាខាងក្នុងស្រទាប់ស្បូន (Endometriosis) ចំពោះស្ត្រី
- ហើមរយៈពេលយូរលើជញ្ជាំងបំពង់បង្ហូរទឹកនោម ជាធម្មតា ដោយសារជំងឺ ដូចជា ជំងឺរបេង ឬមានឆ្លងប៉ារ៉ាស៊ីត ត្រូវគេហៅថា ជំងឺ Schistosomiasis។
កត្តាប្រឈម
៦- កត្តាប្រឈមជំងឺស្ទះតម្រងនោម
ជំងឺស្ទះតម្រងនោម អាចមានកត្តាប្រឈមជាច្រើន ហេតុនេះបើមានចម្ងល់ គួរតែពិភាក្សាជាមួយគ្រូពេទ្យជំនាញ។
អត្ថបទពាក់ព័ន្ធ៖
រោគវិនិច្ឆ័យ និងការព្យាបាល
ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។
៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?
ជារឿយៗ ការធ្វើរោគវិនិច្ឆ័យជំងឺ ត្រូវធ្វើមុនពេលទារកសម្រាល តាមរយៈឆ្លុះអេកូ ដើម្បីបង្ហាញពីព័ត៌មានលម្អិតពាក់ព័ន្ធការលូតលាស់របស់ទារក ដូចជា តម្រងនោម បំពង់បង្ហូរទឹកនោម និងប្លោកនោម។ វេជ្ជបណ្ឌិត ឆ្លុះអេកូមើលទារកម្តងទៀត ក្រោយសម្រាលរួច ដើម្បីវាយតម្លៃលើតម្រងនោមជាថ្មី។
បើវេជ្ជបណ្ឌិតសង្ស័យថា មានការស្ទះលើបំពង់បង្ហូរទឹកនោម នោះតេស្ត និងការស្កេនមួយចំនួន នឹងត្រូវធ្វើឡើង ដើម្បីរកពីរោគវិនិច្ឆ័យមាន៖
– ការធ្វើតេស្តឈាម និងទឹកនោម៖ គ្រូពេទ្យពិនិត្យមើលឈាម និងទឹកនោម ដើម្បីរកពីរោគសញ្ញាឆ្លងរោគ និងរកពីវត្តមានសារធាតុ Creatinine ដែលអាចបង្ហាញពីដំណើរការមុខងារតម្រងនោម។
– ឆ្លុះអេកូនៅពីខាងក្រោយពោះ (Ultrasound retroperitoneal)៖ វិធីនេះ អាចជួយពេទ្យឃើញពីតម្រងនោម និងបំពង់បង្ហូរទឹកនោម។
– តេស្ត Voiding Cystourethrogram៖ តេស្តនេះធ្វើឡើង ដើម្បីរកមើលភាពមិនប្រក្រតីនៃលំហូរទឹកនោម ដោយគ្រូពេទ្យ នឹងដាក់បញ្ចូលបំពង់តូចមួយតាមរយៈបំពង់បង្ហូរទឹកនោម រួចចាក់សារជាតិពណ៌ចូលទៅក្នុងប្លោកនោម និងថតកាំរស្មីអ៊ិច លើតម្រងនោម បំពង់បង្ហូរទឹកនោមផ្នែកខាងលើ ប្លោកនោម និងបំពង់បង្ហូរទឹកនោមផ្នែកខាងក្រោម មុនពេលយើងនោម។
– ស្កេន Renal Nuclear៖ វិធីនេះ ស្រដៀងគ្នាទៅនឹង IVP (ការចាក់សារធាតុពណ៌តាមសរសៃដើម្បីថត) គ្រូពេទ្យនឹងចាក់សារជាតិពណ៌មានសារធាតុវិទ្យុសកម្មតិចតួចទៅក្នុងដៃ។ មានកាមេរ៉ាពិសេសម្យ៉ាង ចាប់យកវិទ្យុសកម្ម និងបង្កើតបានជារូបភាព អាចឲ្យគ្រូពេទ្យប្រើដើម្បីវាយតម្លៃប្រព័ន្ធទឹកនោម។
– ដាក់កាមេរ៉ាក្នុងបំពង់ទឹកនោម៖ បំពង់តូចមួយមានកាមេរ៉ា និងពន្លឺត្រូវបានដាក់ចូលទៅក្នុងបំពង់បង្ហូរទឹកនោម ឬតាមការវះទំហំតូច។ ប្រព័ន្ធអ៊ុបទិកនេះ អនុញ្ញាតឲ្យគ្រូពេទ្យមើលឃើញខាងក្នុងបំពង់នោម និងប្លោកនោម។
– ស៊ីធីស្កេន (CT)៖ វិធីស្កេននេះ ធ្វើឡើងជាមួយការថតកាំរស្មីអ៊ិច ពីមុំផ្សេងគ្នា អាចបង្កើតបានរូបភាពជាច្រើននៃតម្រងនោម បំពង់បង្ហូរទឹកនោម និងប្លោកនោម។
– ថត MRI៖ ថត MRI នៅពោះ ដោយប្រើដែនម៉ាញ៉េទិច និងរលកវិទ្យុសកម្ម ដើម្បីបង្កើតរូបភាពលម្អិតនៃសរីរាង្គ និងជាលិកានៅក្នុងប្រព័ន្ធទឹកនោម។
៨- ព្យាបាលដោយវិធីណា?
ព្យាបាលជំងឺស្ទះតម្រងនោម ធ្វើឡើងក្នុងគោលបំណង បំបាត់ការស្ទះ ដោយបង្កើតផ្លូវទឹកនោមថ្មី ជួយជួសជុលដល់ការខូចខាតតម្រងនោម ខណៈវិធីព្យាបាលអាចជាការប្រើថ្នាំ Antibiotic ដើម្បីបំបាត់ការឆ្លងមេរោគ និងវិធីសាស្ត្រមួយចំនួនទៀតដូចជា៖
– វិធីបង្ហូរទឹកនោម៖ នៅពេលជំងឺស្ទះតម្រងនោម បណ្តាលឲ្យមានការឈឺចាប់ខ្លាំង ត្រូវបង្ហូរទឹកនោមចេញពីរាងកាយដើម្បីបំបាត់រោគសញ្ញាបណ្តោះអាសន្ន ដោយវេជ្ជបណ្ឌិតជំនាញផ្នែកតម្រងនោម នឹងណែនាំយើងពីវិធីព្យាបាលដូចជា៖
- ដាក់ Stent ក្នុងបំពង់បង្ហូរទឹកនោម៖ ជាការដាក់បំពង់ប្រហោងតូចមួយ ទៅក្នុងបំពង់ទឹកនោម ដើម្បីបើកផ្លូវឲ្យទឹកនោមអាចហូរចេញមកក្រៅ។
- Percutaneous nephrostomy៖ គ្រូពេទ្យនឹងដាក់បំពង់មួយតាមខ្នង ដើម្បីបង្ហូរទឹកនោមចេញមកក្រៅដោយផ្ទាល់។
- Catheter៖ ជាបំពង់ដាក់តាមបំពង់បង្ហូរទឹកនោម ទៅប្លោកនោម ដើម្បីបង្ហូរទឹកនោមចេញមកក្រៅ។ វិធីនេះសំខាន់លើគ្នាយើងមានបញ្ហាលើប្លោកនោម ពិបាកផលិតទឹកនោម។
គ្រូពេទ្យ អាចនឹងណែនាំពីវិធីព្យាបាលរួមគ្នាជាមួយការវះកាត់សក្តិសមបំផុតសម្រាប់យើង។ ការវះបង្ហូរអាច ជាការវះកាត់ណ្តោះអាសន្ន ឬជាអចិន្រ្តៃយ៍ ដោយអាស្រ័យលើស្ថានភាពសុខភាពយើងផ្ទាល់។
– វិធីព្យាបាលដោយវះកាត់៖ វិធីវះកាត់លើព្យាបាលជំងឺស្ទះតម្រងនោម មានច្រើនប្រភេទ ដោយអាស្រ័យលើស្ថានភាពសុខភាពអ្នកជំងឺ ហោយការវះកាត់ទាំងនោះមានដូចជា៖
- វះកាត់ Endoscopic៖ ជាវិធីសាស្ត្រវះកាត់ មានកត្តាប្រឈមតិចតួច ដោយមានបំពាក់ឧបករណ៍ឆ្លុះដាក់ចូលតាមបំពង់បង្ហូរទឹកនោម ទៅក្នុងប្លោកនោម និងផ្នែកដទៃទៀតនៃបំពង់ទឹកនោម។ គ្រូពេទ្យ នឹងធ្វើការកាត់ផ្នែកខូច ឬស្ទះ រួចដាក់បំពង់តូចមួយ (Stent) ដើម្បីចំហឲ្យមានប្រហោង។ វិធីនេះ គេធ្វើឡើងទាំង ដើម្បីធ្វើរោគវិនិច្ឆ័យ និងព្យាបាលតែម្តង។
- វះកាត់ពោះ៖ ការវះកាត់ គ្រូពេទ្យនឹងធ្វើការវះបើកចំហពោះ ដើម្បីព្យាបាលកន្លែងស្ទះ។
- ការវះចោះ៖ ជាការវះតាមរយៈបំពង់តូចមួយមានពន្លឺ និងកាមេរ៉ា អនុញ្ញាតឲ្យគ្រូពេទ្យវះកាត់ មើលឃើញខាងក្នុងសរីរាង្គយើង។ គ្រូពេទ្យធ្វើចោះរន្ធតូចៗមួយ ឬច្រើនចោះតាមស្បែកដើម្បីបញ្ចូលបំពង់ពន្លឺ និងឧបករណ៍ផ្សេងទៀត ត្រូវការប្រើក្នុងដំណើរការវះកាត់។
- ការវះកាត់ Robot-assisted laparoscopic surgery៖ ជាការវះចោះ ដោយប្រើមនុស្សយន្ត។
ភាពខុសគ្នាក្នុងចំណោមវិធីវះកាត់ទាំងនេះ គឺរយៈពេលជាសះស្បើយ ចំនួន ក៏ដូចជាទំហំនៃការវះកាត់។ គ្រូពេទ្យឯកទេស នឹងកំណត់ប្រភេទវះកាត់ និងការព្យាបាលសម្រាប់យើង។
ផ្លាស់ប្តូរទម្លាប់រស់នៅ
៩- ផ្លាស់ប្តូរទម្លាប់រស់នៅ
ទម្លាប់រស់នៅ និងវិធីព្យាបាលនៅផ្ទះខ្លះ អាចទប់ទល់ បង្ការ នឹងជំងឺក្រួសក្នុងតម្រងនោមបាន។
[embed-health-tool-bmi]