backup og meta

ឈឺ​ខ្នង​ក្រោយ​ញ៉ាំ​អាហារ​រួច​ អាច​មក​ពី​មូលហេតុ​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jul 26, 2021

    ឈឺ​ខ្នង​ក្រោយ​ញ៉ាំ​អាហារ​រួច​ អាច​មក​ពី​មូលហេតុ​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    ជួន​កាល​ អាការៈ​ឈឺ​ខ្នង​​ក្រោយ​​ញ៉ាំ​អាហារ​រួច​ អាច​បញ្ជាក់​ពី​បញ្ហា​សុខភាព​មួយ​ចំនួន​ ដែល​យើង​គប្បី​មាន​ការ​ប្រុងប្រយ័ត្ន​ឲ្យ​​បាន​ដិតដល់​។ ​ការ​​ឈឺ​ខ្នង​ជា​ទូទៅ​ កើត​ឡើង​ពី​ការ​ឈឺចាប់​សាច់ដុំ ភាព​តានតឹង ឬ​របួស​សាច់ដុំ​ និង​ឌីស (discs)​ដែល​ទ្រទ្រង់​ឆ្អឹង​ខ្នង​របស់​យើង​។ វា​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ​ ដែល​យើង​​កើត​មាន​អាការៈ​នេះ​នៅ​ពេល​ដែល​យើង​​មាន​វ័យ​កាន់​តែ​ចាស់​ទៅ​ ពីព្រោះ​​​ឆ្អឹង​​​កកិត​គ្នា​ទៅ​វិញ​ទៅ​មក​ ដែល​បណ្ដាល​ឲ្យ​មាន​ការ​ឈឺចាប់​ និង​ចុក​រួយ​។ យ៉ាង​ណា​មិញ លក្ខខណ្ឌ​សុខភាព​ទាំង​នេះ ក៏​​អាច​នាំ​ឲ្យ​យើង​កើត​មាន​អាការៈ​ឈឺ​ខ្នង។

    ១. ក្រហាយ​ទ្រូង

    ជាក់​ស្ដែង​ ការ​ឈឺ​ខ្នង​ក្រោយ​ញ៉ាំ​អាហារ​រួច​​ អាច​បណ្ដាល​មក​ពី​ការ​ក្រហាយ​ទ្រូង​ ជា​ជំងឺ​ប្រព័ន្ធ​រំលាយ​អាហារ​ដែល​បង្ក​ជា​​ការ​ឈឺ​ចាប់​នៅ​ក្នុង​ទ្រូង​ដោយ​សារ​តែ​ការ​ចាល់​អាស៊ីដ​។ រោគ​សញ្ញា​ដទៃ​ទៀត​ រួម​មាន​​​ជូរ​មាត់​ ឈឺ​បំពង់​ក និង​ក្អក​។ អាហារ​ជាក់លាក់​មួយ​ចំនួន​ដែល​បង្ក​ជា​​អាការៈ​​នេះ​ រួម​មាន​គ្រឿង​ស្រវឹង​ ភេសជ្ជៈ​មាន​ជាតិ​កាហ្វេអ៊ីន​ សូកូឡា​ អាហារ​ហឹរ​ និង​ប៉េងប៉ោះ​។

    ២. ដំបៅ​ក្រពះ​

    ការ​ឈឺ​ខ្នង​នេះ​ក៏​អាច​បណ្ដាល​មក​ពី​ដំបៅ​ក្រពះ​ដូច​គ្នា​។ ចំណែក​ឯ​រោគ​សញ្ញា​​ទូទៅ​ដទៃ​ទៀត​នៃ​ជំងឺ​ដំបៅ​ក្រពះ​មាន​ដូចជា​ក្រហាយ​ទ្រូង​ ឈឺ​ពោះ​ ហើម​ពោះ​ និង​មាន​ហ្គាស​ជាដើម​។​ ​​ជា​ទូទៅ​ ជំងឺ​ដំបៅ​ក្រពះ​កើត​ឡើង​​ដោយ​សារ​ការ​បង្ក​រោគ​ដោយ​បាក់តេរី​ និង​ការ​ប្រើប្រាស់​ថ្នាំ​ប្រឆាំង​នឹង​ការ​រលាក​​​ដែល​មិន​មែន​ជា​ស្តេរ៉ូអ៊ីដ រយៈពេល​វែង​។ ការ​ញ៉ាំ​អាហារ​ហឹរ​ ឬ​អាហារ​ដែល​មាន​ជាតិ​អាស៊ីដ​​​អាច​ធ្វើ​ឲ្យ​ជំងឺ​នេះ​កាន់​តែ​យ៉ាប់យ៉ឺន​ទ្វេ​ដង​។

    ​​៣. ឥរិយាបថ​មិន​សមរម្យ​

    ចំកោង​ខ្លួន អំឡុង​ពេល​​ញ៉ាំ​អាហារ​ក៏​អាច​បង្ក​ជា​ការ​ឈឺ​ខ្នង​ដូច​គ្នា​។ មួយ​វិញ​ទៀត​ នៅ​ពេល​ដែល​យើង​បញ្ចេញ​ឥរិយាបថ​កោង​ខ្លួន​ក្រោយ​​ញ៉ាំ​អាហារ​រួច​ ក៏​អាច​​នាំ​ឲ្យ​ក្រហាយ​ទ្រូង​ ដោយសារ​តែ​ចាល់​អាស៊ីដ​ និង​បង្ក​ជា​អាការៈ​ឈឺ​ខ្នង​នេះ​ដែរ​។

    ឈឺខ្នង៥

    ៤. ការ​ឆ្លង​មេរោគ​តម្រង​នោម​

    ជាមួយ​គ្នា​នេះ​ដែរ ការ​ឈឺ​ខ្នង​ជា​រោគ​សញ្ញា​មួយ​នៃ​ការ​ឆ្លង​មេរោគ​តម្រង​នោម​។ ការ​ឈឺ​ចាប់​នៅ​​​ចំហៀង​ខ្នង​ ឬ​​ផ្នែក​កណ្ដាល​ទៅ​ខាង​លើ​ អាច​បណ្ដាល​មក​ពី​ការ​ឆ្លង​មេរោគ​តម្រង​នោម​។ រោគ​សញ្ញា​ដទៃ​ទៀត​នៃ​ការ​ឆ្លង​មេរោគ​តម្រង​នោម​ រួម​មាន​ការ​នោម​ញឹកញាប់​ ឈឺចាប់​ ឬ​ក្រហាយ​នៅ​ពេល​នោម​ ឈឺ​ពោះ​ ចង្អោរ​ និង​ក្អួត។

    ៥. គាំង​បេះដូង​

    ប្រសិនបើ​យើង​មាន​អាការៈ​​ឈឺ​ខ្នង​ ជាមួយ​នឹង​ការ​ឈឺ​ទ្រូង​ បែក​ញើស​ ចង្អោរ និង​​វិល​មុខ​ យើង​អាច​​កំពុង​តែ​​ប្រឈម​នឹង​ការ​គាំង​បេះដូង​។ ជា​ធម្មតា​ ស្ត្រី​​ងាយ​ប្រឈម​នឹង​អាការៈ​គាំង​បេះដូង​ច្រើន​ជាង​បុរស​ ហើយ​រោគ​សញ្ញា​នៃ​អាការៈ​នេះ​ មាន​ឈឺ​ខ្នង​ សម្ពាធ​នៅ​​ខ្នង​ផ្អែក​ខាង​លើ​ និង​ដង្ហើម​ខ្លី​ៗ​។

    ៦. អាលែកហ្ស៊ី​នឹង​អាហារ​

    ប្រសិនបើ​យើង​អាលែកហ្ស៊ី​នឹង​អាហារ​ជាក់លាក់​មួយ​ចំនួន​ យើង​អាច​នឹង​ប្រឈម​នឹង​ការ​រលាក​ ព្រម​ទាំង​ឈឺ​ខ្នង​ បន្ទាប់​ពី​ញ៉ាំ​អាហារ​រួច​។ ការ​រលាក​អាច​បណ្ដាល​មក​ពី​អាហារ​មួយ​ចំនួន​​ដូចជា​គ្រឿង​ស្រវឹង​ ​អាហារ​ដែល​ធ្វើ​ពី​ទឹក​ដោះ​គោ​ ឬ​សណ្ដែក​ដី​។

    ៧. ក្រួស​ក្នុង​ថង់​ទឹក​ប្រមាត់

    ថង់​ទឹក​ប្រមាត់​ផ្ទុក​ និង​បញ្ចេញ​ទឹក​ប្រមាត់​ដែល​ជា​សារធាតុ​រាវ​ជួយ​ឲ្យ​រាងកាយ​រំលាយ​ខ្លាញ់​។ ក្រួសក្នុង​ថង់​ទឹក​ប្រមាត់​​អាច​រារាំង​​បំពង់​ទឹក​ប្រមាត់​ ដែល​បណ្ដាល​ឲ្យ​ឈឺ​ថង់​ប្រមាត់​។ ​ក្រួស​ក្នុង​ថង់​ទឹក​ប្រមាត់​កើត​ឡើង​ជា​ទូទៅ​ បន្ទាប់​ពី​យើង​ញ៉ាំ​អាហារ​ច្រើន​ជ្រុល​ ឬ​អាហារ​ដែល​មាន​ខ្លាញ់​។ ការ​ឈឺ​ចាប់​នេះ​អាច​បណ្ដាល​ឲ្យ​ឈឺចាប់​ខ្លាំង​នៅ​ផ្នែក​ខាង​លើ​ពោះ​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jul 26, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម