នៅពេលយើងចាប់ផ្ដើមផឹកទឹកបន្ថែម យើងត្រូវទៅបន្ទប់ទឹកញឹកញាប់ហើយនេះអាចបង្កជាការរំខានដល់យើងបាន ប៉ុន្តែនេះជារឿងធម្មតាមិនបង្កជាបញ្ហាទេ។
រាងកាយរបស់យើងផលិតទឹកនោមដើម្បីកម្ចាត់កាកសំណល់ និងទឹកដែលរាងកាយមិនត្រូវការ។ សរីរាង្គដែលផលិតទឹកនោមគឺតម្រងនោម ប្លោកនោម និងរន្ធបង្ហួរនោម។ តម្រងនោមមានតួនាទីច្រោះកាកសំណល់ពីក្នុងឈាមដែលកាកសំណល់បានមកពីការរំលាយអាហារ។ តម្រងនោមក៏ទាញជាតិទឹកដែលលើសចេញពីក្នុងឈាមដែរដើម្បីរក្សាតុល្យភាពអេឡិចត្រូលីត។ បរិមាណទឹកដែលយើងផឹកគឺសមាមាត្រនឹងបរិមាណទឹកនោមដែលរាងកាយយើងផលិត។ ហេតុនេះហើយការផឹកទឹកច្រើន ហើយចូលបន្ទប់ទឹកច្រើនដងគឺជារឿងធម្មតា។ មនុស្សពេញវ័យហើយមានសុខភាពល្អអាចនឹងផលិតទឹកនោមបានចន្លោះ ៨០០-២០០០មិល្លីលីត្រ ប្រសិនជាផឹកទឹក២លីត្រក្នុងមួយថ្ងៃ។
គ្នាយើងមួយចំនួនអាចនឹងមានចម្ងល់ថាតើបត់ជើងតូចប៉ុន្មានដងទើបចាត់ទុកថាញឹកញាប់។ យោងតាមសមាគមផ្នែកប្លោកនោម និងពោះវៀនរបស់ប្រទេសអង់គ្លេស គឺមិនមានចម្លើយច្បាស់លាស់ទៅលើសំណួរនេះទេ។ មនុស្សភាគច្រើនអាចនោម ៦-៧ដងក្នុងមួយថ្ងៃ ឬពេលខ្លះអាចស្ថិតនៅចន្លោះ ៤-១០ដងដែលនេះក៏ចាត់ទុកថាជារឿងធម្មតាដែរ។
ដោយឡែកបើយើងត្រូវទៅបន្ទប់ទឹករហូតដោយមិនអាចសម្គាល់ដឹងពីមូលហេតុ យើងគួរទៅពិគ្រោះជាមួយគ្រូពេទ្យ។ អាការៈធ្ងន់ធ្ងរមួយចំនួនដែលធ្វើឲ្យបត់ជើងតូចច្រើនមានដូចជា៖
- ជំងឺទឹកនោមផ្អែម
- ជំងឺរលាកប្លោកនោម
- បញ្ហាក្រពេញប្រូស្តាត
- ជំងឺបេះដូង
- ឈឺក្នុងប្លោកនោម បណ្ដាលមកពីមុខងាររបស់អាងត្រគៀកធ្វើការមិនល្អ (Interstitial cystitis)
- ក្រួសក្នុងប្លោកនោម (Bladder stones)
- អាការៈថប់បារម្ភ។
ការបត់ជើងតូចញឹកក៏អាចជាសញ្ញានៃបញ្ហាប្លោកនោមសកម្មខ្លាំង។ ក្នុងករណីនេះយើងអាចនឹងមានអារម្មណ៍ថាចង់បត់ជើងតូចគ្រប់ពេលទោះយើងមិនបានផឹកទឹកច្រើនក៏ដោយ។ ម៉្យាងទៀត យើងពិបាកក្នុងការទប់ និងពេលខ្លះលេចនោមតែម្ដងប្រសិនជាយើងមិនទៅបន្ទប់ទឹកទាន់ពេល។ មួយវិញទៀត ប្រសិនជាយើងផឹកទឹកច្រើន ប៉ុន្តែមិនទៅបន្ទប់ទឹកនេះក៏អាចជាបញ្ហាគួរឲ្យបារម្ភដែរ។ បញ្ហានេះអាចបង្កដោយកត្តាផ្សេងៗដូចជា៖
- ទល់នោម
- ការរីកនៃក្រពេញប្រូស្តាត
- បាត់បង់ឈាម
- ជំងឺតម្រងនោម ឬខ្សោយតម្រងនោម។
សម្រាប់គ្នាយើងដែលផឹកទឹកច្រើន ហើយនោមតិច ឬនោមញឹកតែមិនបានផឹកច្រើន យកល្អគួរទៅពិគ្រោះជាមួយគ្រូពេទ្យ។
[embed-health-tool-bmi]