ម៉េចបានចាស់ៗមួយចំនួនចេះតែជុះនោមដាក់ខោ ឬលេចនោមដោយមិនដឹងខ្លួន? ជំងឺចាស់វង្វេងជាជំងឺមួយទាក់ទងនឹងខួរក្បាល។ ជំងឺប្រភេទនេះជាជំងឺវិវត្តទៅមុខ អាចបណ្ដាលឲ្យបាត់បង់ការចងចាំ ការវិនិច្ឆ័យ និងការនិយាយស្ដីជាដើម។
ចន្លោះពី៦០ទៅ៧០ភាគរយនៃមនុស្សចាស់មានជំងឺចាស់វង្វេង នឹងជួបបញ្ហាលេចនោមដោយមិនដឹងខ្លួនដែរ។ យ៉ាងណា បញ្ហានេះអាចព្យាបាលបាន ដោយគ្រូពេទ្យជំនាញ តាមដាន និងធ្វើរោគវិនិច្ឆ័យលើកត្តាផ្សេងៗដែលអាចបង្កឲ្យមានបញ្ហាលេចនោមនេះ។
១. មូលហេតុបង្ក
ថ្វីបើបញ្ហាលេចនោមដោយមិនដឹងខ្លួនរបស់មនុស្សវ័យចំណាស់ច្រើនកើនលើអ្នកមានជំងឺចាស់វង្វេង តែបញ្ហាលេចនោមនេះយើងអាចព្យាបាលបាន ដោយកំណត់លើមូលហេតុបង្ក។ មូលហេតុបង្កឲ្យមានបញ្ហានេះ អាចមានដូចជា៖
- រោគឆ្លងនៅផ្លូវទឹកនោម(UTIs)
- ទល់លាមកដោយរបបអាហារមិនត្រឹមត្រូវ ឬខ្វះជាតិទឹក
- បញ្ហាក្រពេញប្រូស្តាតលើបុរស
- បញ្ហាសុខភាពផ្សេងៗទៀត
អត្ថបទពាក់ព័ន្ធ៖
ដូចគ្នាដែរ នៅពេលការបញ្ជូនសាររវាងខួរក្បាល និងប្លោកនោម ឬពោះវៀនមិនស៊ីចង្វាក់គ្នា ក្នុងករណីខ្លះ ក៏អាចនាំឲ្យមានបញ្ហាលេចនោមដោយមិនដឹងខ្លួននេះដែរ។ កត្តាទាំងនោះរួមមាន៖
- មិនអាចទទួលអារម្មណ៍ដឹងថាពេលណាត្រូវទៅបន្ទប់ទឹក
- ចាស់ៗពិបាកធ្វើចលនា
- ចាស់ៗមួយចំនួនអាចជួបបញ្ហាពិបាកនិយាយ នាំឲ្យមិនអាចប្រាប់ពេលចង់ទៅបន្ទប់ទឹក
- ជំងឺចាស់វង្វេង អាចធ្វើឲ្យមនុស្សចាស់ខ្លះភ្លេចភ្លាំងថាត្រូវប្រើបន្ទប់ទឹកបែបណា
- ចាស់ៗខ្លះទៀតអាចវង្វេង មិនដឹងថាបន្ទប់ទឹកនៅទីណា
២. វិធីដោះស្រាយបញ្ហាចាស់ៗលេចនោមមិនដឹងខ្លួន
វិធានការមួយចំនួនអាចដាក់ចេញដើម្បីបង្ការបញ្ហានេះ ឬអាចជួយឲ្យរោគសញ្ញាលេចនោមនេះបានល្អប្រសើរឡើងវិញ។ វិធីមួយដែលល្អបំផុត គឺការធ្វើឲ្យទៅជាទម្លាប់សម្រាប់មនុស្សវ័យចំណាស់មានជំងឺចាស់វង្វេង ដើម្បីឲ្យពួកគាត់ដឹងថាពេលណាត្រូវទៅបន្ទប់ទឹក។
អ្នកមើលថែ មនុស្សវ័យចំណាស់មានបញ្ហានេះ អាចជួយបង្កើតទម្លាប់នាំគាត់ទៅបន្ទប់ទឹកក្រោយពេលបាយរួច និងទម្លាប់ឲ្យគាត់ញ៉ាំបាយ និងទឹកទៀងទាត់ពេលវេលា។ មួយវិញទៀត អ្នកថែទាំអាចឲ្យមនុស្សវ័យចំណាស់ដែលមានបញ្ហាបែបនេះ ញ៉ាំទឹកឲ្យបានពីរម៉ោងមុនចូលគេងដើម្បីកុំឲ្យពិបាកបត់ជើងញឹកនៅពេលយប់ តែត្រូវប្រាកដថាពួកគាត់បានញ៉ាំទឹកគ្រប់គ្រាន់នៅពេលថ្ងៃ។
មួយវិញទៀត របបអាហារត្រឹមត្រូវក៏សំខាន់ណាស់ដែរ។ របបអាហារសម្រាប់មនុស្សចាស់មានជំងឺចាស់វង្វេងត្រូវជាអាហារសុខភាព មានតុល្យភាព និងញ៉ាំទឹកឲ្យបានពី៦ទៅ៨កែវក្នុងមួយថ្ងៃ។ ការញ៉ាំអាហារល្អចំពោះសុខភាព និងទឹកគ្រប់គ្រាន់ ជួយឲ្យការបន្ទោបង់មានភាពទៀងទាត់ដែរ។ យ៉ាងណា គួរកម្រិតការផឹកគ្រឿងស្រវឹង ភេសជ្ជៈមានជាតិកាហ្វេអ៊ីនច្រើន និងភេសជ្ជៈកំប៉ុងមានជាតិស្ករច្រើន។
ក្រៅពីនេះ ការជួបពិភាក្សាជាមួយគ្រូពេទ្យ ដើម្បីតាមដានពីបញ្ហាសុខភាព និងរកមូលហេតុបង្កឲ្យមានបញ្ហាលេចនោមដោយមិនដឹងខ្លួននេះក៏ជារឿងចាំបាច់ដែរ។
[embed-health-tool-bmi]