គ្នាយើងមួយចំនួនពិសេសស្រីៗ ច្រើនជួបបញ្ហាលេចនោមពេលក្អក ឬកណ្ដាស់។ បញ្ហានេះ អាចធ្វើឲ្យយើងមានអារម្មណ៍មិនល្អ ខ្មាសអៀន ឬអាចធ្វើឲ្យយើងផ្ដាច់ខ្លួនពីសកម្មភាពសង្គមមួយចំនួនក៏ថាបាន។ តើបញ្ហានេះ ជាសញ្ញានៃបញ្ហាសុខភាពធ្ងន់ធ្ងរ?
១. មូលហេតុ
បញ្ហាលេចនោមពេលក្អក ឬកណ្ដាស់នេះ កើតឡើងនៅពេលសាច់ដុំ និងជាលិកាផ្សេងៗទៀតដែលទ្រទ្រង់បំពង់បង្ហួរនោម(សាច់ដុំបាតអាងត្រគាក) និងសាច់ដុំខ្ជឹបនោមចុះខ្សោយ។
ប្លោកនោមនឹងរីកពេលពេញដោយទឹកនោម។ ជាធម្មតាសាច់ដុំវ៉ាល់នៅក្នុងបំពង់បង្ហួរនោម បិទជានិច្ចពេលប្លោកនោមរីក ការពារកុំឲ្យលេចនោមដោយចៃដន្យ រហូតយើងទៅដល់បន្ទប់ទឹក។ ប៉ុន្តែនៅពេលសាច់ដុំទាំងនោះចុះខ្សោយ ពេលមានសម្ពាធ ឬកម្លាំងសង្កត់លើពោះ ឬលើសាច់ដុំត្រគាក ដូចជាកណ្ដាស់ ឱនចុះក្រោម លើករបស់ធ្ងន់ៗ ក្អក ឬសើចខ្លាំងៗ សុទ្ធតែអាចដាក់សម្ពាធដល់ប្លោកនោម និងធ្វើឲ្យលេចនោមបាន។
សាច់ដុំបាតអាងត្រគាក និងសាច់ដុំខ្ជឹបនោមអាចចុះខ្សោយដោយសារ៖
សម្រាលកូន៖ សម្រាប់ស្រ្តី ជាលិកា និងប្រព័ន្ធប្រសាទមួយចំនួនអាចខូចខាតនៅពេលឆ្លងទន្លេ ដែលអាចធ្វើឲ្យសាច់ដុំបាតអាងត្រគាក ឬសាច់ដុំខ្ជឹបចុះខ្សោយ។ បញ្ហាលេចនោមដោយចៃដន្យនេះ ក៏អាចកើតឡើងបានដែរក្រោយសម្រាលកូនភ្លាមៗ ឬច្រើនឆ្នាំបន្ទាប់។
វះកាត់ក្រពេញប្រូស្ដាត៖ សម្រាប់បុរស ការវះកាត់ក្រពេញប្រូស្តាត ដើម្បីព្យាបាលជំងឺមហារីកក្រពេញប្រូស្ដាត ជាមូលហេតុទូទៅមួយធ្វើឲ្យមានការលេចនោមបែបនេះ។ នីតិវិធីវះកាត់ព្យាបាលនេះអាចធ្វើឲ្យសាច់ដុំខ្ជឹបចុះខ្សោយ ដែលសាច់ដុំនេះស្ថិតនៅពីក្រោមផ្ទាល់នៃក្រពេញប្រូស្ដាត និងជុំវិញបំពង់បង្ហួរនោម។
កត្តាប្រឈមផ្សេងទៀតធ្វើឲ្យលេចនោមពេលក្អក ឬកណ្ដាស់ មានដូចជាធាត់ខ្លាំង ជក់បារី ឬអ្នកធ្វើការប្រើកម្លាំងខ្លាំងៗ ជាដើម។
ក្នុងករណី បញ្ហាលេចនោមនេះរំខានដល់សកម្មភាពប្រចាំថ្ងៃ ឬសកម្មភាពសង្គម គ្នាយើងគួរស្វែងរកជំនួយពីគ្រូពេទ្យ ដើម្បីបានការព្យាបាល ធ្វើឲ្យជីវិតយើងប្រសើរឡើងវិញ។
២. ផលវិបាក
បញ្ហាលេចនោមបែបនេះអាចបង្កជាផលវិបាកដូចជា៖
ប៉ះពាល់ផ្លូវចិត្ត៖ បើសិនជាយើងជួបបញ្ហាលេចនោមបែបនេះប្រចាំថ្ងៃ វាអាចធ្វើឲ្យយើងមានអារម្មណ៍ខ្មាសអៀន ឬធុញថប់បាន។ បញ្ហាលេចនោមបែបនេះអាចរំខានដល់ការបំពេញការងារប្រចាំថ្ងៃ សកម្មភាពសង្គម និងសកម្មភាពផ្លូវភេទផងដែរ។
រមាស់ស្បែក៖ ស្បែកដែលប៉ះពាល់នឹងទឹកនោមញឹកញាប់អាចធ្វើឲ្យចេញរមាស់ ឈឺ ឬប្រេះ។ ការណ៍នេះអាចកើតឡើងបាននៅពេលយើងមានបញ្ហាលេចនោមដោយមិនដឹងខ្លួនធ្ងន់ធ្ងរ និងមិនបានយកចិត្តទុកដាក់ត្រឹមត្រូវ។ ចូរស្វែងរកការព្យាបាល បើបញ្ហានេះរំខានដល់ជីវិតប្រចាំថ្ងៃរបស់យើង។
[embed-health-tool-bmi]