backup og meta

ចាស់ៗខ្លះ អាចលេចនោមដោយមិនដឹង​ខ្លួន ហេតុអ្វី?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ May 25, 2021

    ចាស់ៗខ្លះ អាចលេចនោមដោយមិនដឹង​ខ្លួន ហេតុអ្វី?

    ម៉េច​បាន​ចាស់ៗ​មួយ​ចំនួន​​ចេះតែ​ជុះ​នោម​ដាក់​ខោ ឬ​លេច​នោម​ដោយ​មិន​ដឹង​ខ្លួន?​ ជំងឺ​ចាស់​វង្វេង​ជា​ជំងឺ​មួយ​ទាក់​ទង​នឹង​ខួរ​ក្បាល។ ជំងឺ​ប្រភេទ​នេះ​ជា​ជំងឺ​វិវត្ត​ទៅ​មុខ អាច​បណ្ដាល​ឲ្យ​បាត់​បង់​ការ​ចង​ចាំ ការ​វិនិច្ឆ័យ និង​ការ​និយាយ​ស្ដី​ជា​ដើម​។

    ចន្លោះ​ពី​៦០​ទៅ​៧០​ភាគ​រយ​នៃ​មនុស្ស​ចាស់​មាន​​ជំងឺ​ចាស់​វង្វេង​ នឹង​ជួប​បញ្ហា​លេច​នោម​ដោយ​មិន​ដឹង​ខ្លួន​ដែរ​។ យ៉ាងណា បញ្ហា​នេះ​អាច​ព្យាបាល​បាន ដោយ​គ្រូពេទ្យ​ជំនាញ តាមដាន និង​ធ្វើ​រោគ​វិនិច្ឆ័យ​លើ​កត្តា​ផ្សេងៗ​ដែល​អាច​បង្ក​ឲ្យ​មាន​បញ្ហា​លេច​នោម​នេះ​។​​

    ​​​១. មូល​ហេតុ​បង្ក​

    ថ្វី​បើ​បញ្ហា​លេច​នោម​​ដោយ​មិន​ដឹង​ខ្លួន​របស់​មនុស្ស​វ័យ​ចំណាស់​​ច្រើន​កើន​លើ​អ្នក​មាន​ជំងឺ​ចាស់​វង្វេង តែ​បញ្ហា​លេច​នោម​នេះ​យើង​អាច​ព្យាបាល​បាន​ ដោយ​កំណត់​លើ​មូល​ហេតុ​បង្ក​។ មូល​ហេតុ​បង្ក​ឲ្យ​មាន​បញ្ហា​នេះ អាច​មាន​ដូច​ជា​៖​

  • រោគឆ្លង​នៅ​ផ្លូវ​ទឹក​នោម​​(UTIs)
  • ទល់លាមក​ដោយ​របប​អាហារ​មិន​ត្រឹម​ត្រូវ ឬ​ខ្វះ​ជាតិទឹក​
  • បញ្ហា​ក្រពេញ​ប្រូស្តាត​លើ​បុរស​
  • បញ្ហា​សុខភាព​ផ្សេងៗ​ទៀត
  • ​ដូច​គ្នា​ដែរ នៅ​ពេល​ការ​បញ្ជូន​សារ​រវាង​ខួរក្បាល និង​ប្លោក​នោម ឬ​ពោះវៀន​មិន​ស៊ី​ចង្វាក់​គ្នា ក្នុង​ករណី​ខ្លះ ក៏​អាច​នាំ​ឲ្យ​មាន​បញ្ហា​លេច​នោម​ដោយ​មិន​ដឹង​ខ្លួន​នេះ​ដែរ​។​ កត្តា​ទាំង​នោះ​រួ​ម​មាន​៖​

    • មិន​អាច​ទទួល​អារម្មណ៍​ដឹង​ថា​ពេល​ណា​ត្រូវ​ទៅ​បន្ទប់​ទឹក​
    • ចាស់ៗ​ពិបាក​ធ្វើ​ចលនា​
    • ចាស់ៗ​មួយ​ចំនួន​អាច​ជួប​បញ្ហា​​ពិបាក​និយាយ​ នាំ​ឲ្យ​មិន​អាច​​ប្រាប់​ពេល​ចង់​ទៅ​បន្ទប់​ទឹក
    • ជំងឺ​ចាស់​វង្វេង​ អាច​ធ្វើ​ឲ្យ​មនុស្ស​ចាស់​ខ្លះ​ភ្លេច​ភ្លាំង​ថា​ត្រូវ​ប្រើ​បន្ទប់​ទឹក​បែប​ណា​
    • ចាស់ៗ​ខ្លះ​ទៀត​អាច​វង្វេង មិន​ដឹង​ថា​បន្ទប់​ទឹក​នៅ​ទី​ណា​​

    ចាស់ៗលេចនោម

    ២. វិធី​ដោះស្រាយ​បញ្ហា​ចាស់ៗ​លេច​នោម​មិន​ដឹង​ខ្លួន​

    វិធានការ​មួយ​ចំនួន​អាច​ដាក់​ចេញ​ដើម្បី​បង្ការ​បញ្ហា​នេះ ឬ​អាច​ជួយ​ឲ្យ​រោគ​សញ្ញា​លេច​នោម​នេះ​បាន​ល្អ​ប្រសើរ​ឡើង​វិញ​។ វិធី​មួយ​ដែល​ល្អ​បំផុត​ គឺ​ការ​​ធ្វើ​ឲ្យ​ទៅ​ជា​ទម្លាប់​សម្រាប់​មនុស្ស​វ័យ​ចំណាស់​​មាន​ជំងឺ​​ចាស់​វង្វេង ដើម្បី​ឲ្យ​ពួកគាត់​ដឹង​ថា​ពេល​ណា​ត្រូវ​ទៅ​បន្ទប់​ទឹក​។

    អ្នក​មើល​ថែ មនុស្ស​វ័យ​ចំណាស់​មាន​បញ្ហា​នេះ អាច​ជួយ​បង្កើត​ទម្លាប់​នាំ​គាត់​ទៅ​បន្ទប់​ទឹក​ក្រោយ​ពេល​បាយ​រួច និង​ទម្លាប់​ឲ្យ​គាត់​ញ៉ាំ​បាយ និង​ទឹក​ទៀង​ទាត់​ពេល​វេលា​។ មួយ​វិញ​ទៀត អ្នក​ថែទាំ​អាច​ឲ្យ​មនុស្ស​វ័យ​ចំណាស់​ដែល​មាន​បញ្ហា​បែប​នេះ ញ៉ាំទឹក​ឲ្យ​បាន​ពីរ​ម៉ោង​មុន​ចូល​គេង​ដើម្បី​កុំ​ឲ្យ​ពិបាក​បត់ជើង​ញឹក​នៅ​ពេល​យប់​​ តែ​ត្រូវ​ប្រាកដ​ថា​ពួកគាត់​បាន​ញ៉ាំ​ទឹក​គ្រប់​គ្រាន់​នៅ​ពេល​ថ្ងៃ​។​​​

    មួយ​វិញ​ទៀត របប​អាហារ​ត្រឹម​ត្រូវ​ក៏​សំខាន់​ណាស់​ដែរ​។ របប​អាហារ​សម្រាប់​មនុស្ស​ចាស់​មាន​ជំងឺ​ចាស់​វង្វេង​ត្រូវ​ជា​អាហារ​សុខភាព មាន​តុល្យ​ភាព និង​ញ៉ាំទឹក​ឲ្យ​បាន​ពី​៦​ទៅ​៨​កែវ​ក្នុង​មួយ​ថ្ងៃ​។ ការ​ញ៉ាំ​អាហារ​ល្អ​ចំពោះ​សុខ​ភាព និង​ទឹក​គ្រប់គ្រាន់ ជួយ​ឲ្យ​ការ​បន្ទោបង់​មាន​ភាព​ទៀង​ទាត់​ដែរ​។ យ៉ាងណា គួរ​កម្រិត​ការ​ផឹក​គ្រឿង​ស្រវឹង ភេសជ្ជៈ​មាន​ជាតិ​កាហ្វេអ៊ីន​ច្រើន និង​ភេសជ្ជៈ​កំប៉ុង​មាន​ជាតិ​ស្ករ​ច្រើន​។​

    ក្រៅពី​នេះ ការ​ជួប​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ដើម្បី​តាម​ដាន​ពី​បញ្ហា​សុខភាព និង​រក​មូលហេតុ​បង្ក​ឲ្យ​មាន​បញ្ហា​លេច​នោម​ដោយ​មិន​ដឹង​ខ្លួន​នេះ​ក៏​ជា​រឿង​ចាំ​បាច់​ដែរ​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ May 25, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម