ពេលយើងបត់ជើងធំបន្ទាប់ពីខានជុះ ២-៣ថ្ងៃ វាធ្វើឲ្យយើងពិបាកបញ្ចេញកាកសំណល់ក្នុងខ្លួន ទម្រាំចេញមក យើងត្រូវប្រឹងឡើងបែកញើសជោកថ្ងាស។ ជួនកាល ពេលយើងប្រឹងជុះនឹងអាចបង្កជាជំងឺរហែករន្ធទ្វារបាតទៀត ព្រោះខំប្រឹងខ្លាំងពេក។
តាមការផ្សព្វផ្សាយរបស់មន្ទីរពេទ្យ កាល់ម៉ែត បានឲ្យដឹងថា ជំងឺរហែករន្ធទ្វារបាត គឺជាជំងឺដែលមានការដាច់រលាត់បាត មនុស្សមួយចំនួនធំអាចជួបញឹកញាប់ដែរ ចំពោះបញ្ហាជំងឺនៅរន្ធទ្វារបាត ធ្វើឲ្យអ្នកជំងឺមានការឈឺចាប់នៅបាត និងបន្ទោរបង់លាមកមានឈាម។ ជំងឺនេះ អាចជួបប្រទះនៅលើមនុស្សគ្រប់វ័យ និងគ្រប់ភេទ ហើយវាអាចមានលក្ខណៈស្រួចស្រាវ ឬរ៉ាំរ៉ៃ។
ចូលរួម កម្មវិធីពិនិត្យសុខភាពក្រពះពោះវៀនអនឡាញនៅទីនេះ
ជំងឺរហែករន្ធទ្វារបាត កើតមានឡើងដោយសារតែការប៉ះទង្គិចនៃដុំលាមកទៅលើស្បែកនៃរន្ធទ្វារបាត ដែលធ្វើឲ្យមានការដាច់រលាត់ ឬដោយការកន្ត្រាក់នៃសាច់ដុំរន្ធទ្វារបាតខ្លាំង។ ជំងឺនេះអាចបង្កពីមួលហេតុដូចជា៖
១. ទល់លាមក
២. រាករូសរ៉ាំរ៉ៃ
៣. ប្រឹងបន្ទោបង់លាមកខ្លាំង
៤. ក្រោយការសម្រាលកូន
៥. រួមភេទតាមរន្ធទ្វារបាត
រោគសញ្ញានៃជំងឺរហែករន្ធទ្វារបាត
- ឈឺនៅរន្ធទ្វារបាត ពិសេសនៅពេលបត់ជើងធំ
- មានឈាមជាប់លាមក ឬតក់ក្នុងចានបង្គន់
- ជួនកាល មានសាច់នៅបាត ដែលអ្នកជំងឺច្រើនគិតថាជា ជំងឺឫសដូងបាត។
ក្នុងករណីមានមេរោគនៅលើកន្លែងរហែកនោះ វាអាចបណ្ដាលឲ្យកើតមានបូសអន្ទង់នៅរន្ធទ្វារបាត ដែលធ្វើឲ្យជ្រាបសើមដោយខ្ទុះ និងរមាស់នៅបាត។
មុននឹងព្យាបាល គ្រូពេទ្យទាមទារឲ្យដឹងពីមូលហេតុបង្ក និងរយៈពេលនៃជំងឺនេះជាមុនសិន ហើយវិធីសាស្ត្រក្នុងការព្យាបាលមានដូចជា៖
- ប្រើថ្នាំបន្ទន់លាមក បើអ្នកជំងឺពិបាកក្នុងការបត់ជើងធំ
- ប្រើថ្នាំបំបាត់រាក បើអ្នកជំងឺមានការរាករូសខ្លាំង
- ប្រើថ្នាំ cream លាបទៅលើទ្វារបាត
- ប្រើថ្នាំបំបាត់ការឈឺចាប់
- ត្រាំទឹកក្ដៅឧណ្ហៗអាចជួយកាត់បន្ថយការឈឺចាប់។
ប៉ុន្តែ បើជំងឺរហែករន្ធទ្វារបាត វិវត្តទៅជារ៉ាំរ៉ៃ ឬមានមេរោគក្លាយនៅកន្លែងរហែកនោះ ការព្យាបាលដែលមានប្រសិទ្ធភាពបំផុតនោះគឺការវះកាត់យកផ្នែករហែកចេញ និងសម្អាតនូវមេរោគនៅកន្លែងនោះ។ ការប្រើពពួកថ្នាំផ្សះតែមួយមុខ មិនមានប្រសិទ្ធភាពក្នុងការព្យាបាលទេ។
[embed-health-tool-bmr]