backup og meta

ដើរបន្តិចបន្តួចក្រោយញ៉ាំអាហារ​មានប្រយោជន៍ដល់ក្រពះពោះវៀន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Apr 09, 2021

    ដើរបន្តិចបន្តួចក្រោយញ៉ាំអាហារ​មានប្រយោជន៍ដល់ក្រពះពោះវៀន

    គ្នា​យើង​ប្រ​ហែល​ជា​អាច​ប្លែក​ចិត្ត​បន្តិច​ពេល​ដឹង​ថា​ការ​ដើរ​បន្តិច​បន្តួច​ក្រោយ​ញ៉ាំ​អាហារ​មាន​គុណសម្បត្តិ​ច្រើន​យ៉ាង​។ យ៉ាងណា នេះ​ជា​ការ​ពិត​ ដែល​គ្នា​យើង​គួរ​ដឹង ហើយ​អាច​អនុវត្ត​ដើម្បី​សុខ​ភាព​។

    ១. គុណប្រយោជន៍​

    ការ​ដើរ​ក្រោយ​ញ៉ាំ​អាហារ​​ជួយ​ធ្វើ​ឲ្យ​ការ​រំលាយ​អាហារ​បាន​កាន់​តែ​ប្រសើរ​។ ចលនា​រាង​កាយ បាន​ជួយ​ដល់​ការ​រំលាយ​អាហារ​តាមរយៈ​ជំរុញ​ឲ្យ​មាន​ការ​រំញោច​នៅ​ក្រពះ និង​ពោះវៀន​។ ការណ៍​នេះ បាន​ធ្វើ​ឲ្យ​អាហារ​ដែល​យើង​ញ៉ាំ​ធ្វើ​ចលនា​ឆ្លង​កាត់​ប្រព័ន្ធ​រំលាយ​អាហារ​បាន​លឿន​។

    បន្ថែម​ពី​នេះ ការ​ធ្វើ​ចលនា​បន្តិច​បន្តួច​ក្រោយ​ញ៉ាំ​អាហារ​ទំនង​ជា​អាច​ជួយ​ការ​ពារ​សុខភាព​​ប្រព័ន្ធ​រំលាយអាហារ​បាន​ដូច​គ្នា​។

    តាម​ទិន្នន័យ​ថ្មីៗ​នេះ បង្ហាញ​ថា​ពេល​វេលា​ដែល​ល្អ​បំផុត​សម្រាប់​ដើរ​ក្រោយ​អាហារ​គឺ​​អាច​ថា​ភ្លាមៗ​ក្រោយ​ញ៉ាំអាហារ ឬ​យូរ​ជាង​នេះ​បន្តិច​​។ ការ​ដើរ​ភ្លាមៗ​ក្រោយ​ញ៉ាំ​អាហារ​ អាច​ជួយ​បង្កើន​ការ​រំលាយអាហារ និង​ជួយ​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​បាន​ទៀត​ផង​។ ការ​ដើរ​ក្រោយ​​ញ៉ាំ​អាហារ គ្នា​យើង​អាច​មាន​ជម្រើស តែ​ថា​បើ​ដើរ​ក្រោយ​ពេល​អាហារ​ល្ងាច អាច​ជា​ពេល​ដែល​ល្អ​បំផុត​មួយ​​។

    ដើរក្រោយបាយ

    ២. គួរ​ដើរ​រយៈពេល​ប៉ុន្មាន?​

    ជា​ការ​ណែ​នាំ ការ​ដើរ​ក្រោយ​ញ៉ាំ​អាហារ គួរ​តែ​ធ្វើ​ឡើង​ត្រឹម​រយៈពេល​១០​នាទី​ ចំពោះ​ការ​ចាប់​ផ្ដើម​ដំបូង​ៗ​ បន្ទាប់​មក​គ្នា​យើង​អាច​បង្កើន​រយៈពេល​តាម​ដែល​រាង​កាយ​យើង​អាច​ទទួល​យក​បាន​។​

    ការ​ដើរ​ប្រហែល​១០​នាទី ជួយ​ឲ្យ​យើង​ទទួល​បាន​គុណ​ប្រ​យោជន៍​ចំពោះ​ប្រ​ព័ន្ធ​រំលាយអាហារ​ដូច​បាន​រៀប​រាប់​ខាង​លើ​។ នៅ​ពេល​ដែល​យើង​ទម្លាប់​ដើរ​បាន​ក្នុង​រយៈពេល​ប្រហែលជា​១០​នាទី​រាល់​ថ្ងៃ​ហើយ គ្នា​យើង​អាច​ចាប់​ផ្ដើម​បង្កើន​ការ​ដើរ​នេះ​រហូត​ដល់​៣០​នាទី ដើម្បី​ទទួល​បាន​ប្រយោជន៍​​ដល់​សុខភាព​កាន់​តែ​ច្រើន​។​

    យ៉ាងណា គ្នា​យើង​កុំ​ច្រឡំ​ថា បើ​ដើរ​ក្រោយ​បាយ​បាន​ប្រយោជន៍​ច្រើន នោះ​រត់​រឹត​តែ​បាន​ប្រយោជន៍​ចំពោះ​សុខ​ភាព​កាន់​តែ​ច្រើន​នោះ។ ការ​រត់​ក្រោយ​បាយ​​ មិន​ត្រឹម​តែ​មិន​ល្អ​ចំពោះ​ប្រ​ព័ន្ធ​រំលាយ​អាហារ​ទេ តែ​វា​បែរ​ជា​ធ្វើ​ឲ្យ​មាន​បញ្ហា​ប្រ​ព័ន្ធ​រំលាយអាហារ​ទៅ​វិញ ដូច​ជា​ចង្អោរ ចាល់​អាស៊ីដ​ក្រពះ ឬ​ពិបាក​រំលាយ​អាហារ​ទៅ​វិញ​។

    ជា​ការ​ណែនាំ គ្នា​យើង​មិន​ត្រូវ​ដើរ​ក្នុង​ល្បឿន​លឿន​ពេក​ដែរ ជា​ការ​ល្អ​គឺ​ដើរ​ក្នុង​ល្បឿន​ប្រហែល​៥គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Apr 09, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម