backup og meta

វិធីសាស្ត្រ​ទាំង​​៧​ ជួយ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ដំណើរ​រលូន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jun 21, 2021

    វិធីសាស្ត្រ​ទាំង​​៧​ ជួយ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ដំណើរ​រលូន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    ​នៅ​ពេល​ដែល​យើង​ញ៉ាំ​ស្ពៃក្ដោប​ច្រើន​ យើង​អាច​មាន​​បញ្ហា​ចុក​ពោះ ​និង​មានជាតិ​ហ្គាសក្នុង​ពោះ​​ ដោយ​សារ​តែ​ក្រពះ​របស់​យើង​មិន​អាច​ធ្វើការ​រំលាយ​ជាតិ​ស្ករ​​ពី​អាហារទាំង​នោះ​បាន​ល្អ​។​ យ៉ាង​ណា​មិញ ​តាម​រយៈ​ការ​ហាត់​យូហ្គា ឬ​គេង​ផ្អៀង​ទៅ​ខាង​ឆ្វេង​ យើង​អាច​ធ្វើ​ឲ្យ​ចរន្ត​ឈាម​ និង​​​ការ​រំលាយ​អាហារ​ដំណើរ​ការ​ប្រសើរ​ឡើង​។​

    ពិត​ណាស់​​ កម្រិត​ស្រ្តេស​ ឬ​ការ​ថប់បារម្ភ​ខ្ពស់​ក៏​អាច​ប៉ះពាល់​ដល់​ប្រព័ន្ធ​​រំលាយ​អាហារ​ផង​ដែរ​។ យ៉ាង​ណា​មិញ​ ដើម្បី​ជួយ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​របស់​យើង​​មាន​ភាព​ប្រសើរ​ឡើង​ យើង​គប្បី​អនុវត្ត​វិធីសាស្ត្រ​សាមញ្ញ​ទាំង​នេះ​។

    ១. គេង​ផ្អៀង​ទៅ​ខាង​ឆ្វេង

    ក្រពះ​ និង​លំពែង​ស្ថិត​នៅ​ផ្នែក​ខាង​ឆ្វេង​នៃ​រាងកាយ​ ហើយ​វា​ក៏​ជា​ផ្នែក​នៃ​ប្រព័ន្ធ​រំលាយ​អាហារ​។ ដូច្នេះ​ហើយ​ ការ​គេង​ផ្អៀង​ទៅ​ខាង​ឆ្វេង​អាច​​ធ្វើ​ឲ្យ​អាហារ​ពី​ក្រពះ​របស់​យើង​ឆ្លង​កាត់​ទៅ​កាន់​ពោះវៀន​តូច​កាន់​តែ​ងាយ​ស្រួល​។​ បន្ថែម​ពី​នេះ​ វា​ក៏​ជួយ​បង្កើន​ការ​បញ្ចេញ​អង់ស៊ីម​លំពែង​ ដែល​មាន​តួនាទី​បំបែក​ចំណី​អាហារ​​។​ មួយ​វិញ​ទៀត​ វា​ក៏​អាច​កាត់​បន្ថយ​ការ​ឈឺចាប់​ពី​ការ​ក្រហាយ​ទ្រូង​​​ថែម​ទៀត​ផង​។

    ២. ញ៉ាំ​អាហារ​ជាតិ​សរសៃ​ និង​អាហារ​ឡើង​មេ

    ជាតិ​សរសៃ​ជួយ​​ឲ្យ​យើង​បន្ទោបង់​ទៀងទាត់​ និង​ប្រក្រតី។​ អាហារ​ដែល​មាន​ជាតិ​សរសៃ​ខ្ពស់​ភាគ​ច្រើន​មាន​ជាតិ​​ស្ករ​ ខ្លាញ់​ និង​កាឡូរី​ទាប ដែល​រួម​មាន​សណ្ដែក​ ផ្លែ​ប័រ​ គ្រាប់​ធញ្ញជាតិ​ទាំង​មូល​ ផ្លែ​ប៉ោម​ និង​ផ្លែឈើ​ក្រៀម​។ល។​ ជាមួយ​គ្នា​នេះ​ដែរ​ យើង​គប្បី​បញ្ចូល​អាហារ​ឡើង​មេ​ ដូចជា​ទឹក​ដោះ​គោ​ជូរ​Probiotic ​និង​គីម​ឈី​ជា​ដើម​។

    ប្រព័ន្ធរំលាយអាហារ

    ៣. ជៀសវាង​អាហារ​ពិបាក​​រំលាយ​

    អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ដូចជា​ឈីស​បឺហ្គឺ​ ឬ​​ភីហ្សា​ អាច​ធ្វើ​ឲ្យ​យើង​​ហើម​ពោះ​រយៈពេល​​ជា​ច្រើន​ម៉ោង​ ពីព្រោះ​វា​ត្រូវការ​ពេលវេលា​ដើម្បី​ឲ្យ​រាងកាយ​ធ្វើ​ការ​រំលាយ​អាហារ​​ទាំង​នោះយូរ​​។​ ​ជា​ទូទៅ​ អាហារ​ប្រភេទ​នេះ​អាច​បង្កើន​ហ្គាស​ក្នុង​ក្រពះ ចុក​ពោះ​ ឬ​ពិបាក​ក្នុង​ការ​រំលាយ​អាហារ​។

    ៤. អង្គុយ​ញ៉ាំ​អាហារ​ឲ្យ​បាន​ត្រឹមត្រូវ​

    នៅ​ពេល​ដែល​យើង​ដើរ​បណ្ដើរ​ញ៉ាំ​អាហារ​បណ្ដើរ​ យើង​អាច​ញ៉ាំ​អាហារ​កាន់​តែ​ច្រើន​ ពីព្រោះ​​ក្រពះ​របស់​យើង​​រំលាយ​អាហារ​​យ៉ាង​ឆាប់​រហ័ស​។​ ផ្ទុយ​ទៅ​វិញ​ នៅ​ពេល​ដែល​យើង​អង្គុយ​ចុះ​ ចរន្ត​ឈាម​របស់​យើង​នឹង​ដំណើរការ​កាន់​តែ​ល្អ​ប្រសើរ​។​ សូម្បី​តែ​ការ​អង្គុយ​ពែនភ្នែន​ញ៉ាំ​អាហារ​ក៏​ផ្ដល់​អត្ថប្រយោជន៍​កាន់​តែ​ច្រើន ពីព្រោះ​វា​អាច​ជួយ​សម្រួល​​សម្ពាធ​ឈាម​​នៅ​ជុំវិញ​បេះដូង​ និង​ធ្វើ​ឲ្យ​​ដំណើរការ​រំលាយ​អាហារ​​​កាន់​តែ​ល្អ​ប្រសើរ​​។

    ៥. ទឹក​ជួយ​ដោះស្រាយ​បញ្ហា​ទល់​លាមក​

    ​ទន្ទឹម​នឹង​នេះ​ដែរ​​ ទឹក​ជួយ​បំបែក​អាហារ​ដែល​យើង​ញ៉ាំ​ ដូច្នេះ​ហើយ​រាងកាយ​របស់​យើង​អាច​ស្រូប​យក​សារធាតុ​ចិញ្ចឹម​កាន់​តែ​​ល្អ​ជាង​មុន​។​ ​ពិត​ណាស់​ ទឹក​អាច​ជួយ​​ដល់​ការ​រំលាយ​អាហារ​ ហើយ​វា​ក៏​មាន​អត្ថប្រយោជន៍​យ៉ាង​ខ្លាំង​​ ប្រសិនបើ​យើង​កំពុង​តែ​ជួប​ប្រទះ​បញ្ហា​ទល់​លាមក​។​

    ៦.​ញ៉ាំ​អាហារ​នៅ​​ម៉ោង​ដដែល​ៗ​ជា​រៀងរាល់​ថ្ងៃ​

    ការ​កំណត់​​ម៉ោង​​​ញ៉ាំ​អាហារ​ឲ្យ​បាន​ច្បាស់លាស់​ អាច​ធ្វើ​ឲ្យ​រាងកាយ​របស់​យើង​ដឹង​​​ពី​​ពេល​វេលា​​ដែល​ត្រូវ​រំលាយ​អាហារ​។ ការ​ញ៉ាំ​​អាហារ​មិន​ទៀងទាត់​អាច​បង្កើន​ហានិភ័យ​សុខភាព​ជា​ច្រើន​ ហើយ​វា​ក៏​អាច​ធ្វើ​ឲ្យ​យើង​ឡើង​ទម្ងន់​ដូច​គ្នា​។​

    ៧. ធ្វើ​សមាធិ​ និង​គ្រប់គ្រង​ស្រ្តេស​

    ប្រសិនបើ​យើង​ស្រ្តេស​ រាងកាយ​យើង​មាន​សម្ពាធ​ ហើយ​​វា​ធ្វើ​ឲ្យ​​ការរំលាយអាហារ​មាន​ភាព​យឺតយ៉ាវ​។​ ជា​លទ្ធផល​ វា​នឹង​​បណ្ដាល​ឲ្យ​យើង​ហើម​ពោះ​ ចុកពោះ​ ពិបាក​ក្នុង​ការ​រំលាយ​អាហារ​ ឬ​ទល់​លាមក​។​ ​នៅ​ពេល​ដែល​យើង​​ស្រ្តេស​ច្រើន​ យើង​អាច​នឹង​កើន​ឡើង​ ឬ​ថយ​ចុះ​ចំណង់​អាហារ​ ដែល​វា​ផ្ដល់​ផល​ប៉ះពាល់​ដល់​សុខភាព​របស់​យើង​​ដូច​គ្នា​។

    ដូច្នេះ​ហើយ​ ចូរ​ព្យាយាម​ធ្វើ​សមាធិ ក៏​ដូច​ជា​កាត់​បន្ថយ​ស្រ្តេស​តាម​វិធីសាស្ត្រ​ផ្សេង​ៗ​ ដូចជា​ធ្វើ​លំហាត់​ប្រាណ​ ស្ដាប់​តន្ត្រី អាន​សៀវភៅ​ជាដើម​ ដើម្បី​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​របស់​យើង​មាន​ដំណើរការ​​ល្អ​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jun 21, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម