ញុំាទឹកក្រូចឆ្មារល្អចំពោះសុខភាព តែគួរញ៉ាំក្រោយបាយ
ការញុំាទឹកក្រូចឆ្មាររាល់ព្រឹកពេលពោះទទេអាចជួយបន្សាបជាតិពុលក្នុងខ្លួន និងមានប្រយោជន៍ច្រើនដល់សុខភាព ប៉ុន្តែក៏មានគុណវិបត្តិច្រើនដែរ។ តើការញុំាទឹកក្រូចឆ្មាររាល់ព្រឹកធ្វើឱ្យប៉ះពាល់សុខភាពដូម្តេចខ្លះ? ដោយសារក្រូចឆ្មារមានជាតិអាស៊ីដ ការញុំាទឹកក្រូចឆ្មាររាល់ព្រឹកអាចបណ្តាលឱ្យយើងជួបបញ្ហាមួយចំនួនដែរ។ ១. ក្រហាយទ្រូង តាមការស្រាវជ្រាវបានឱ្យដឹងថា ជាតិអាស៊ីដនៅក្នុងក្រូចឆ្មារអាចធ្វើឱ្យយើងក្រហាយទ្រូង ឬចាល់ជាតិអាស៊ីដក្រពះ។ ចង់ពិនិត្យសុខភាពក្រពះពោះរៀន ចុចទីនេះ! ២. សឹកកាចាធ្មេញ យោងតាមសមាគមធ្មេញអាមេរិកបានឱ្យដឹងថា ការញុំាទឹកក្រូចឆ្មារច្រើនអាចធ្វើឱ្យសឹកកាចាធ្មេញ និងពុកធ្មេញដូចការញុំាភេជ្ជៈផ្អែមៗដែរ។ ៣. ឈឺសន្លាក់ ការញុំាទឹកក្រូចឆ្មារក្នុងរយៈពេលយូរ និងក្នុងបរិមាណច្រើនអាចបណ្តាលឱ្យទឹកសន្លាក់នៅចន្លោះឆ្អឹងថយចុះដែលបណ្តាលឱ្យយើងធ្វើឈឺសន្លាក់។ ៤. អាចបណ្តាលឱ្យយើងឈឺក្បាល ការស្រាវជ្រាវមួយចំនួនបានលើកឡើងថា ផ្លែឈើអម្បូរក្រូចដូចជា ក្រូច ក្រូចឆ្មារជាដើមអាចអាចបណ្តាលឱ្យយើងឈឺក្បាល ព្រោះផ្លែឈើទាំងនេះមានសារធាតុ Tyramine ខ្ពស់ដែលបណ្តាលឱ្យយើងអាលែកហ្ស៊ី។ ៥. បណ្តាលឱ្យដំបៅមាត់ យោងតាមសមាគមធ្មេញអាមេរិកបានឱ្យដឹងថា អាហារមានជាតិអាស៊ីដអាចបណ្តាលឱ្យយើងដំបៅមាត់។ ម៉្យាងទៀត ការញុំាទឹកក្រូចឆ្មារអាចបណ្តាលឱ្យដំបៅមាត់កាន់តែធ្ងន់ធ្ងរ ប្រសិនបើយើងដំបៅមាត់ស្រាប់។ ការញុំាទឹកក្រូចឆ្មារពេលពោះទទេអាចធ្វើឱ្យយើងឈឺក្រពះ ព្រោះក្រូចឆ្មារមានជាតិអាស៊ីដច្រើន។ ដើម្បីកាត់បន្ថយបញ្ហាយើងអាចបន្ថែមទឹកឃ្មុំ និងញុំាក្រោយអាហារប្រហែលកន្លះម៉ោងទៅមួយម៉ោង។ លើសពីនេះទៅទៀត យើងគួរញុំាទឹកក្រូចឆ្មារមួយថ្ងៃរំលងមួយថ្ងៃ និងចៀសវាងការញុំាច្រើន។