ជំងឺខ្លាញ់រុំថ្លើម ជាស្ថានភាពមួយដែលបរិមាណខ្លាញ់ផ្ទុកក្នុងថ្លើមមានច្រើនហួសពីសភាពធម្មតា។ មនុស្សមួយចំនួនមានជំងឺនេះ តែមិនចេញរោគសញ្ញា ឬធ្វើទុក្ខធ្ងន់ធ្ងរអ្វីទេ។ ប៉ុន្តែក្នុងករណីខ្លះ ជំងឺខ្លាញ់រុំថ្លើមអាចនាំឲ្យខូចថ្លើមបាន។ យ៉ាងណា យើងអាចការពារបញ្ហានេះបានដោយផ្លាស់ប្តូររបៀបរបបរស់នៅប្រចាំថ្ងៃមួយចំនួន។
១. តួនាទីរបស់ថ្លើម
ថ្លើមជាសរីរាង្គធំមួយក្នុងរាងកាយរបស់យើង និងបានធ្វើការងារជាច្រើនមុខសំខាន់ៗ។ ថ្លើមជួយបំប្លែងអាហារទៅជាថាមពល ជួយដំណើរការកូលេស្តេរ៉ូល សម្អាតជាតិពុលពីក្នុងឈាម និងបង្កើតប្រូតេអ៊ីនជួយឲ្យមានកំណកឈាម(បិទស្នាមរបួសឲ្យឆាប់ជាសះស្បើយ)។ ក្រៅពីនេះថ្លើមនៅជួយផ្ទុកជាតិដែក ហើយក៏នៅជួយប្រឆាំងនឹងការឆ្លងរោគផ្សេងៗដោយបានបង្កើតការឆ្លើយតបប្រព័ន្ធភាពស៊ាំ កម្ចាត់បាក់តេរី ពីក្នុងឈាមផងដែរ។
២. ជំងឺខ្លាញ់រុំថ្លើម
ជំងឺខ្លាញ់រុំថ្លើម កើតឡើងនៅពេលមានខ្លាញ់ច្រើនពេកនៅក្នុងថ្លើម។ ថ្លើមមានសុខភាពល្អមានបរិមាណខ្លាញ់តិចតួចប៉ុណ្ណោះ។ ខ្លាញ់ក្នុងថ្លើមចាប់ផ្ដើមបង្កជាបញ្ហានៅពេលខ្លាញ់នេះកើនដល់៥ទៅ១០ភាគរយនៃទម្ងន់ថ្លើម។
ក្នុងករណីជាច្រើន ជំងឺខ្លាញ់ក្នុងថ្លើមមិនបង្កជាបញ្ហាធ្ងន់ធ្ងរ ឬរារាំងដល់ដំណើរការជាប្រក្រតីរបស់ថ្លើមនោះទេ។ ប៉ុន្តែ ក៏មានដែរ មនុស្សមានជំងឺ ខ្លាញ់រុំថ្លើមពី៧%ទៅ៣០% នឹងមានស្ថានភាពជំងឺកាន់តែអាក្រក់នៅពេលកើតរយៈពេលកាន់តែយូរ។
ការវិវត្តនៃជំងឺនេះមានបីប្រភេទ៖
- ថ្លើមចាប់ផ្ដើមរលាក (ហើម) ដែលអាចខូចជាលិកា នៅដំណាក់កាលនេះគេហៅថាខ្លាញ់រុំថ្លើម។
- ជាលិកាស្នាមកើតមាននៅត្រង់កន្លែងថ្លើមដែលខូច ដំណាក់កាលនេះហៅថា ស្នាមលើថ្លើម។
- ជាលិកាស្នាមរីកកាន់តែធំ ជំនួសឲ្យជាលិកាថ្លើមដែលមានសុខភាពល្អ។ មកដល់ចំណុចនេះ គឺមានជំងឺក្រិនថ្លើមហើយ។
ក្រិនថ្លើមកើតចេញពីការខូចខាតធ្ងន់របស់ថ្លើម។ ជាលិកាស្នាមឡើងក្រាស ជំនួសឲ្យជាលិកាថ្លើមមានសុខភាពល្អ ដែលអាចបន្ថយមុខងាររបស់ថ្លើម។ ចុងក្រោយ វាអាចបញ្ឈប់ដំណើរការរបស់ថ្លើមទាំងស្រុងតែម្ដង។ ក្រិនថ្លើមអាចនាំឲ្យថ្លើមខ្សោយ ឬជំងឺមហារីកថ្លើម។
អ្នកងាយប្រឈមជំងឺខ្លាញ់រុំថ្លើមរួមមាន៖
- ស្រ្តីក្នុងវ័យអស់រដូវ
- អ្នកធាត់ខ្លាំង មានកម្រិតខ្លាញ់ក្បាលពោះច្រើន
- អ្នកមានសម្ពាធឈាមខ្ពស់ ជំងឺទឹកនោមផ្អែម ឬកូលេស្តេរ៉ូលខ្ពស់
- អ្នកមានបញ្ហាគេងបាត់ដង្ហើម
៣. វិធីបង្ការជំងឺខ្លាញ់រុំថ្លើម
វិធីល្អបំផុតក្នុងការចៀសវាងជំងឺខ្លាញ់រុំថ្លើម គឺត្រូវរក្សាសុខភាពទូទៅឲ្យបានល្អ៖
- រក្សាទម្ងន់ខ្លួនឲ្យនៅល្អ។ បើសិនជាលើសទម្ងន់ ឬធាត់ ត្រូវព្យាយាមសម្រកទម្ងន់
- ហាត់ប្រាណជាប្រចាំ
- កម្រិតការផឹកគ្រឿងស្រវឹង
- ប្រើប្រាស់ថ្នាំតាមការវេជ្ជបញ្ជា
[embed-health-tool-bmr]