មានការលើកឡើងតៗគ្នាថា ការញ៉ាំអាហារមិនទៀងពេល ឬចូលចិត្តញ៉ាំម្ទេស យូរៗទៅធ្វើឲ្យយើងកើតជំងឺក្រពះ។ បញ្ហានេះលោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត អ៊ុង ចក្រាវុធ ឯកទេសជំងឺ ថ្លើម ក្រពះ ពោះវៀន អះអាងថា មិនពិតនោះទេ។
លោកវេជ្ជបណ្ឌិតថា ការដែលញ៉ាំអាហារមិនទៀងពេល មិនមែនជាមូលហេតុនាំឲ្យឈឺក្រពះនោះទេ ប៉ុន្តែការដែលពេទ្យសំណូមពរឲ្យញ៉ាំអាហារទៀងពេល គឺដើម្បីសុខភាពទូទៅ។ “បើនិយាយថា ការញ៉ាំមិនទៀងពេល ខ្ញុំគ្រូពេទ្យហ្នឹងហើយញ៉ាំមិនទៀងពេលលើសគេលើសឯង’។
ពាក់ព័ន្ធនឹងការញ៉ាំហឹរ ឬញ៉ាំម្ទេសវិញ លោកសាស្ត្រាចារ្យបង្រៀននៅសាកលវិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាលរូបនេះបកស្រាយថា នៅក្នុងវិទ្យាសាស្ត្រមិនមានការស្រាវជ្រាវណាមួយបញ្ជាក់ថា ការញ៉ាំម្ទេសនាំឲ្យឈឺក្រពះនោះទេ គ្រាន់តែបើយើងឈឺក្រពះ ហើយញ៉ាំម្ទេសថែមទៀត រឹតឲ្យក្រហល់ក្រហាយក្រពះបន្ថែមតែប៉ុណ្ណោះ។
ចំពោះមូលហេតុសំខាន់ៗនាំឲ្យកើតជំងឺក្រពះ រួមមាន៖
– ប្រើថ្នាំដោយគ្មានវេជ្ជបញ្ជា ពិសេសថ្នាំបំបាត់ការឈឺចាប់
– ជក់បារី
– ផឹកគ្រឿងស្រវឹង
– ស្ត្រេសខ្លាំង ជាដើម។
លោកវេជ្ជបណ្ឌិតបន្ថែមថា បើមិនមានមូលហេតុទាំងប៉ុន្មានខាងលើរួមផ្សំទេ ការញ៉ាំមិនទៀងពេល ឬញ៉ាំហឹរតែមួយមុខ មិនធ្វើឲ្យកើតជំងឺក្រពះនោះឡើយ។ ទោះជាយ៉ាងណាក៏ដោយ លោកវេជ្ជបណ្ឌិតថា បើមានជំងឺក្រពះហើយ យើងញ៉ាំមិនទៀងពេល ឬញ៉ាំហឹរទៀត រឹតតែធ្វើឲ្យអ្នកជំងឺកាន់តែធ្វើទុក្ខបន្ថែមទៀត។
[embed-health-tool-bmr]