១. បញ្ហាថប់បារម្ភ និងសុខភាពក្រពះពោះវៀន
មនុស្សមួយចំនួនពេលមានអារម្មណ៍តានតឹងក្នុងចិត្ត ថប់បារម្ភ ដូចជាមុនធ្វើកិច្ចការពិសេសអ្វីមួយ អាចនឹងមានអារម្មណ៍ចង្អោរ ឬពេលខ្លះស្ត្រេសខ្លាំងពេក ក៏អាចធ្វើឲ្យមានការឈឺចាប់នៅពោះវៀនផងដែរ។ បញ្ហាផ្លូវអារម្មណ៍ និងកត្តារាងកាយមួយចំនួនរួមបញ្ចូលគ្នា ធ្វើឲ្យមនុស្សយើងអាចមានការឈឺចាប់ និងមានចេញរោគសញ្ញានៅពោះវៀន។ បញ្ហាផ្លូវចិត្តដូចជាស្រ្តេស បាក់ទឹកចិត្ត សុទ្ធតែមានឥទ្ធិពលលើចលនា និងការកន្ត្រាក់របស់ប្រព័ន្ធរំលាយអាហារ។
មនុស្សមួយចំនួន មានបញ្ហាប្រព័ន្ធរំលាយអាហារអាចឈឺចាប់ស្រួចស្រាល់ច្រើនជាងអ្នកផ្សេង ដោយសារតែខួរក្បាលអ្នកទាំងនោះឆ្លើយតបខ្លាំងទៅនឹងសញ្ញាឈឺចាប់បញ្ជូនពីប្រព័ន្ធរំលាយអាហារ។ ជាមួយគ្នានេះដែរ ស្រ្តេស ក៏អាចធ្វើឲ្យការឈឺចាប់ដែលមានស្រាប់ កាន់តែឈឺអាក្រក់ឡើងផងដែរ។