រលាកក្រពះពោះវៀន ជាបញ្ហានៃសុខភាពប្រព័ន្ធរំលាយអាហារ ដែលគ្នាយើងគ្រប់រូបសុទ្ធតែមានភាគរយខ្ពស់ប្រឈមនឹងកើតជំងឺនេះ។ ជំងឺរលាកក្រពះពោះវៀនវិវត្តទៅតាមកម្រិតរបស់វា ពីកម្រិតស្រាលរហូតដល់កម្រិតធ្ងន់ធ្ងរ បើយើងមិនចាប់អារម្មណ៍ បញ្ហានេះអាចបង្កឲ្យសុខភាពជួបនឹងជំងឺដទៃទៀត។
ក្នុងករណីកម្រិតស្រាល ជំងឺរលាកក្រពះពោះវៀនកើតឡើងដោយសារតែការញ៉ាំមិនទៀងពេល ចំណីអាហារសម្បូរគីមី ញ៉ាំសាច់ច្រើន គេងមិនលក់ ផឹកស្រា ឬជក់បារីជាដើម។ ចំណែកការវិវត្តទៅជាករណីធ្ងន់ធ្ងរ ក៏ព្រោះតែមិនព្យាបាលរលាកក្រពះពោះវៀនកម្រិតស្រាលទាន់ពេល និងមិនយកចិត្តទុកដាក់ ហើយបញ្ហាសុខភាពក្រពះពោះវៀននេះ ក៏អាចធ្វើឲ្យប្រព័ន្ធការពាររាងកាយ និងប្រព័ន្ធរំលាយអាហារចុះខ្សោយ។ នេះបើតាមការឲ្យដឹងពីលោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ។
ជំងឺវិវត្តឡើងដោយសាររលាកក្រពះពោះវៀនរ៉ាំរ៉ៃ
– ចុករោយដៃជើង ចង្កេះ ស្មា កញ្ចឹងក ជំងឺស្ត្រេស និងឈឺចាប់តាមសន្លាក់
– បញ្ហាស្បែក អណ្ដាតស ការចងចាំចុះខ្សោយ
– លើសជាតិអាស៊ីដ លើសខ្លាញ់ និងលើសជាតិពុល
– ខ្វះជាតិស្ករ កាល់ស្យូម គ្រាប់ឈាមក្រហម និងខ្វះអុកស៊ីសែន
– បង្កឲ្យកើតជំងឺទល់លាមក ស្អិតពោះវៀនធំ
– បង្កឲ្យរលាកប្លោកនោម តម្រងនោម ថ្លើម និងជំងឺធាត់
– បណ្ដាលឲ្យមានជំងឺបេះដូង លើសឈាម និងទឹកនោមផ្អែម
– ស្គមស្គាំង រហូតអាចកើតជំងឺមហារីកក្រពះ ឬមហារីកពោះវៀន និងជំងឺផ្សេងៗទៀត។
ចំពោះរោគសញ្ញាដែលយើងគួរកត់សម្គាល់នៃជំងឺរលាកក្រពះពោះវៀនមានដូចជា រាករូស ក្អួតចង្អោរញឹកញាប់ វិលមុខ ញ៉ាំមិនសូវបាន ហើមពោះ មិនដើរខ្យល់ ឈឺចុកចាប់ ក្ដៅ ក្រហាយនៅចុងដង្ហើម ពិបាកបត់ជើងធំ និងមានអាការៈធ្វើទុក្ខទៀងពេល។
យ៉ាងណាមិញ លោកវេជ្ជបណ្ឌិតដដែលបានណែនាំឲ្យគ្នាយើងចេះថែទាំ និងស្រលាញ់សុខភាពប្រព័ន្ធរំលាយអាហារ ដើម្បីចៀសផុតពីជំងឺរលាកក្រពះពោះវៀន និងជំងឺប្រព័ន្ធរំលាយអាហារផ្សេងទៀតដោយ៖
- ញ៉ាំឲ្យបានទៀងទាត់
- ញ៉ាំអាហារចម្អិនឆ្អិនល្អ មានអនាម័យ
- ហាត់ប្រាណជាប្រចាំ
- កាត់បន្ថយស្រា និងកុំជក់បារី
- ចៀសវាងប្រើថ្នាំគ្មានវេជ្ជបញ្ជា។
[embed-health-tool-bmr]