ភើ ជាអាការៈធម្មជាតិមួយ និងជារឿងទូទៅមួយដែរ។ បើភើច្រើនដង និងមានទាំងហើមពោះ និងឈឺក្នុងពោះផងនោះ វានឹងអាចធ្វើឲ្យរំខានដល់សកម្មភាពប្រចាំថ្ងៃ និងអាចធ្វើឲ្យយើងខ្មាសគេផងដែរ។ យ៉ាងណា បើគ្រាន់តែភើ មិនបង្ហាញពីជំងឺប្រចាំកាយធ្ងន់ធ្ងរទេ ហើយអាចដោះស្រាយបានដោយផ្លាស់ប្ដូររបៀបរស់នៅមួយចំនួន។
ភើ ជាវិធីមួយដែលរាងកាយយើងបញ្ចេញខ្យល់លើសពីប្រព័ន្ធរំលាយអាហារផ្នែកខាងលើ។ ភើ ភាគច្រើនបង្កឡើងដោយសារការស្រូបខ្យល់ចូលក្នុងពោះច្រើនតាមរយៈការញ៉ាំអាហារលឿន ឬច្រើនពេក ឬផឹកភេសជ្ជៈ ទំពាស្ករកៅស៊ូ ឬញ៉ាំបណ្ដើរនិយាយបណ្ដើរជាដើម។ ខ្យល់ទាំងនោះ កម្រនឹងទៅដល់ក្រពះ ប៉ុន្តែនៅកច្រើនក្នុងបំពង់អាហារ។
ខាងក្រោមនេះជាវិធីមួយចំនួនដោះស្រាយភើ៖
ញ៉ាំ ឬផឹកយឺតៗ៖ ការញ៉ាំយឺតៗអាចជួយឲ្យយើងលេបខ្យល់ចូលក្នុងពោះតិចដែរ។ ដូចនេះ គ្នាយើងគួរចំណាយពេលវេលាសមរម្យមួយក្នុងការញ៉ាំអាហារ ជាជាងញ៉ាំលឿន ប្រញាប់ នាំឲ្យខ្យល់ចូលក្នុងពោះច្រើន។
ចៀសវាងភេសជ្ជៈកាបូន និងស្រាបៀរ៖ ស្រាបៀរ និងភេសជ្ជៈប្រភេទនេះ អាចបញ្ចេញកាបូឌីអុកស៊ីត។ ភេសជ្ជៈកាបូន សម្ដៅដល់ភេសជ្ជៈកំប៉ុងដូចជាទឹកក្រូច ទឹកសូដា ឬភេសជ្ជៈផ្អែមផ្សេងទៀត។
ចៀសវាងទំពាស្ករកៅស៊ូ៖ ពេលយើងទំពាស្ករកៅស៊ូ ឬជញ្ជក់ស្ករគ្រាប់ អាចធ្វើឲ្យយើងស្រូបខ្យល់ចូលក្នុងរាងកាយច្រើនជាងធម្មតា។
ធ្វើចលនា៖ ក្រោយញ៉ាំអាហារហើយ គ្នាយើងគួរដើរចុះឡើងបន្តិចដើម្បីសម្រួលដល់ប្រព័ន្ធរំលាយអាហារ។
កុំជក់បារី៖ ពេលស្រូបផ្សែងបារី អ្នកជក់បារីក៏ស្រូបខ្យល់ចូលក្នុងពោះដូចគ្នា។
ក្នុងករណីភើ នៅតែបន្តកើតមាន បូករួមទាំងអាការៈហើមពោះ បង្កការរំខានដល់សកម្មភាពប្រចាំថ្ងៃញឹកញាប់ នោះអាចថាយើងមានបញ្ហាសុខភាពណាមួយផ្សេងទៀតហើយដែរ។ ការណ៍នេះ យើងគួរទៅជួបគ្រូពេទ្យដើម្បីប្រឹក្សាយោបល់ និងទទួលបានការព្យាបាលត្រឹមត្រូវ។
[embed-health-tool-bmr]