ភាពឯកោគឺសំដៅលើការនៅតែម្នាក់ឯង គឺជាអារម្មណ៍មួយប្រភេទដែលធ្វើឲ្យយើងមានអារម្មណ៍ថាល្ហល្ហេវ និងមានអារម្មណ៍ថាគ្មានអ្នកណាត្រូវការ។ គ្នាយើងដែលមានអារម្មណ៍ឯកោអាចនឹងមានការលំបាកក្នុងបង្កើតទំនាក់ទំនងជាមួយនឹងអ្នកដទៃ។ ភាពឯកោនេះ ក៏អាចផ្តល់ផលអវិជ្ជមានទៅលើសុខភាពទាំងផ្លូវកាយ និងផ្លូវចិត្តយើងផងដែរ។
១. ជំងឺបាក់ទឹកចិត្ត
ទោះបីជាភាពឯកោមានលក្ខណៈខុសពីជំងឺបាក់ទឹកចិត្ត ប៉ុន្តែភាពឯកោត្រូវបានគេចាត់ចូលជារោគសញ្ញាជំងឺបាក់ទឹកចិត្ត។ ការសិក្សាមួយចេញផ្សាយនៅក្នុងព្រឹត្តិបត្រវិទ្យាសាស្ត្រ The Lancet កាលពីខែមករាកន្លងទៅនេះបានរកឃើញថាការផ្តាច់ខ្លួនពីសង្គម គឺជាកត្តាហានិភ័យមួយនៃភាពឯកោ។ ការសិក្សានេះក៏បានឲ្យដឹងទៀតថាអ្នកដែលមានជំងឺបាក់ទឹកចិត្តតែងមានអារម្មណ៍ឯកោជានិច្ច។
២. បង្កឲ្យមានការរលាក
យោងតាមការសិក្សាឆ្នាំ២០១៥ គេរកឃើញថាភាពឯកោអាចមានទំនាក់ទំនងជាមួយនឹងការរលាក។ នេះមកពីភាពឯកោអាចធ្វើឲ្យប្រព័ន្ធភាពស៊ាំចុះខ្សោយ ដែលអាចបង្កការរលាកបន្ថែម និងបណ្ដាលឲ្យមានជំងឺរ៉ាំរ៉ៃផ្សេងៗ។
៣. បង្កើនហានិភ័យជំងឺបេះដូង
ភាពឯកោអាចបង្កើនហានិភ័យនៃការវិវត្តជំងឺបេះដូង។ ការសិក្សាឆ្នាំ២០១៦ទៅលើសុខភាពបេះដូងបានឲ្យដឹងថាអ្នកដែលមានទំនាក់ទំនងក្នុងសង្គមតិចមានហានិភ័យខ្ពស់រហូតដល់៣០%នៃការមានជំងឺបេះដូង និងជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល។ អ្នកស្រាវជ្រាវក៏បានសន្មតថា នេះអាចមកពីកត្តាផ្សេងៗរួមផ្សំដែរ ដូចជាការជក់បារីជាដើម។
៤. ជំងឺលើសសម្ពាធឈាម
គ្នាយើងដែលមានអារម្មណ៍ឯកោងាយប្រឈមនឹងជំងឺលើសសម្ពាធឈាម នេះបើយោងតាមការសិក្សាឆ្នាំ២០១០ចេញផ្សាយនៅក្នុង អត្ថបទ Psychology and Aging។ ទោះបីជាអ្នកវិទ្យាសាស្ត្រមិនទាន់យល់ច្បាស់ពីមូលហេតុ ប៉ុន្តែការសិក្សានេះបានចង្អុលបង្ហាញថា ភាពឯកោអាចទាក់ទងនឹងការផ្លាស់ប្ដូរនៃសរសៃអាកទែរ។
៥. ជំងឺភ្លេចភ្លាំង
ភាពឯកោអាចបង្កផលវិបាកមួយចំនួនទៅលើមនុស្សវ័យចំណាស់ ដែលភាពឯកោនេះអាចមកពីការរស់នៅម្នាក់ឯង ឬបាត់បង់សមាជិកគ្រួសារ។ បញ្ហាដែលមនុស្សវ័យចំណាស់ងាយជួបប្រទះគឺ ជំងឺភ្លេចភ្លាំង។ ម៉្យាងទៀត បើសិនមនុស្សវ័យចំណាស់រស់នៅក្នុងបរិយាកាសដែលការប្រាស្រ័យទាក់ទងគ្នាក្នុងសង្គមមានកម្រិត នោះស្ថានភាពជំងឺភ្លេចភ្លាំងរបស់ពួកគាត់នឹងកាត់តែអាក្រក់ទៅៗដែរ។