ប្រសិនបើយើងដឹងថា មិត្តភក្តិ ឬសមាជិកគ្រួសារណាម្នាក់ចង់សម្លាប់ខ្លួន ឬបង្ហាញសញ្ញាព្រមាន ចង់សម្លាប់ខ្លួន យើងត្រូវជួយពួកគាត់ភ្លាម កាន់តែឆាប់កាន់តែល្អ ព្រោះពួកគាត់កំពុងស្ថិតក្នុងដំណាក់កាលទន់ខ្សោយបំផុត និងត្រូវការជំនួយភ្លាមៗ។ ខាងក្រោមនេះជាវិធីសាស្រ្តមួយចំនួនក្នុងការជួយអ្នកចង់សម្លាប់ខ្លួន។
ប្រសិនបើយើងសង្ស័យថា ថាមិត្តភក្តិ ឬសមាជិកគ្រួសារណាម្នាក់ចង់សម្លាប់ខ្លួន យើងត្រូវសួរពួកគាត់តាមត្រង់ថា “ពួកគាត់ចង់សម្លាប់ខ្លួនមែនទេ?” ព្រោះការសួរនេះអាចធ្វើឱ្យយើងដឹង និងអាចឱ្យយើងជួយសង្គ្រោះជីវិតរបស់ពួកគាត់ទាន់ពេល។ ប្រសិនបើពួកគាត់ឆ្លើយថា “មែន!” យើងត្រូវ៖
១. និយាយជាមួយ៖ ក្នុងការនិយាយជាមួយអ្នកចង់សម្លាប់ខ្លួន យើងត្រូវនិយាយដោយទន់ភ្លន់ មានភាពអាណិតអាសូរ និងមិនត្រូវវាយពីតម្លៃគំនិត ឬអារម្មណ៍របស់ពួកគេទេ។ យើងត្រូវឱ្យពួកគេដឹងថា យើងយកចិត្តទុកដាក់នឹងពួកគេ ហើយមានបំណងជួយ។ អ្វីដែលសំខាន់នោះគឺត្រូវស្តាប់ពួកគេរៀបរាប់ពីទុក្ខលំបាក ក៏ដូចជាអារម្មណ៍ និងត្រូវផ្តល់ក្តីសង្ឃឹមដល់ពួកគេ។ ខាងក្រោមនេះជាឧទាហរណ៍មួយចំនួនក្នុងការនិយាយជាមួយអ្នកទាំងនោះ៖
- “ ថ្មីៗនេះខ្ញុំសង្កេតឃើញថា បង/ប្អូនដូចជាប្លែកៗ ហើយខ្ញុំបារម្ភពីបង/ប្អូនខ្លាំងណាស់។”
- “ បង/ប្អូនចាប់ផ្តើមមានអារម្មណ៍ចង់សម្លាប់ខ្លួនតាំងពីពេលណា?”
- “ មានរឿងអីកើតឡើងទើបធ្វើឱ្យបង/ប្អូនចាប់ផ្តើមមានអារម្មណ៍បែបនេះ?”
- “ មានអីដែលខ្ញុំអាចជួយបានទេ ឬបង/ប្អូនត្រូវការជំនួយពីអ្នកផ្សេងទៀតទេ?”
- “ កុំបារម្ភបងនៅមានខ្ញុំ មានសមាជិកគ្រួសារ ឬអ្នកផ្សេងទៀតដែលចាំជួយ និងជួយរកវិធីជួយ។”
២. កុំទុកឱ្យពួកគេនៅតែឯង៖ យើងត្រូវនៅជាមួយពួកញេឬត្រូវមាននរណាម្នាក់នៅជាមួយពួកគេរហូតដល់យើងប្រាកដថាពួកគេលែងមានបំណងសម្លាប់ខ្លួន។
៣. យករបស់ដែលអាចបង្កគ្រោះថ្នាក់ចេញ៖ យើងត្រូវយក ថ្នាំ កាំបិត ឡាម ខ្សែ កាំភ្លើង ឬរបស់មុតស្រួចទាំងអស់ទៅលាក់ទុក ឬចេញឱ្យឆ្ងាយពីអ្នកចង់សម្លាប់ខ្លួន។
៤. ជួយពួកគេរកជំនួយ៖ យើងត្រូវជួយស្វែងរក និងទទួលជំនួយពីអ្នកដែលពួកគេត្រូវការដូចជា មិត្តភក្តិ ក្រុមគ្រួសារ មេភូមិ ឬអ្នកជំនាញដូចជា វេជ្ជបណ្ឌិត ឬអ្នកប្រឹក្សាយោបល់ ឬអង្គការសង្រ្គោះនានា ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ហើយទៅជាមួយពួកគេ ប្រសិនបើជាអាច។
ប្រសិនបើមិត្តភក្តិ ឬសមាជិកគ្រួសារកំពុងមានបំណងសម្លាប់ខ្លួន យើងត្រូវ៖
- ហៅអ្នកដែលនៅជិតៗមកជួយ។
- ទូរស័ព្ទសុំជំនួយពីអាជ្ញាធរ ក្រុមសង្រ្គោះ មិត្តភក្តិ ឬក្រុមគ្រួសារ។
- ទូរស័ព្ទហៅឡានសង្រ្គោះបន្ទាន់។
- កុំទុកពួកគាត់នៅតែឯង ត្រូវនៅជាមួយពួកគាត់ ហើយជួយពួកគាត់ឱ្យមានសុវត្ថិភាពរហូតដល់ក្រុមសង្រ្គោះមកដល់។
- ត្រូវយកកាំបិត ថ្នាំ អាវុធ ឬរបស់របរអ្វីដែលអាចបង្កគ្រោះថ្នាក់ដល់ជីវិតចេញឱ្យអស់។
- ព្យាយាមនិយាយជាមួយពួកគាត់ដោយទន់ភ្លន់ និងស្តាប់ពួកគាត់ ហើយសួរសំណួរដោយមិនធ្វើការវិនិច្ឆ័យអ្វីទាំងអស់។
- ត្រូវផ្តល់ក្តីសង្ឃឹមដល់ពួកគាត់ និងត្រូវធ្វើឱ្យពួកគាត់ដឹងថា យើងយកចិត្តទុកដាក់នឹងគាត់។
- ត្រូវនិយាយលួងលោមគាត់ថា មានមនុស្សជាច្រើនដែលត្រូវការពួកគាត់ យកចិត្តទុកដាក់នឹងពួកគាត់ និងចាំជួយពួកគាត់។