backup og meta

តិចនិក​ងាយៗ ជួយដោះស្រាយ​បញ្ហា​ញៀន​លេង​ទូរសព្ទមិនឈប់

ត្រួតពិនិត្យដោយ ទូច សុខា


អត្ថបទ​ដោយ សន សុភា · កែ Jun 21, 2021

    តិចនិក​ងាយៗ ជួយដោះស្រាយ​បញ្ហា​ញៀន​លេង​ទូរសព្ទមិនឈប់

    សម័យ​នេះ ជា​សម័យ​បច្ចេក​វិទ្យា ហេតុនេះ​បើ​គ្មាន​ស្មាត​ហ្វូន​ច្បាស់​ជា​ពិបាក​ហើយ ប៉ុន្តែយើង​​ត្រូវ​ចេះ​ប្រើ​ឲ្យ​បា​ត្រឹម​ត្រូវ ពិសេស​កុំ​ក្លាយ​ខ្លួន​ជា​មនុស្ស​ញៀន​ទូរសព្ទ។ គ្នា​យើងត្រូវ​ដឹង​ថា ស្មាត​ហ្វូន​យើងអាច​ចាត់​ទុក​មិត្ត​ល្អ​តែ​ ក៏អាចជះឥទ្ធិពល​មិន​ល្អ​ដល់​សុខភាព​ជា​ច្រើន ទាំង​ផ្លូវកាយ ផ្លូវចិត្ត ការ​ប្រាស្រ័យ​ទាក់​ទង ក៏​ដូចជាបញ្ហា​ផ្សេងៗ​ទៀត។ ហេតុនេះ​គួរ​កាត់​បន្ថយ​ខ្លះ​ទៅ ដោយ​ខាង​ក្រោម​នេះ ជា​តិចនិក​ខ្លះៗ​ជួយ​កុំ​ឲ្យញៀន​លេង​ទូរសព្ទ​ពេក។

    ១- តាម​ដាន​ការ​ប្រើ​ប្រាស់​របស់​យើង

    គ្នា​យើង​គិត​ថា​ខ្លួន​ញៀន​លេង​ទូរសព្ទ​មែន​អត់? អ៊ីចឹង​ក្នុង​ទូរសព្ទ​យើង​ច្បាស់​ជាមាន​កម្ម​វិធី​ណា​មួយ​ទាក់​ទាញ​ចំណាប់​អារម្មណ៍​យើង​ខ្លាំង​មិន​ខាន។

    ចំណុច​សំខាន់​នៅ​ត្រង់​នេះ គ្នា​យើង​ត្រូវ​តែ​តាម​ដាន​ការ​ប្រើ​ប្រាស់​របស់​ខ្លួន​ឲ្យ​បាន​ត្រឹម​ត្រូវ។ ព្យាយាម​ចាក​ឆ្ងាយ​ពី​កម្ម​វិធី​ណាមួយ ដែល​យើង​សង្កេត​ឃើញ​ថា យើង​ប្រើ​វា​ច្រើន​ជាង​គេ ព្រោះ​ថាអាច​ជា​មូលហេតុ​​ចម្បង​នាំ​ឲ្យ​យើង​កាន់​ទូរសព្ទមិនលែង។ ប៉ុន្តែ​បើធ្វើ​បែប​នេះ​ហើយ​នៅ​តែ​មិន​​អាច​ជួយ​បាន កុំ​ទាន់​អស់សង្ឃឹម ព្រោះ​មាន​កម្ម​វិធី​ទូរសព្ទ​មួយ​ចំនួន​អ្នក​ជួយ​កុំ​ឲ្យ​ញៀន​ប្រើ​ទូរសព្ទ​បាន​ដូច​ជា កម្មវិធី SPACE ឬ Moment សុទ្ធ​តែ​អាច​ជួយ​យើង​ស្វែង​រក​ចំណុច​កណ្តាល​មួយ​សម្រាប់​ជីវិត និង​ការ​ប្រើ​ទូរសព្ទ តាម​រយៈ​ការ​គ្រប់​គ្រង និង​ការ​កំណត់​ព្រំដែន​ប្រើ​ប្រាស់។

    ២- ឈប់​អូស​ចុះ​អូស​ឡើង​ទៀត

    ចំណុច​នេះ យើង​ច្បាស់​ជា​ទទួល​ស្គាល់​មិន​ខាន ដោយ​សារ​កម្មវិធី​បណ្តា​សង្គម​ល្បីល្បាញ​ជា​ច្រើន ដូចជា Facebook​ Instagram​ Pinterest និង​កម្ម​វិធី​មួយ​ចំនួន​ធំ​ទៀត ត្រូវ​គេ​ច្នៃ​បង្កើត​ឡើង​ជា​មួយ​មុខងារ​អូស​ចុះ​អូស​ឡើង ក៏​ជា​កត្តា​មួយ​នាំ​ឲ្យទទួល​បាន ឬ​ឃើញ​អ្វី​ថ្មីៗ​មិន​ចេះចប់​មិន​ចេះ​ហើយ។

    ទោះ​ជា​យ៉ាង​ណា មុខងារ​អូស​ចុះ​អូស​ឡើង ក៏​ធ្វើ​ឲ្យ​យើង​បាត់​បង់​ភាព​ច្បាស់​ការ​ចំពោះ​ពេល​វេលា​ប្រើ​ប្រាស់ ព្រោះ​រឿង​ថ្មីៗ​យើង​មិន​បាន​ដឹង មិន​ធ្លាប់​បាន​ឃើញ នឹង​ទាក់​ចិត្ត​យើង​ឲ្យ​នៅ​ជា​មួយ​ទូរសព្ទ​កាន់​តែ​យូរ។ ដូច​គ្នា​យើង​ដឹង​ស្រាប់ លើ​បណ្តាញ​សង្គម គឺ​មាន​រឿង​ថ្មីៗ​មិន​ចេញ​ចប់​មិន​ចេញ​ហើយ អាច​ធ្វើ​ឲ្យ​យើង​ភ្ញាក់​ផ្អើល និង​ចង់​តាម​ដាន​តទៅ​ទៀត នាំ​ឲ្យ​ខួរ​ក្បាល​យើង ត្រូវ​ការ​ចង់​ដឹង​ចង់​ឮ​រហូត និង​ធ្វើ​ឲ្យ​ការ​ប្រើ​ប្រាស់​កាន់​តែ​អូស​បន្លាយ។

    បើ​ទោះ​ជា​កម្មវិធី​បណ្តាញ​សង្គម​ភាគ​ច្រើន​មិន​អាច​ខ្វះ​បាន​ក្នុង​ជីវិត​រស់​នៅ​របស់​យើង​ក៏​ពិត​មែន ប៉ុន្តែ​​យើងអាច​សាក​ល្បង​លុប​កម្មវិធីខ្លះ​ចោល​ ពិសេស​កម្មវិធី​មាន​មុខងារ​អូស​ចុះ​អូស​ឡើង យើង​នឹង​ឃើញ​ថា យើង​នឹង​មាន​ពេល​ច្រើន​ជាង​មុន​សម្រាប់​ខ្លួន​ឯង។

    អត្ថបទ​ពាក់​ព័ន្ធ៖

    ៣- រម្ងាប់អារម្មណ៍

    រាល់​សារ​ជូន​ដំណឹង​ពី​កម្មវិធី​ទូរសព្ទ ឬ​បណ្តាញ​សង្គម ពិសេស​ ពេល​នរណា​ម្នាក់​បង្ហោះ​រូបភាព ឬ​ខ្លឹមសារ​លើ Facebook ឬ Instagram ច្បាស់ជា​ធ្វើ​ឲ្យ​អារម្មណ៍​យើង​ត្រេក​ត្រអាល ចង់​ដឹង​ចង់​ឮ​មិន​ខាន។ ប្រតិកម្ម​ទាំង​នេះ បង្កើត​ឡើង​ដោយ​សារ​សារធាតុ​ដូប៉ាមីន ក្នុង​ខួរ​ក្បាល ជា​សារធាតុ​ធ្វើ​ឲ្យ​អារម្មណ៍​សប្បាយ​រីករាយ ជា​ផ្នែក​សំខាន់​មួយ​នៃ​ប្រព័ន្ធ​ជូន​ដំណឹង​របស់​ខួរ​ក្បាល។ ហេតុ​នេះ យើង​មិន​អាច​បន្ទោស​ខ្លួន​ឯង​រឿង​ញៀន​លេង​ទូរសព្ទ​នោះ​ទេ។

    យ៉ាង​ណា ចង់​ជំនះប្រតិកម្ម​នេះ​បាន មាន​តែ​ចេះ​រម្ងាប់​អារម្មណ៍​ខ្លួន​ឯង ដូច​ជាការ​ធ្វើ​សមាធិ ហាត់​យូហ្គា ហាត់​ប្រាណ និង​បញ្ចេញ​សកម្មភាព​ផ្សេង​ទៀត អាច​ជួយ​រង្ងាប់​ប្បប្រតិកម្ម​ផ្លូវ​អារម្មណ៍​ដែល​ជា​កត្តា​ធ្វើ​ឲ្យ​អ័រម៉ូន​ដូប៉ាមីន​កើន​ឡើង ពិសេស​អាច​កាត់​បន្ថយ​អារម្មណ៍​សប្បាយ​របស់​យើង​ជា​មួយ​ទូរសព្ទ​បាន។

    អត្ថបទ​ពាក់​ព័ន្ធ៖

    ៤- ប្រើ​តែ​កម្ម​វិធី​ណា​​ដែល​មាន​ប្រយោជន៍

    ពិត​ណាស់ មាន​គ្រប់​យ៉ាង​ក្នុង​ហោប៉ៅ ច្បាស់​ជា​រឿង​ល្អ​ហើយ។ កម្មវិធី​ក្នុង​ទូរសព្ទ​យើង​ក៏​ដូច​គ្នា ត្រូវ​តែ​មាន​កម្មវិធី​សម្បូរ​បែប ដែល​យើង​ត្រូវ​ការ​សម្រាប់​ជីវិត​ប្រចាំ​ថ្ងៃ ដូច​ជា​កម្មវិធី​ម៉ាស៊ីន​គិត​លេខ កាមេរ៉ា ម៉ោងរោទ៍ និង​កម្មវិធី​ជាច្រើន​ទៀត។

    យ៉ាង​ណា​ធ្លាប់​មាន​អារម្មណ៍​ថា នៅ​ពេល​យើង​លើក​ទូរសព្ទ​ចង់​មើល​កម្មវិធី​អាកាសធាតុ ឬគិត​លេខទាំង​នោះ​សោះ ស្រាប់​តែ​មួយ​សន្ទុះ​ធំ ទើប​ភ្ញាក់​ខ្លួន យើង​កំពុង​ប្រើ Facebook ឬ Instagram ទៅវិញ។ នេះ​ជា​កត្តា​មួយ​ផ្សេង​ទៀត នាំ​ឲ្យ​យើង​កាន់​តែ​ចំណាយ​ពេល​យូរ​ជាមួយ​ទូរសព្ទ ហើយ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ គួរ​ប្រើ​ឧបករណ៍​​ផ្សេង​ទៀត ជំនួស​ស្មាត​ហ្វូន​របស់​យើង។

    ឧទាហរណ៍ អាច​ប្រើនាឡិការោទ៍​ពិត​ប្រាកដ ដើម្បី​អាច​ដក​ខ្លួន​យើង​នៅ​​ឲ្យ​ឆ្ងាយ​ពី​ទូរសព្ទ​អំឡុង​ពេល​កំពុង​គេង ក៏​អាច​ជួយ​យើង​មិន​ចំណាយ​ពេល​អត់​ប្រយោជន៍​ច្រើន​មុន​ចូល​គេង និង​ជួយ​ឲ្យ​ក្រោក​ពី​ដំណេក​ទាន់​ពេល​វេលា​ថែម​ទៀត។ មួយ​ទៀត បើ​ចង់​កត់​ចំណាំ​កិច្ច​ការ​អ្វី​មួយ​ដែល​ត្រូវ​ធ្វើ​បន្ត ក៏​គួរ​ប្រើ​សៀវភៅ​កត់​ត្រា និង​ប៊ិច​ពិត​ប្រាកដ ឬ​អាន​សៀវភៅ មិន​មែន​អាន​នៅ​លើ​ទូរសព្ទ។

    គន្លឹះ​ពិសេស​នេះ អាច​ជួយ​យើង​មិន​បើក​សោរ​ទូរសព្ទ​បាន ជួយ​ការពារ​យើង​ពី​ការ​ស្លុង​ទៅ​ក្នុង​បច្ចេក​វិទ្យា​ឌីជីថល ដែល​គេ​បំពាក់​ក្នុង​ទូរសព្ទ​ទំនើប​បច្ចុប្បន្ន​នេះ។

    មើលទូរសព្ទ

    ៥- ត្រូវ​ការ​ជំនួយ​ពី​មិត្តភ័ក្តិ ក្រុម​គ្រួសារ

    ក្នុង​ករណី​យើង​ជា​មនុស្ស​ញៀន​ទូរសព្ទ ជំហាន​ដំបូង​យើង​ត្រូវ​ធ្វើ គឺ​ត្រូវ​ទទួល​ស្គាល់​បញ្ហា។ ការ​ទទួល​ស្គាល់​បញ្ហា​កើត​ឡើង​ជុំ​វិញ​ខ្លួន នឹង​ជួយ​យើង​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ទូរសព្ទ​កាន់​តែ​ច្រើន ថែម​ទាំង​អាច​បង្កើត​ប្រព័ន្ធ​ឆ្លើយ​តប​សំខាន់​មួយ​ជាមួយ​ការ​ប្រើ​ស្មាតហ្វូន​ទៀត​ផង។

    អាច​ប្រើ​សមាជិក​គ្រួសារ ឬមិត្ត​ភ័ក្តិ​ឲ្យ​ដាស់​តឿន​យើង ពេល​ពួក​គេ​កំពុង​នៅ​ក្បែរ​យើង ឃើញ​យើង​អូស​ទូរសព្ទ​ចុះ​ឡើង ដើម្បី​ជួយ​ដោះ​ស្រាយ​បញ្ហា​នេះ។ ប៉ុន្តែ​ត្រូវ​ចាំ​ថា បើ​សមាជិក​ក្រុម​គ្រួសារ ឬ​មិត្ត​ភ័ក្តិ​ណា​ម្នាក់ អូស​ទូរសព្ទ​ចុះ​ឡើង​ដែរ​នោះ វា​នឹង​ធ្វើ​ឲ្យ​យើង​ធ្លាក់​ចូល​ក្នុង​ស្ថាន​ភាព​​នេះ​ដដែល។

    ៦- បិទសារ​ជូន​ដំណឹង​ណា​មិន​ពាក់​ព័ន្ធ​ការងារ ឬការ​ទំនាក់​ទំនង​ជាមួយ​គ្រួសារ និង​មិត្តភ័ក្តិ

    បើ​ស្មាតហ្វូន ឬ​ឧបករណ៍​វ័យ​ឆ្លាត​របស់​យើង សំខាន់​សម្រាប់​ជំរុញ​ទំនាក់​ទំនង​យើងជាមួយ​ក្រុម​គ្រួសារ មិត្តភ័ក្តិ ឬ​នរណា​ម្នាក់​នោះ ចាំបាច់​នឹង​ត្រូវ​តែ​ប្រើ​វា។ ប៉ុន្តែ​គ្នា​យើង​អាច​បិទ​សារ​ជូន​ដំណឹង​របស់​កម្មវិធី​ដែល​មិន​មាន​ប្រយោជន៍ រំខាន​ដល់​ពេល​វេលា​បង្កើត​ទំនាក់​ទនង​ជា​មួយ​មិត្តភ័ក្តិ ក្រុម​គ្រួសារ​យើង អំឡុង​ពេល​ពួក​គេ​អាច​ចង់​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ពី​យើង។

    គ្នា​យើង​ប្រហែល​ជា​អាច​ពិចារណា លុប​ចោល​បណ្តាញ​សង្គម​ពី​ទូរសព្ទ​ទាំង​អស់​គ្នា ដោយ​ងាក​មក​ប្រើ​លើ​កុំព្យុទ័រ​ជំនួស​វិញ។ ធ្វើ​បែប​នេះ​ធានា​ថា ទំនាក់​ទំនង​ទាំង​ក្រុម​គ្រួសារ និង​មិត្តភ័ក្តិ​កាន់​តែ​ល្អ​មិន​ខាន។

    អត្ថបទពាក់ព័ន្ធ៖

    ៧- ផ្លាស់​ប្តូរ​អេក្រង់​ទូរសព្ទ​យើង​ទៅ​ជា​ផ្ទៃ​ពណ៌​ប្រផេះ

    ចំណុច​​នេះ លោក Tristan Harris សហស្ថានិក​មជ្ឈមណ្ឌល​បច្ចេកវិទ្យា​សម្រាប់​មនុស្ស​ជាតិ​នៅ​អាមេរិក ឧស្សាហ៍​ណែនាំ​ទៅ​ដល់​អ្នក​ប្រើ​ប្រាស់​ស្មាត​ហ្វូន​ណាស់ ព្រោះ​ការ​ស្រាវជ្រាវ​រក​ឃើញ​ថា ពណ៌​គឺ​លើ​អេក្រង់​ទូរសព្ទ ធ្វើ​ឲ្យ​ទាក់ទាញ​អារម្មណ៍​ខ្លាំង ហើយ​ពណ៌​ក្រហម​របស់​សារ​ជូន​ដំណឹង កាន់​តែ​ទាក់​ចិត្ត​យើង​ខ្លាំង​បំផុត អាច​គ្រប់​គ្រង​អារម្មណ៍​យើង​ងាក​មក​ចាប់​ទូរសព្ទ​ភ្លាម។ បើយើង​កែ​អាក្រង់​ទូរសព្ទ​ទៅ​ជា​ពណ៌​ស-ខ្មៅ គឺ​អាច​កាត់​បន្ថយ​អារម្មណ៍​ទាក់​ទាញ​ពី​សារ​ជូន​ដំណឹង​ទាំង​នោះ​បាន។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ទូច សុខា


    អត្ថបទ​ដោយ សន សុភា · កែ Jun 21, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម