អារម្មណ៍ជ្រាលជ្រៅជាប់ជំពាក់នឹងមនុស្សម្នាក់ ដែលខ្លួនស្រលាញ់ខ្លាំង អាចធ្វើឱ្យគ្នាយើងខ្លះពិបាកទាំងចិត្ត ហើយពេលខ្លះអាចប៉ះពាល់ដល់សុខភាពរាងកាយថែមទៀតផងដែរ។ ពិតណាស់ថា ស្នេហាជាចំណែកមួយនៃជីវិត ប៉ុន្តែពេលខ្លះ បើមានអារម្មណ៍ជ្រាលជ្រៅខ្លាំងពេកនឹងអាចប៉ះពាល់ដល់ផ្លូវចិត្តយើងផងដែរ។ ទោះនេះជារឿងធម្មតាទូទៅ តែក្រុមអ្នកចិត្តសាស្រ្ត ក៏បានចែករំលែកជាគន្លឹះមួយចំនួន ដែលអាចយកជ័យជម្នះនឹងបញ្ហានោះបាន៖
១. ហ្វឹកហាត់ទម្លាប់ឈប់គិតពីគេ
កាន់តែមើលឃើញរូបគេ ខួរក្បាលនឹងកាន់តែជ្រាលជ្រៅខ្លាំងគិតពីមនុស្សដែលយើងស្រឡាញ់នោះ។ ជម្រើសល្អមួយគឺ ព្យាយាមមិនមើលពីសកម្មភាព ពីទង្វើរបស់គេ ជាឧទាហរណ៍ យើងអាចលុបលេខទូរសព្ទ Email ឬ Block បណ្តាញសង្គម Facebook Instagram ឬពេលខ្លះរបស់អ្វីផ្សេងៗទាំងអស់ដែលទាក់ទងពីគេ បំភ្លេចរូបគេ និងដើម្បីខ្លួនឯង។
អត្ថបទពាក់ព័ន្ធ:
- ស្តាប់តន្រ្តី ផ្ដល់គុណប្រយោជន៍ច្រើនយ៉ាងដល់សុខភាពផ្លូវចិត្ត
- ការរត់ហាត់ប្រាណផ្ដល់អត្ថប្រយោជន៍ច្រើនយ៉ាងដល់សុខភាពផ្លូវចិត្ត
- បញ្ហាកម្ពស់ធ្វើឲ្យអ្នកខ្លះពិបាកចិត្ត សាកគិតវិជ្ជមានតាមវិធីនេះនឹងជួយផ្លូវចិត្តបាន
២. រកមិត្តភក្តិទុកចិត្តឲ្យជួយរំលឹកពេលយើងនឹកដល់គេ
ប្រាប់មិត្តភក្តិជិតស្និទ្ធ ឱ្យជួយពេលណាយើងសញ្ជឹងគិតពីគេ ឱ្យមិត្តភក្តិជួយដាស់តឿនយើងពេលឮពីឈ្មោះគេ ហើយត្រឡប់មកស្រឡាញ់ និងគិតពីខ្លួនឯងផ្ទាល់វិញ។
៣. រកអ្វីៗមកធ្វើឱ្យរវល់ និងមានប្រយោជន៍
យើងអាចប្រើពេលវេលាដ៏មានតម្លៃផ្តល់ឱ្យមនុស្សដែលស្រលាញ់របស់យើង មានឪពុកម្តាយ បងប្អូន ឬក្មេងៗដែលជួបស្ថានភាពលំបាកជាងយើង។ បន្ថែមពីនោះ យើងអាចរកការងារណាធ្វើដើម្បីកុំឱ្យទំនេរនឹកដល់គេ នោះនឹងអាចបន្ថយការនឹកបានខ្លះ។ ជាមួយគ្នានោះ យើងក៏អាចស្តាប់ឃ្លាលើកទឹកចិត្ត និងបញ្ចៀសការស្តាប់ចម្រៀងមនោសញ្ចេតនា ដែលនាំអារម្មណ៍នឹកទៅដល់រូបគេផងដែរ។
អត្ថបទពាក់ព័ន្ធ៖
- ចូលចិត្តមើលរឿងខ្មោច រឿងរន្ធត់ ប្រយ័ត្នជួបបញ្ហាសុខភាពទាំងនេះ!
- មើលរឿងបែបរំភើបច្រើន ឆាប់ចាស់មុនអាយុ ដោយសារបញ្ហានេះ
៤. បង្កើតភាពរីករាយដល់ខ្លួនឯងឡើងវិញ
មានមនុស្សម្នាក់ដែលស្រលាញ់យើងជាងគេ គ្រាន់តែពេលខ្លះយើងភ្លេចពីរូបគេ នោះគឺរូបខ្លួនយើងផ្ទាល់។ ដូចនេះ មនុស្សដែលនៅចាំបន្តដំណើរជីវិតជាមួយយើងនោះ គឺរូបខ្លួនឯងនេះហើយ ដែលគួរតែថែរក្សារូបគេ តួយ៉ាង យើងអាចធ្វើដំណើរកម្សាន្តជាមួយមិត្តភក្តិទៅហាត់ប្រាណ ទៅធ្វើអ្វីដែលខ្លួនយើងចូលចិត្តឡើងវិញ ទៅធ្វើរឿងមានប្រយោជន៍សម្រាប់សង្គម នោះយើងនឹងឃើញពីប្រសិទ្ធភាព និងផ្តល់ភាពរីករាយដល់ខ្លួនយើងវិញបាន។
៥. កុំភ្លេចការអធ្យាស្រ័យ
ជំហានចុងក្រោយសំខាន់មួយនោះគឺ កុំភ្លេចអធ្យាស្រ័យដល់ខ្លួនឯង ដល់មនុស្សដែលយើងស្រលាញ់ ព្រោះយើងអាចស្វែងយល់ថា មនុស្សគ្រប់គ្នាសុទ្ធសឹងតែចង់បានក្តីសុខ និងភាពរីករាយ សុភមង្គលរបស់ខ្លួន ដោយគ្រាន់តែពេលខ្លះការគិតរបស់មនុស្សម្នាក់ៗ មានចំនុចខុសគ្នាច្រើន។ ដូចនេះ អធ្យាស្រ័យដល់ខ្លួនឯង អធ្យាស្រ័យដល់មនុស្សគ្រប់គ្នាដែលធ្លាប់ធ្វើខុសដល់រូបយើង ធ្វើឱ្យចិត្តបានស្ងប់ និងរីករាយឡើងវិញមកជាមួយផង ហើយអ្នកចិត្តសាស្រ្តក៏បានរំលឹកបន្ថែមចំនុចសំខាន់មួយទៀត គឺកុំភ្លេចស្រឡាញ់ខ្លួនឯង៕