ការពេញចិត្តនឹងការងារដែលយើងកំពុងធ្វើ គឺមានសារៈសំខាន់ខ្លាំងណាស់នៅក្នុងជីវិតយើងរាល់គ្នា។ វាជួយឲ្យយើងបោះជំហានកាន់តែជិតទៅនឹងភាពជោគជ័យ ដែលយើងកំពុងតែបំពេញ និងឆ្ពោះទៅរកមហិច្ឆតាខ្លួន ក៏ដូចជាផ្ដល់នូវស្ថេរភាពផ្នែកហិរញ្ញវត្ថុផងដែរ។
លើសពីនេះ ការពេញចិត្តនឹងការងារ អាចជួយបង្កើននូវសុខភាពផ្លូវចិត្តយើងថែមទៀតផង។ ផ្ទុយទៅវិញ នៅពេលដែលយើងអង្គុយធ្វើការទាំងមិនពេញចិត្ត ចង់លាឈប់ជាញឹកញយ និងមានអារម្មណ៍លែងចង់មកជាន់កន្លែងធ្វើការទៀតនោះ សុខភាពផ្លូវចិត្តយើងក៏កាន់តែទ្រុឌទ្រោមទៅតាមនោះដែរ។
ដូចនេះ ដើម្បីទទួលបានសន្តិភាព និងភាពពេញចិត្តនូវអ្វីដែលយើងកំពុងធ្វើ សាកល្បងធ្វើរឿងទាំង៥នេះ។
១.បង្កើតមិត្តភក្តិនៅកន្លែងធ្វើការ
យើងគួរមានមិត្តភក្តិពីរបីនាក់នៅកន្លែងធ្វើការ ដើម្បីជួយគាំទ្រ ក៏ដូចជាចំណាយពេលជាមួយគ្នា។ ការមានមិត្តនៅ កន្លែងធ្វើការ អាចជះឥទ្ធិពលដ៏ធំធេងដល់យើងក្នុងការបំពេញកិច្ចការងារ។ ចូរស្វែងរកមនុស្សដែលមានគោលដៅ និងការយល់ដឹងពីការតស៊ូព្យាយាមចំពោះការងារដូចគ្នា។ ធ្វើបែបនេះ ដើម្បីបង្កើតបរិយាកាសវិជ្ជមាន និងធ្វើឲ្យយើងរីករាយជាមួយនឹងការងាររបស់ដោយមិនដឹងខ្លួន។
២. ព្យាយាមស្វែងរកចំណង់ចំណូលចិត្តថ្មី
ចំណង់ចំណូលចិត្តថ្មីៗ អាចជួយយើងឲ្យមានភាពរីករាយជាងមុន និងជួយជាប្រយោជន៍ដល់គោលបំណងផ្សេងទៀតរបស់យើង។ ប្រសិនបើយើងមិនអាចស្វែងរកសុភមង្គលនៅកន្លែងការងារទេ យើងគួរសាកល្បងចាប់ផ្ដើមធ្វើអ្វីដែលយើងតែងតែចង់ធ្វើកន្លងមក ដើម្បីឲ្យជីវិត និងសុខភាពរបស់យើងកាន់តែស្រស់បំព្រងជាងមុន។
៣. ញ៉ាំអាហារថ្ងៃត្រង់ឲ្យបានត្រឹមត្រូវ
គ្នាយើងប្រហែលជាបានដឹងហើយថា អ្វីដែលយើងញ៉ាំរាល់ថ្ងៃ អាចប៉ះពាល់ដល់អារម្មណ៍របស់យើង។ ការញ៉ាំត្រឹមត្រូវជារៀងរាល់ថ្ងៃ នឹងធ្វើឲ្យយើងមានសុខភាពល្អ សកម្ម និងពោរពេញដោយថាមពលនៅកន្លែងការងារ។
៤. ជម្នះទម្លាប់បង្អូសពេល
នៅពេលដែលយើងចង់ធ្វើអ្វីមួយ តើយើងបានធ្វើវាភ្លាមៗដែរឬទេ? ឬក៏យើងយកលេសនេះលេសនោះ ដើម្បីពន្យារពេលក្នុងការធ្វើរឿងដែលខ្លួនចង់ធ្វើ? ពិតណាស់ ការពន្យារពេល នឹងធ្វើឲ្យទឹកចិត្តយើងថមថយ រួចក៏បោះបង់ចោលដោយឯកឯង។ កត្តានេះ ក៏ជះឥទ្ធិពលអវិជ្ជមានដល់ការងាររបស់យើងដែរ។
៥. កំណត់គោលដៅតូចៗជារៀងរាល់ថ្ងៃ
ការកំណត់គោលដៅតូចៗប្រចាំថ្ងៃ ហើយព្យាយាមសម្រេចនូវគោលដៅទាំងនោះ នឹងធ្វើឲ្យយើងទទួលបានអារម្មណ៍ល្អ ក៏ដូចជាមានគោលបំណងឆ្ពោះទៅមុខ នៅថ្ងៃបន្ទាប់។ បន្ថែមពីនេះ យើងនឹងបង្កើនការគោរពខ្លួនឯងជាងមុន។