ពីមុនមក យើងពុំសូវទំនាក់ទំនងគ្នា ដោយការប៉ះរាងកាយទេ ដូចជាតាមរយៈ ការចាប់ដៃ អោប ឬថើប ជាដើម។ ប៉ុន្ដែទំនាក់ទំនងដោយការប៉ះរាងកាយគ្នា ពិតជាកត្ដាសំខាន់មួយក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់យើង ជាពិសេសសុខភាពផ្លូវចិត្ត។
១. ការប៉ះរាងកាយ ជាផ្នែកមួយ នៃរបៀបដែលមនុស្សទំនាក់ទំនងគ្នា
ពេលកើតមក ការប៉ះ គឺជាវិញ្ញាណ និងភាសាដំបូងដែលយើងប្រើសម្រាប់ទំនាក់ទំនង ទម្រាំយើងអាចនេះនិយាយបាន។ សម្រាប់ស្ត្រីពពោះវិញ គ្រាន់តែការប៉ះផ្ទៃពោះ ពេលកូនក្នុងផ្ទៃកម្រើក ក៏ជួយលើកទឹកចិត្តយ៉ាងខ្លាំងផងដែរ។
២. ការប៉ះរាងកាយ សំខាន់សម្រាប់ទំនាក់ទំនងគូស្នេហ៍
ការប៉ះរាងកាយគូស្នេហ៍ ពិតជាសំខាន់ សម្រាប់បង្កើនទំនាក់ទំនង សេចក្តីរីករាយ ការសប្បាយ និងអារម្មណ៍សុវត្ថិភាព និងភាពជាម្ចាស់។ អ្នកវិទ្យាសាស្ត្រ រកឃើញថា ចំណងនេះ នឹងរឹងម៉ាំខ្លាំង នៅពេលគូស្នេហ៍គ្រាន់តែកាន់ដៃគ្នា អាចជួយដល់រលកខួរក្បាល ចង្វាក់បេះដូង ដង្ហើម និងបំបាត់ការឈឺចាប់។ ជាងនេះទៅទៀត ការប៉ះគ្នា អាចបង្កឲ្យមានផលប៉ះពាល់ជីវសាស្ត្រលើដៃគូ ដោយវាបណ្ដាលឲ្យខួរក្បាល បញ្ចេញ Oxytocin ជាអ័រម៉ូននៃសេចក្តីស្រលាញ់ ដែលធ្វើឲ្យយើងមានអារម្មណ៍សប្បាយ រីករាយ និងស្រលាញ់។
៣. ការប៉ះ ពិតជាសំខាន់សម្រាប់ទារក
តាមការសិក្សា ទារក ដែលប៉ាម៉ាក់ ឬសាច់ញាតិ មិនបានប៉ះដោយបី ពរ ឬថ្នាក់ថ្នមគ្រប់គ្រាន់ទេ ការវិវត្ត និងសុខភាពផ្លូវចិត្តរបស់ពួកគេ អាចរងការប៉ះពាល់ ហើយបើធ្ងន់ធ្ងរ ឈានដល់អាយុជីវិតទៀតផង។ នេះជាការពិតមួយ បង្ហាញថា ការប៉ះគ្នា ពិតជាសំខាន់សម្រាប់មនុស្ស។
៤. ការប៉ះ ជាកូនសោរនៃសុខភាពផ្លូវចិត្ត
នាសម័យបច្ចុប្បន្ន ការទំនាក់ទំនងមួយចំនួន ប្រព្រឹត្តទៅដោយការប៉ះគ្នា ដូចជា ការចាប់ដៃ ថើប ឬឱបគ្នាជាដើម តែវាអាស្រ័យតាមវប្បធម៌ និងទម្លាប់ ហើយការប៉ះគ្នាដូច្នេះ ជួយជំរុញការជឿទុកចិត្តគ្នា។
៥. ការប៉ះ ជួយជំរុញសុខភាពផ្លូវកាយ
ការប៉ះ តាមរយៈការម៉ាស្សា ឬចាប់សរសៃ ក៏អាចជួយព្យាបាលបញ្ហារាងកាយ និងធ្វើឲ្យយើងស្រួលខ្លួនបានផងដែរ។ បើទោះបី នាសម័យបច្ចុប្បន្ន វិស័យវេជ្ជសាស្ត្រ រីកចម្រើនខ្លាំងយ៉ាងណាក៏ដោយ ក៏មានការសិក្សាតាមបែបវេជ្ជសាស្ត្រជាច្រើន បញ្ជាក់ថា ការម៉ាស្សា ឬចាប់សរសៃ ពិតជាអាចសម្រួលការឈឺចាប់ និងថប់បារម្ភបានពិតមែន។
៦. ការប៉ះ បង្ហាញការពិតកាន់តែច្បាស់
ការប៉ះ បង្ហាញអ្វីៗមកកាន់យើងកាន់តែច្បាស់ ជាងវិញ្ញាណណាទាំងអស់។ ក្នុងករណី យើងឆ្ងល់របស់អ្វីមួយនៅជុំវិញយើង យើងតែងតែប៉ះ ដោយសារយើងទុកចិត្តកាន់តែខ្លាំងជាងមុន ក្រោយយើងប៉ះរបស់នោះរួចហើយ។
៧. ការប៉ះ ជាកលល្បិចមួយ ដើម្បីបញ្ចុះបញ្ចូលនរណាម្នាក់
នេះដោយសារការប៉ះគ្នា ជួយបង្កើនការគោរព និងភាពជឿជាក់ ដូច្នេះប្រសិនបើយើងត្រូវការជំនួយ យើងអាចប៉ះអ្នកដែលយើងត្រូវពឹងពាក់ដោយមានសុជីវធម៌ ឬថ្មមៗ។ វាជាមធ្យោបាយមួយ ដើម្បីបញ្ចុះបញ្ចូលឲ្យពួកគេជួយធ្វើអ្វី ដែលយើងចង់បាន។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕