ការថើបគ្នាចំពោះយុវវ័យ ហាក់ប្រាសចាកពីប្រពៃណីវប្បធម៌ខ្មែរ ប៉ុន្ដែបើសិនដៃគូ ដែលរៀបការរួចរាល់ហើយ មិនអីនោះទេ។ បើតាមគេហទំព័រវេជ្ជសាស្ត្រ Healthline ការថើបគ្នា ជួយឲ្យយើងមានសុខភាពល្អ។
១. បង្កើនអ័រម៉ូនរីករាយ
ការថើបគ្នា ជំរុញឲ្យខួរក្បាល បញ្ចេញសមាសធាតុមួយចំនួន ដែលជួយឲ្យយើងមានអារម្មណ៍ល្អ។ សមាសធាតុទាំងនោះ មានដូចជា Oxytocin, Dopamine និង Serotonin។ ជាមួយគ្នានេះ វាក៏បន្ថយសមាសធាតុ Cortisol ដែលជាអ័រម៉ូនស្ត្រេស។
២. សម្រួលបញ្ហាស្ត្រេស
ដូចបញ្ជាក់ខាងលើ ថើបជួយបន្ថយអ័រម៉ូន Cortisol និងស្ត្រេស ហើយវាជាទំនាក់ទំនងប៉ះផ្ទាល់ជាមួយដៃគូ ដូច្នេះ វាមានឥទ្ធិពលលើដំណើការចិត្តសាស្ត្រ ពាក់ព័ន្ធនឹងការគ្រប់គ្រងស្ត្រេស។ ជាមួយគ្នានេះ វាក៏ជួយកាត់បន្ថយបញ្ហាថប់បារម្ភបានផងដែរ។
៣. ជួយដល់សម្ពាធឈាម
ការថើបគ្នា បង្កើនចង្វាក់បេះដូង ពង្រីកសរសៃឈាម ហើយជួយឲ្យលំហូរឈាមក្នុងខ្លួន កើនឡើង និងបណ្ដាលឲ្យសម្ពាធឈាមធ្លាក់ចុះ។ នេះមានន័យថា ការថើបគ្នា ល្អសម្រាប់បេះដូង ទាំងន័យចំ និងប្រៀបធៀប។
៤. ជួយបំបាត់បញ្ហាឈឺក្បាល
ដូចរៀបរាប់ខាងលើ ថើបជួយបន្ថយស្ត្រេស និងសម្រួលសម្ពាធឈាម ហើយកត្ដាទាំងនេះ ក៏ជួយបង្ការ និងបំបាត់បញ្ហាឈឺក្បាលផងដែរ។
៥. បង្កើនប្រព័ន្ធការពារ
ការថើបគ្នា អាចជួយបង្កើនប្រព័ន្ធការពារ តាមរយៈការប៉ះពាល់ជាមួយពពួក Germ ដែលជួយពង្រឹងប្រព័ន្ធការពារ។ ការសិក្សាមួយ នៅឆ្នាំ២០១៤ រកឃើញថា គូស្នេហ៍ ដែលថើបគ្នាញឹកញាប់ បានឆ្លងពពួក Microbiota គ្នាទៅវិញទៅមក ដែលមាននៅក្នុងទឹកមាត់ និងអណ្ដាតរបស់ពួកគេ។
៦. ជួយដុតកាឡូរី
ការថើប ប្រើសាច់ដុំមុខ ដោយវាអាចជួយដុតកាឡូរី ពី ២-២៦កាឡូរី/នាទី អាស្រ័យតាមការថើបនោះមានចំណង់ប៉ុនណា។
៧. រឹតចំណងទំនាក់ទំនងរវាងដៃគូ
ការថើបគ្នា ជួយបញ្ចេញអ័រម៉ូន Oxytocin ហើយវាជាសមាសធាតុពាក់ព័ន្ធនឹងចំណងទំនាក់ទំនងរវាងដៃគូ។ ការថើបគ្នាជាមួយដៃគូ ជួយបង្កើនទំនាក់ទំនងរីករាយ ហើយវាមានសារៈសំខាន់សម្រាប់ទំនាក់ទំនងរយៈពេលវែង។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕