គ្នាយើងខ្លះតែងនិយាយថាឯកាណាស់នៅតែម្នាក់ឯង ហើយអ្នកខ្លះទៀតថានៅម្នាក់ឯងក៏មិនស្លាប់ដែរ។ ជាការពិតទោះបីជាពេលខ្លះយើងមើលទៅឯកាបន្តិចមែន ព្រោះតែនៅម្នាក់ឯង តែនេះមិនមែនមានន័យថាយើងជាមនុស្សឯកោ ឬត្រូវរស់នៅជាមួយអារម្មណ៍ឯកានោះដែរ។ ខាងក្រោមនេះជាតិចនិកមួយចំនួនជួយគ្នាយើងដោះស្រាយបញ្ហាអារម្មណ៍ឯកាមួយនេះ។
១. ស្វែងយល់ពីអារម្មណ៍ខ្លួនឯង
យើងគ្រប់គ្នាមិនថាអ្នកមានគ្នា ឬអត់គ្នាទេសុទ្ធតែអាចជួបអារម្មណ៍សោកសៅ ឬឯកានៅពេលណាមួយដែរ។ អ៊ីចឹងហើយបានជាមានការណែនាំថាយើងគួរចេះស្វែងយល់ពីអារម្មណ៍ខ្លួនឯងឲ្យបានច្រើន។
អ្នកជំនាញចិត្តសាស្រ្តណែនាំថាយើងគួរទុកចន្លោះខ្លះសម្រាប់ខ្លួនឯង ដើម្បីបានគិតគូពិចារណារកហេតុផលដោះស្រាយបញ្ហាដែលធ្វើឲ្យយើងមានអារម្មណ៍ឯកា និងដឹងថាអារម្មណ៍មួយនេះបានប៉ះពាល់បែបណាទៅនឹងជីវិតប្រចាំថ្ងៃរបស់យើង។ ការចេះកត់សម្គាល់ និងតាមដានដឹងពីអារម្មណ៍ និងឥរិយាបទរបស់យើងផ្ទាល់ នឹងជួយយើងយកឈ្នះលើស្ថានភាពបែបនេះបាន។
២. បញ្ចេញកម្លាំងកាយ
ការហាត់ប្រាណពិតជាមានសារៈសំខាន់ណាស់សម្រាប់សុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់យើង។ ការសិក្សាកន្លងៗមករកឃើញថាការហាត់ប្រាណអាចជួយព្យាបាលអាការៈបាក់ទឹកចិត្តរយៈពេលយូរបាន។ អ្នកចិត្តសាស្រ្តអះអាងថាការហាត់ប្រាណជាវិធីល្អបំផុតមួយជួយប្រឆាំងនឹងអារម្មណ៍សោកសៅ និងជួយឲ្យមានអារម្មណ៍ល្អឡើងវិញ។
៣. ចូលរួមការងារស្ម័គ្រចិត្ត
ការងារស្ម័គ្រចិត្តនឹងជួយយើងឲ្យបានស្គាល់ និងជួបមនុស្សជាច្រើន ដែលថានេះអាចនឹងជួយរកឃើញន័យរបស់ជីវិត និងថែមទាំងបានជួយដល់អ្នកផ្សេងផង។ ការងារស្ម័គ្រចិត្ត យើងអាចធ្វើបាននៅតាមសហគមន៍ជួយដល់បរិស្ថាន ឬ មនុស្សចាស់ជាដើម។
៤. ដកខ្លួនខ្លះពីបណ្ដាញសង្គម
ថ្វីបើបណ្ដាញសង្គមត្រូវគេជឿថាបានភ្ជាប់ទំនាន់ទំនងមនុស្សក្នុងសង្គមក៏ពិតមែន តែការសិក្សាបានរកឃើញថាបណ្ដាញសង្គមផ្ដល់ផលអវិជ្ជមានផ្នែកផ្លូវចិត្តច្រើនជាងផលល្អ។ បើគ្នាយើងគិតថាខ្លួនឯងឯកា គួរទម្លាក់ទូរសព្ទចុះឈប់បើកហ្វេសប៊ុក ឬInstagram ហើយងាកមកអានសៀវភៅ ដើរលេងក្រៅផ្ទះ ឬមើលភាពយន្តកម្សាន្តចិត្តវិញទើបជាការល្អ។
គ្នាយើងត្រូវចាំថាបើមិនចង់ឲ្យកើតមានអារម្មណ៍ឯកា យើងមិនត្រូវផ្ដាច់ខ្លួនឲ្យនៅតែឯងនោះទេ ព្រោះថាបើយើងនៅតែឯងយើងនឹងមានអារម្មណ៍ឯកា ដូចគ្នាដែរអ្នកមានអារម្មណ៍ឯកាច្រើនចូលចិត្តនៅម្នាក់ឯង។ អ្វីទាំងនេះនឹងធ្វើឲ្យយើងកើតមានអារម្មណ៍តានតឹងមិនខាន។