តាមពិតទៅ ការអត់ឱនទោសឲ្យនរណាម្នាក់ មិនមែនជារឿងងាយស្រួលប៉ុន្មានទេ ជាពិសេស ចំពោះមនុស្សដែលធ្វើឲ្យយើងឈឺចាប់ខ្លាំង។ នៅពេលដែលយើងខឹង អារម្មណ៍ពេលនោះគឺខ្លាំងក្លាបំផុត ហើយយើងថែមទាំងប្ដេជ្ញានៅក្នុងចិត្តថា នឹងគ្មានថ្ងៃលើកទោសឲ្យបុគ្គលម្នាក់នោះជាដាច់ខាត។
លើសពីនេះ យើងក៏ជឿថា «អ្នកធ្វើអាក្រក់ រមែងគង់តែទទួលនូវកម្មពៀររបស់ខ្លួន»។ ដោយសារតែស្លាកស្នាមផ្លូវចិត្តនេះហើយ ទើបធ្វើឲ្យយើងរក្សាគម្លាតពីអ្នកទាំងនោះ ឬភ័យខ្លាចចំពោះការត្រលប់មកវិញនូវការចងចាំដ៏ឈឺចាប់សារជាថ្មីម្ដងទៀត។ នេះមានន័យថា យើងកំពុងតែការពារខ្លួនពីហេតុការណ៍អាក្រក់ ឬការឈឺចាប់ដែលយើងធ្លាប់បានជួបប្រទះ ដែលទង្វើនេះនឹងធ្វើឲ្យយើងពុំមានផ្លូវអត់ឱនទោសឲ្យអ្នកណាម្នាក់បាននោះឡើយ។
យ៉ាងណាមិញ តាមការសិក្សាបានបង្ហាញឲ្យឃើញថា ការអត់ឱនទោសដល់នរណាម្នាក់ ផ្ដល់នូវអត្ថប្រយោជន៍ដ៏ច្រើនលើសលប់ដល់សុខភាពទាំងផ្លូវកាយ និងផ្លូវចិត្តរបស់យើង។ ដោយហេតុថា ការអត់ឱនអាចជួយកាត់បន្ថយនូវការបាក់ទឹកចិត្ត និងថប់បារម្ភជាដើម។
លើសពីនេះ វាក៏បង្កើននូវការគោរពចំពោះខ្លួនឯង ក៏ដូចជាធ្វើឲ្យយើងមានសន្តិភាពផ្លូវចិត្តថែមទៀតផង។ ផ្ទុយទៅវិញ ការខឹងអាចបណ្ដាលឲ្យយើងកើតមាននូវបញ្ហាសុខភាពដូចជា ជំងឺបេះដូង និងគ្រោះថ្នាក់សរសៃឈាមខួរក្បាល ជាដើម។
ដូចនេះ ដើម្បីទទួលបានថាមពលពីការអត់ឱនទោស និងចាកឆ្ងាយពីការឈឺចាប់ទាំងឡាយ យើងអាចរៀនអត់ឱនទោសឲ្យអ្នកណាម្នាក់ ដោយអនុវត្តវិធីសាស្ត្រខាងក្រោមនេះ។
១.ការរំឭកដល់រឿងរ៉ាវឡើងវិញ
ជំហានដំបូង ចូររំឭកអំពីរឿងរ៉ាវនោះម្ដងទៀតក្នុងផ្លូវវិជ្ជមាន។ យើងត្រូវច្រានចោលនូវអារម្មណ៍អាណិតដល់ខ្លួនឯងដែលជួបប្រទះរឿងនោះជាមុនសិន ហើយចូរចាំថា រឿងហ្នឹងវាបានកន្លងហួសទៅហើយ។ បន្ថែមពីនេះទៀត យើងក៏ត្រូវស្វែងយល់ឲ្យបានច្បាស់ពីស្ថានភាពនៅពេលនោះ ក៏ដូចជាអារម្មណ៍ផ្សេងៗដែលលាយឡំមកជាមួយ។
២.ក្តីអាណិតអាសូរ
បន្ទាប់មក យើងត្រូវស្វែងយល់អំពីការគិតរបស់បុគ្គលម្នាក់នោះ និងហេតុផលដែលអ្នកនោះធ្វើឲ្យយើងឈឺចាប់។ ពេលខ្លះ កំហុសឆ្គងនោះមិនមែនមកពីកត្តាបុគ្គលផ្ទាល់នោះទេ ប៉ុន្តែវាអាចជាអ្វីដែលពួកគេកំពុងតែជួបប្រទះក៏ថាបាន។ នៅពេលដែលអ្នកទាំងនោះស្ថិតក្នុងស្ថានភាពភ័យខ្លាច បារម្ភ និងឈឺចាប់ ក៏អាចវាយប្រហារអ្នកដទៃបានដោយមិនដឹងខ្លួន។
៣.ការគិតដល់អ្នកដទៃ
ជាមួយគ្នានេះដែរ ចូរគិតដល់ពេលដែលយើងធ្វើរឿងមិនគប្បីទៅកាន់នរណាម្នាក់ ហើយបានទទួលនូវការអភ័យទោសពីគេ។តើយើងមានអារម្មណ៍បែបណា? នៅពេលដែលយើងយល់ឃើញថា ការអភ័យទោសគឺជាអំណោយអស្ចារ្យដែលយើងអាចផ្ដល់ឲ្យអ្នកដទៃបាននោះ យើងនឹងកាន់តែរីករាយក្នុងការធ្វើបែបនោះ។
៤.ការប្ដេជ្ញាចិត្ត
ជាចុងក្រោយ អ្វីដែលសំខាន់បំផុតគឺជាការប្ដេជ្ញាចិត្តក្នុងការអភ័យទោស។ វាដល់ពេលហើយ ដែលយើងគួរតែទម្លាក់ចោលនូវគំនុំគុំគួនកន្លងមក ដែលធ្វើឲ្យចិត្តរបស់យើងនៅមិនស្ងប់។ ការអត់ឱនគឺជាការផ្ដល់នូវក្តីសង្ឃឹម និងសេរីភាពដល់អ្នកទទួល និងអ្នកដែលផ្ដល់ឲ្យដូចគ្នា ពីព្រោះថាយើងបានសម្រេចចិត្តបន្តដំណើរទៅមុខ និងរស់នៅក្នុងបច្ចុប្បន្នជាមួយនឹងភាពរីករាយ។