ឲ្យតែខែរងាធ្លាក់ខ្យល់ចូលមកដល់ អារម្មណ៍គ្នាយើងស្រស់ស្រាយ ពិសេសអ្នកចូលចិត្តហាត់ប្រាណ ប៉ុន្តែសម្រាប់គ្នាយើងកើតហឺត ពិតជាមិនសប្បាយចិត្តទេ ព្រោះអាកាសធាតុប្រែប្រួលទៅជាត្រជាក់ មានសំណើម ធ្វើឲ្យប្រព័ន្ធរាងកាយចុះខ្សោយ ងាយនឹងរើឡើងវិញ។ បើចង់បង្ការហឺត អត្ថបទ “Hello គ្រូពេទ្យ” អាចជួយបាន៖
១- ចៀសឆ្ងាយពីបារី
ផ្សែងបារីមានផ្ទុកសារធាតុគីមីច្រើន ប៉ះពាល់ដល់ស្រទាប់ភ្នាសបំពង់ដង្ហើម។ ពិសេសគ្នាយើងកើតហឺតរ៉ាំរ៉ៃ បើជក់បារី ឬស្រូបផ្សែងបារីពីអ្នកដទៃ វាធ្វើឲ្យរលាកបំពង់ដង្ហើមកាន់ធ្ងន់ យើងជំងឹហឺត នឹងរើឡើង។ ចៀសវាងការប៉ះពាល់ផ្លូវដង្ហើម មាន លម្អងផ្កា ធូលី សារធាតុគីមី ក្លិនក្រអូប និងក្លិនស្អុយផ្សេងៗ។
២- រក្សាកម្ដៅរាងកាយ
ពេលសីតុណ្ហភាពក្នុងផ្ទះត្រជាក់ អាចឲ្យហឺតរើឡើង អ៊ីចឹងគួររក្សាកម្ដៅក្នុងខ្លួនឲ្យបានល្អ ពាក់ខោអាវឲ្យច្រើនជាន់ដើម្បីការពារត្រជាក់ ពិសេសពេលចេញក្រៅ។
៣- ចៀសវាងអាហារធ្វើឲ្យប្រតិកម្ម
ត្រូវចំណាំអាហារណាដែលធ្វើឲ្យប្រតិកម្ម និងជំងឺរើឡើង។ ភាគច្រើនអាហារដែលមានប្រតិកម្មជាមួយហឺត មាន បង្គា ក្ដាម គ្រាប់រុក្ខជាតិផ្សេងៗ។
៤- ប្រយ័ត្នពេលប្រើថ្នាំ
ថ្នាំពេទ្យជាអាវុធមុខពីរ គួរប្រយ័ត្នឲ្យខ្ពស់ ដូចជា ថ្នាំផ្សះ ថ្នាំបញ្ចុះកម្ដៅ និងថ្នាំបំបាត់ការឈឺចាប់។
៥- បង្ការឆ្លងរោគផ្លូវដង្ហើម
ផ្ដាសាយ រលាកទងសួត រលាកត្រចៀក រលាករន្ធច្រមុះ និងរលាកសួត សុទ្ធតែធ្វើឲ្យជំងឺហឺតរើឡើង ហេតុនេះ គួរលាងដៃឲ្យបានច្រើន ហើយនៅឆ្ងាយពីអ្នកកើតផ្ដាសាយ និងកន្លែងមនុស្សច្រើន។
៦- ហាត់ប្រាណ
មុនហាត់ប្រាណ ត្រូវកម្ដៅសាច់ដុំ និងបាញ់ស្ព្រៃហឺតជាមុន ចៀសវាង កន្លែងស្ងួត ហើយត្រជាក់ និងហាត់ប្រាណតាមសមត្ថភាព។ ត្រូវតាមដានចង្វាក់ដង្ហើម ហាត់ប្រាណយឺតៗ កុំព្យាយាមហាត់ខ្លាំងៗ ព្រោះអាចធ្វើឲ្យជំងឺរើឡើង។
៧- ការពារខ្លួនពីការបំពុលបរិស្ថាន
គ្នាយើងអាចនៅផ្ទះអានសៀវភៅ ឬមើលទូរទស្សន៍ ដើម្បីគេចពីធូលី កុំចេញទៅក្រៅពេលមានអាកាសធាតុត្រជាក់ ឬភ្លៀង។ បើមានការងារសំខាន់ត្រូវចេញ គួរពាក់ខោអាវឲ្យបានច្រើនជាន់ ពាក់មួក ឬម៉ាស់ ចៀសវាងស្រូបផ្សែងបារី ធូលី និងក្លិនផ្សេងៗ។
៨- ផ្ទះត្រូវមានខ្យល់ចេញចូល
– បើកចំហបង្អួច ដើម្បីឲ្យខ្យល់បរិសុទ្ធចេញចូល
– បិទបង្អួច បើមានអាកាសធាតុត្រជាក់
– ជូតគ្រឿងសង្ហារិម និងសម្លាប់សត្វល្អិតក្នុងផ្ទះ។
៩- ពេលដំណើរកម្សាន្ត
ការធ្វើដំណើរ គួរពិគ្រោះសុំដំបូន្មានពីពេទ្យ ដើម្បីអាចត្រៀមខ្លួនជាមុន និងត្រៀមថ្នាំឲ្យបានត្រឹមត្រូវ។ បើដំណើរកម្សាន្តមានលក្ខណៈយូរ គ្នាយើងត្រូវប្រាកដថាមានឱសថស្ថានក្បែរកន្លែងយើងស្នាក់នៅ។
សារៈសំខាន់នៃការពិនិត្យ និងទទួលការព្យាបាលទាន់ពេលនៅដំណាក់កាលដំបូង ជួយឲ្យយើងជួបផលវិបាកតិច ហើយមិនពិបាកប្រើថ្នាំច្រើនដែរ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕