ហត់ អស់កម្លាំងកំហែង ហាត់ប្រាណតិចតួច ដង្ហក់ចង់ដាច់ខ្យល់ ពិសេសត្រូវអាកាសធាតុត្រជាក់ភ្លាមធ្វើទុក្ខភ្លាម ពិតជាពិបាកណាស់មិនអ៊ីចឹង! អារម្មណ៍នេះមានតែគ្នាយើងធ្លាប់កើតជំងឺហឺត ទេទើបយល់ច្បាស់។ យ៉ាងណា គ្នាយើងចង់បានសុខភាពល្អ ចង់ហាត់ប្រាណគ្មានផលរំខានដោយជំងឺហឺត នៅតែអាចហាត់បាន គ្រាន់តែធ្វើតាមការណែនាំរបស់ “Hello គ្រូពេទ្យ” ក្នុងអត្ថបទនេះ។
កាលពីឆ្នាំ ១៦៩៨ លោក John-Floyer កវីនិពន្ធ និងជាអ្នកចិត្តសាស្ត្រដ៏ល្បីល្បាញរបស់អង់គ្លេស រកឃើញថា អារម្មណ៍ស្ត្រេស ប៉ះពាល់ធ្ងន់ធ្ងរលើការហាត់ប្រាណ ក៏ជាហេតុបង្កឲ្យជំងឺហឺតរើឡើងពេលហាត់ប្រាណ។ បើចង់ហាត់ប្រាណ មិនឲ្យជំងឺហឺតរើឡើងវិញ ត្រូវដឹងពីកត្តាបង្ក និងវិធីដោះសា្រយដូចជា៖
១- កត្តាបង្កឲ្យជំងឺហឺតរើឡើងពេលហាត់ប្រាណ
មានកត្តាជាច្រើន ប៉ះពាល់ដល់ការចាប់ផ្ដើមហាត់ប្រាណដំបូង បើអារម្មណ៍ស្រេ្តសកាន់តែធ្ងន់ធ្ងរ កាន់តែបង្កឲ្យរើឡើងខ្ពស់ដូចគ្នា។
– វិធីគ្រប់គ្រងជំងឺហឺត៖ ពេលណាយើងទទួលការព្យាបាលឲ្យបានល្អ យើងអាចទទួលផលផ្ទុយមកវិញ ដូចជា ករណីរើឡើងរបស់ជំងឺហឺតពេលហាត់ប្រាណកាន់តែខ្ពស់។
– លក្ខខណ្ឌជុំវិញ៖ ជំងឺហឺតរើឡើងអំឡុងពេលហាត់ប្រាណ ដោយសារតែខ្យល់ត្រជាក់ សំណើម ខ្យល់ទាប ខ្យល់កខ្វក់ ធូលីដី ផ្សែង ថ្នាំជក់ ផ្សែងឡាន និងឧស្ម័នពុល (ស្ពាន់ធ័រឌីអុកស៊ីត អាសូតឌីអុកស៊ីត អូហ្សូន)។
– អារម្មណ៍តានតឹង៖ បើយើងនៅតែបន្តគិតច្រើន ឬហាត់ប្រាណដោយមិនសម្រាកសោះ ជំងឺហឺតបង្កពេលហាត់ប្រាណនឹងកើតឡើង ពិសេសការហាត់ប្រាណ ដូចជា រាំ រត់ប្រណាំង ជិះកង់ ជាដើម។
– អាំងតង់ស៊ីតេខ្សោយ៖ ជាញឹកញាប់ ក្នុងករណីហាត់កីឡាខ្លាំងក្លា ធ្វើឲ្យមានការរើឡើងនៃជំងឺហឺតកាន់តែខ្ពស់។
– កំណត់ពេលវេលាក្នុងពេលហាត់ប្រាណមិនត្រឹមត្រូវ។
២- វិធីបង្ការ
ចៀសវាងការហាត់ប្រាណហួសកម្លាំង ពេលប្រទះឃើញរោគសញ្ញាជំងឺហឺត ត្រូវចាត់វិធានបង្ការភ្លាមៗដូចជា៖
– ប្រើប្រាស់ថ្នាំ៖ ព្យាបាលភ្លាមៗប្រើថ្នាំពី ១០-២០ នាទីមុនហាត់ប្រាណ។
– ព្យាបាលជំងឺហឺតរ៉ាំរ៉ៃ៖ ប្រើក្រុមថ្នាំព្យាបាលហឺត Corticosteroids ដូចជាថ្នាំ Beclomeththone ថ្នាំ Budesonide និង Fluticasone ជាដើម។ យ៉ាងណា ការប្រើប្រាស់ថ្នាំទាំងនេះ ចាំបាច់ត្រូវមានការណែនាំដោយវេជ្ជបណ្ឌិត ដើម្បីព្យបាលឲ្យប្រសិទ្ធភាព។
– កម្ដៅសាច់ដុំ៖ ចាប់ផ្ដើមដោយដើរយឺតៗ បន្ទាប់មករត់រយៈពេលខ្លី ប្រហែល ៣០វិនាទី បន្ទាប់ទៀតសម្រាក ៦០វិនាទី ចាំធ្វើម្តងទៀត ធ្វើបែបនេះ ២-៣ ដង ជាមួយការកម្ដៅសាច់ដុំ ជាមធ្យមពី ៥-១០នាទី ប៉ុន្តែសម្រាប់ម៉ាក់ប៉ា អ៊ំៗ តែងត្រូវការពេលយូរជាងនេះ។ ដោយសារអាំងតង់ស៊ីតេ ខ្សោយគួរតែចាប់ផ្តើមពីអាំងតង់ស៊ីតេទាប ហើយបង្កើនបន្តិចម្តងៗ។
– ចៀសវាងបរិស្ថានមិនល្អ៖ មិនត្រូវហាត់ប្រាណកន្លែងណាមានខ្យល់កខ្វក់ ធូលីដីច្រើន លំអងផ្កា ស្មៅ ឬអាកាសធាតុត្រជាក់ និងស្ងួត។
– កន្លែងត្រជាក់៖ ចៀសវាងហាត់ប្រាណខ្លាំងៗភ្លាមៗ ព្រោះអាចបង្កគ្រោះថ្នាក់ដល់យើងបាន គួរតែអង្គុយចុះសម្រាក ១០នាទី ឬយូរជាងនេះ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាព ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-vaccination-tool]