ការក្អួត ចង្អោរ គឺជាបញ្ហាទូទៅមួយដែលមនុស្សស្ទើរគ្រប់រូបជួបប្រទះ តែមានគ្នាយើងមួយចំនួន តែងមានអាការៈចង្អោរ ឬចង់ក្អួត រាល់ពេលញ៉ាំអាហារហើយ។ ចុះមានរកចម្លើយបានឬនៅថា អាការៈបែបនេះ បណ្ដាលមកពីអ្វី? ដោយសារការឈឺក្រពះ ឬយ៉ាងណា?
ឆ្លើយតបនឹងបញ្ហានេះ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ ឲ្យដឹងថា មនុស្សដែលឧស្សាហ៍មានអាការៈចង្អោរ ចេះតែចង់ក្អួត ភើ
ជូរ ក្រោយពេលដាក់អាហារចូលពោះ គឺអាចមានបញ្ហាច្រាលទឹកអាសុីដក្រពះ ឬក៏រលាកក្រពះហើយ។ ក្រៅពីនេះ បើយើងចេះតែចង្អោរ ឬចង់ក្អួត អាចបណ្ដាលមកពីមូលហេតុមួយចំនួនទៀតដូច៖
– ពុលអាហារ
– ឆ្លងមេរោគ
– អាលែកហ្សីចំណីអាហារ
– បញ្ហាក្រពះ-ពោះវៀនផ្សេងៗ
– បម្រែបម្រួលអរម៉ូន (សម្រាប់ស្ត្រីមានផ្ទៃពោះ)។ល។
ក្នុងករណីដែលយើងចង្អោរ ឬចង់ក្អួតក្រោយពេលញ៉ាំអាហារយូរៗម្ដង វាគ្មានបញ្ហាអីដែលគួរឲ្យបារម្ភទេ។ ប៉ុន្តែ បើអាការៈចង្អោរនេះមិនបាត់ទៅវិញក្នុងរយៈពេល ១សប្ដាហ៍ទេនោះ យើងគួរទៅពិនិត្យជាមួយគ្រូពេទ្យ បើចង្អោរ ហើយរួមផ្សំនឹងរោគសញ្ញាខាងក្រោមមាន៖
– ក្អួតមានលាយឈាម
– ឈឺទ្រូង ក្រហាយទ្រូង
– វង្វេងវង្វាន់
- រាករូសលើស ២-៣ថ្ងៃ មិនបាត់
– ចុកពោះខ្លាំង
– ចង្វាក់បេះដូងដើរលឿន។ល។
លោកវេជ្ជបណ្ឌិត បញ្ជាក់ឲ្យដឹងថា ប្រសិនបើយើងចេះតែចង្អោរ ឬចង់ក្អួតស្ទើររាល់ពេលដែលញ៉ាំអាហាររួច ក៏អាចបញ្ជាក់ថាយើងកើតជំងឺរលាកក្រពះដែរ។ យកល្អ គ្នាយើងណាដែលមានអាការៈបែបនេះញឹកញាប់ គួរតមញ៉ាំកាហ្វេ (ព្រោះ ញ៉ាំកាហ្វេច្រើនអាចធ្វើឲ្យក្រពះចេញអាស៊ីដច្រើន ជាហេតុបណ្ដាលឲ្យច្រាលក្រពះ) អាហារជូរ ឬហឹរ និងអាហារផ្អាប់ ជាដើម។
[embed-health-tool-vaccination-tool]