ករណីជួបនរណាមានគ្រោះថ្នាក់រហូតសន្លប់បាត់ស្មារតី យើងដែលនៅជិតត្រូវជួយសង្គ្រោះភ្លាមៗ ព្រោះបើទុកជនរងគ្រោះសន្លប់បាត់ស្មារតី អាចស្លាប់ដោយសារស្ទះផ្លូវដង្ហើម ព្រោះកាកសំណល់ផ្សេងៗ កំអួត ស្លេស្ម អណ្ដាតធ្លាក់ចុះស្ទះផ្លូវដង្ហើម ដកដង្ហើមមិនរួច។ នេះបើយោងតាមការចុះផ្សាយរបស់ផេកមន្ទីរពេទ្យកាល់មែត។ ដូចនេះមុនជួយសង្គ្រោះ យើងក៏ត្រូវត្រៀមខ្លួន និងពិនិត្យមើលស្ថានភាពទាំងប៉ុន្មានដូចខាងក្រោម៖
១- ពិនិត្យមើលស្មារតីជនរងគ្រោះ
– តើអ្នកនោះដឹងខ្លួនឬទេ?
– អង្រន់ដាស់ ឬហៅជនរងគ្រោះ?
២- ពិនិត្យដំណកដង្ហើម
– ផ្ងើយក្បាលជនរងគ្រោះដោយដៃម្ខាងទប់ក្បាល និងដៃម្ខាងទៀតទប់ចង្កា
– ត្រចៀកស្ដាប់ខ្យល់ដង្ហើមចេញចូល ភ្នែកសម្លឹងមើលចលនាដើមទ្រូង
៣- ពិនិត្យជីពចរដោយផ្ងើយក្បាលឡើង ស្ទាបដោយម្រាមដៃបីលើបំពង់ក រួចស្ទាបទាញមកម្ខាងដែលយើងអង្គុយ។
៤- របៀបសង្គ្រោះ
– បន្ធូរសម្លៀកបំពាក់ និងរបស់ដែលតឹងរឹតចេញ
– ផ្ងើយក្បាលឲ្យផ្លូវដង្ហើមចំហ
– ត្រួតពិនិត្យ និងសម្អាតក្នុងមាត់
– ត្រួតពិនិត្យមើលដង្ហើម ជីពចរឡើងវិញ បើមានដំណកដង្ហើម និងជីពចរ យើងត្រូវរៀបចំស្ថានភាពដំណេកផ្អៀងឲ្យមានសុវត្ថិភាព ដើម្បីធានាមិនឲ្យស្ទះផ្លូវដង្ហើម។
៥- បច្ចេកទេសរៀបចំស្ថានភាពដំណេកផ្អៀងឲ្យមានសុវត្ថិភាព
* បច្ចេកទេសទី១
– ដោះវ៉ែនតាជនរងគ្រោះចេញ បើមាន
– ដាក់ជើងទាំងសងខាងលាត្រង់
– ដាក់ដៃគាត់ម្ខាងនៅជិតយើង ឲ្យបត់ជាមុំកែង ដោយបាតដៃផ្ងារឡើងលើ
– ដាក់ដៃគាត់ម្ខាងទៀតឲ្យប៉ះថ្ពាល់ ហើយទប់ដោយដៃយើងម្ខាង ឲ្យជាប់ត្រង់ថ្ពាល់នោះ
– ដៃយើងម្ខាងទៀតចាប់ទាញជើងរបស់ជនរងគ្រោះដែលនៅឆ្ងាយពីយើង ចាប់កាន់ត្រង់ជង្គង់ ដើម្បីបត់បញ្ឈរជង្គង់ឡើង
– ដៃម្ខាងទប់ត្រង់ថ្ពាល់ រួចបង្វិលគាត់ឲ្យមកខាងយើងអង្គុយ ហើយដាក់ប្រអប់ជើងលើដី
– ពិនិត្យមើលស្ថានភាពក្បាលដែលត្រូវងើយបន្តិច មាត់បែរមកខាងដី
– ត្រួតពិនិត្យផ្លូវដង្ហើមឡើងវិញ។
* បច្ចេកទេសទី ២
– ទាញដៃម្ខាងដែលនៅឆ្ងាយពីយើងឡើងមកខាងលើត្រង់តាមទម្រង់ដងខ្លួន
– ទាញដៃម្ខាងដែលនៅក្បែរយើងបត់ឡើងមកខាងលើដងខ្លួន(លើទ្រូង)
– ទាញជង្គង់ម្ខាងដែលនៅក្បែរយើងបញ្ឈរឡើងលើ
– ដៃយើងម្ខាងទៀតលូកចូលទប់ក្រោមក្បាល និងទប់ក្រោមស្មារបស់ជនរងគ្រោះ
– បន្ទាប់មកដៃយើងម្ខាងទៀតទប់ក្បាលជង្គង់ រួចបង្វិលជនរងគ្រោះមកម្ខាងទៀត លើផ្ទៃរាបថ្នមៗ
– រក្សាដៃម្ខាងទប់ក្រោមក្បាល ទប់ស្មារបស់ជនរងគ្រោះ និងទាញយកដៃម្ខាងទៀតរបស់ជនរងគ្រោះ ដោយលាបាតដៃដាក់លើផ្ទៃរាប ទប់ក្រោមដើមទ្រូង
– រៀបចំស្ថានភាពរបស់ជនរងគ្រោះ និងពិនិត្យផ្លូវដង្ហើមឲ្យចំហ សម្រួលការដកដង្ហើម
– ដាក់ជនរងគ្រោះក្នុងស្ថានភាពផ្អៀង និងពិនិត្យតាមដានចលនាដង្ហើម រហូតដល់ក្រុមសង្គ្រោះមកដល់
ក្នុងករណីជួបស្ថានការណ៍ដូចបានរៀបរាប់ សូមរៀបចំបញ្ជូនអ្នកសន្លប់មកមន្ទីរពេទ្យដែលនៅជិតបំផុត ដោយត្រូវដាក់ជនរងគ្រោះក្នុងស្ថានភាពដំណេកផ្អៀងសុវត្ថិភាព។
[embed-health-tool-vaccination-tool]