backup og meta

វិធីជួយសង្គ្រោះ ពេលមានអ្នកសន្លប់បាត់ស្មារតី មិនឲ្យស្ទះដង្ហើម

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Aug 13, 2020

    វិធីជួយសង្គ្រោះ ពេលមានអ្នកសន្លប់បាត់ស្មារតី មិនឲ្យស្ទះដង្ហើម

    ករណីជួប​នរណាមានគ្រោះថ្នាក់​រហូត​សន្លប់​បាត់​ស្មារតី យើង​ដែល​នៅ​ជិត​ត្រូវ​ជួយ​សង្គ្រោះ​ភ្លាម​ៗ ព្រោះ​បើ​ទុកជន​រងគ្រោះ​សន្លប់​បាត់ស្មារតី ​អាច​ស្លាប់ដោយសារ​ស្ទះ​ផ្លូវ​ដង្ហើម​ ព្រោះ​កាក​សំណល់​ផ្សេង​ៗ កំអួត ស្លេស្ម អណ្ដាត​ធ្លាក់​ចុះ​ស្ទះ​ផ្លូវ​ដង្ហើម ដក​ដង្ហើម​មិន​រួច។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ផេក​មន្ទីរ​ពេទ្យ​កាល់មែត។ ដូចនេះ​មុន​ជួយ​សង្គ្រោះ យើង​ក៏ត្រូវ​ត្រៀម​ខ្លួន និង​ពិនិត្យ​មើល​ស្ថានភាព​ទាំង​ប៉ុន្មាន​ដូច​ខាងក្រោម៖

    ១- ពិនិត្យ​មើល​ស្មារតី​ជន​រងគ្រោះ

    – តើ​អ្នកនោះដឹង​ខ្លួន​ឬ​ទេ?

    – អង្រន់​ដាស់ ឬ​ហៅ​ជន​រង​គ្រោះ?

    ២- ពិនិត្យ​ដំណក​ដង្ហើម

    – ផ្ងើយ​ក្បាល​ជន​រងគ្រោះ​ដោយ​ដៃ​ម្ខាង​ទប់​ក្បាល និង​ដៃ​ម្ខាង​ទៀត​ទប់​ចង្កា

    – ត្រចៀក​ស្ដាប់​ខ្យល់​ដង្ហើម​ចេញ​ចូល ភ្នែក​សម្លឹង​មើល​ចលនា​ដើម​ទ្រូង

    ៣- ពិនិត្យ​ជីពចរ​ដោយ​ផ្ងើយ​ក្បាល​ឡើង ស្ទាប​ដោយ​ម្រាម​ដៃ​បី​លើ​បំពង់ក រួច​ស្ទាប​ទាញ​មក​ម្ខាង​ដែល​យើង​អង្គុយ។

    ៤- របៀប​សង្គ្រោះ

    – បន្ធូរ​សម្លៀកបំពាក់ និង​របស់​ដែល​តឹង​រឹត​ចេញ

    – ផ្ងើយ​ក្បាល​ឲ្យ​ផ្លូវ​ដង្ហើម​ចំហ

    – ត្រួត​ពិនិត្យ​ និងសម្អាត​ក្នុង​មាត់

    – ត្រួត​ពិនិត្យ​មើល​ដង្ហើម ជីពចរ​ឡើង​វិញ បើ​មាន​ដំណក​ដង្ហើម និង​ជីពចរ យើង​ត្រូវ​រៀបចំ​ស្ថានភាព​ដំណេក​ផ្អៀង​ឲ្យ​មាន​សុវត្ថិភាព ដើម្បី​ធានា​មិន​ឲ្យ​ស្ទះ​ផ្លូវ​ដង្ហើម។

    ៥- បច្ចេកទេស​រៀបចំ​ស្ថានភាព​ដំណេក​ផ្អៀង​ឲ្យ​មាន​សុវត្ថិភាព

    * បច្ចេកទេស​ទី​១

    – ដោះ​វ៉ែនតា​ជន​រង​គ្រោះ​ចេញ បើមាន

    – ដាក់​ជើង​ទាំង​សងខាង​លា​ត្រង់

    – ដាក់​ដៃ​គាត់​ម្ខាង​នៅ​ជិត​យើង ឲ្យ​បត់​ជា​មុំ​កែង ដោយ​បាត​ដៃ​ផ្ងារ​ឡើង​លើ

    – ដាក់​ដៃ​គាត់​ម្ខាង​ទៀត​ឲ្យ​ប៉ះ​ថ្ពាល់ ហើយ​ទប់​ដោយ​ដៃ​យើង​ម្ខាង ឲ្យ​ជាប់​ត្រង់​ថ្ពាល់​នោះ

    – ដៃ​យើង​ម្ខាង​ទៀត​ចាប់​ទាញ​ជើង​របស់​ជន​រងគ្រោះ​ដែល​នៅ​ឆ្ងាយ​ពី​យើង ចាប់​កាន់​ត្រង់​ជង្គង់ ដើម្បី​បត់​បញ្ឈរ​ជង្គង់​ឡើង

    – ដៃ​ម្ខាង​ទប់​ត្រង់​ថ្ពាល់ រួច​បង្វិល​គាត់​ឲ្យ​មក​ខាង​យើង​អង្គុយ ហើយ​ដាក់​ប្រអប់​ជើង​លើ​ដី

    – ពិនិត្យ​មើល​ស្ថានភាព​ក្បាល​ដែល​ត្រូវ​ងើយ​បន្តិច មាត់​បែរ​មក​ខាង​ដី

    – ត្រួត​ពិនិត្យ​ផ្លូវ​ដង្ហើម​ឡើង​វិញ។

    * បច្ចេកទេសទី ២

    – ទាញ​ដៃ​ម្ខាង​ដែល​នៅ​ឆ្ងាយ​ពី​យើង​ឡើង​មក​ខាង​លើ​ត្រង់​តាម​ទម្រង់​ដងខ្លួន

    – ទាញ​ដៃ​ម្ខាង​ដែល​នៅ​ក្បែរ​យើង​បត់​ឡើង​មក​ខាង​លើ​ដង​ខ្លួន(លើ​ទ្រូង)

    – ទាញ​ជង្គង់​ម្ខាង​ដែល​នៅ​ក្បែរ​យើង​បញ្ឈរ​ឡើង​លើ

    – ដៃ​យើង​ម្ខាង​ទៀត​លូក​ចូល​ទប់​ក្រោម​ក្បាល និង​ទប់​ក្រោម​ស្មា​របស់​ជន​រងគ្រោះ

    – បន្ទាប់​មក​ដៃ​យើង​ម្ខាង​ទៀត​ទប់​ក្បាល​ជង្គង់ រួច​បង្វិល​ជន​រង​គ្រោះ​មក​ម្ខាង​ទៀត លើ​ផ្ទៃ​រាប​ថ្នមៗ

    – រក្សា​ដៃ​ម្ខាង​ទប់​ក្រោម​ក្បាល ទប់​ស្មា​របស់​ជន​រងគ្រោះ និង​ទាញ​យក​ដៃ​ម្ខាង​ទៀត​របស់​ជន​រងគ្រោះ ដោយ​លា​បាត​ដៃ​ដាក់​លើ​ផ្ទៃ​រាប ទប់​ក្រោម​ដើម​ទ្រូង

    – រៀប​ចំ​ស្ថានភាព​របស់​ជន​រងគ្រោះ និង​ពិនិត្យ​ផ្លូវ​ដង្ហើម​ឲ្យ​ចំហ សម្រួល​ការ​ដកដង្ហើម

    – ដាក់​ជន​រង​គ្រោះ​ក្នុង​ស្ថាន​ភាព​ផ្អៀង និង​ពិនិត្យ​តាមដាន​ចលនា​ដង្ហើម រហូត​ដល់​ក្រុម​សង្គ្រោះ​មក​ដល់

    ក្នុង​ករណី​ជួប​ស្ថានការណ៍​ដូច​បាន​រៀបរាប់ សូម​រៀបចំ​បញ្ជូន​អ្នក​សន្លប់​មក​មន្ទីរពេទ្យ​ដែល​នៅ​ជិត​បំផុត ដោយ​ត្រូវ​ដាក់​ជន​រង​គ្រោះ​ក្នុង​ស្ថានភាព​ដំណេក​ផ្អៀង​សុវត្ថិភាព។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Aug 13, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម