backup og meta

មានទម្លាប់ថែសួត ៤ នេះ ទោះវីរុសវាយលុក ក៏សួតមិនទ្រុឌទ្រោម

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Dec 01, 2021

    មានទម្លាប់ថែសួត ៤ នេះ ទោះវីរុសវាយលុក ក៏សួតមិនទ្រុឌទ្រោម

    យើង​ដឹង​ហើយ​ថា រាងកាយ​ត្រូវ​ការ​អុកស៊ីសែន​ដើម្បី​ដំណើរ​ការ ហើយ​សួត​មាន​តួនាទី​ជួយ​យើង​ដក​ដង្ហើម​ចេញ​ចូល​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ ជា​ទូទៅ សួត​មាន​សារសំខាន់​ណាស់​សម្រាប់​យើង ហើយ​កាន់​តែ​សំខាន់​ក្នុង​ពេល​មាន​វីរុស​វាយ​លុក​សុខភាព​ផ្លូវ​ដង្ហើម​ទៀត ហេតុ​នេះ​ហើយ​យើង​គួរ​មាន​ទម្លាប់​ថែ​សួត ៤ យ៉ាង ដើម្បី​ជួយ​សួត​មាន​សុខភាព​ល្អ ទោះ​ឆ្លង​វីរុស​ចូល​ក៏​មិន​សូវ​ប៉ះពាល់​ធ្ងន់ធ្ងរ។

    ការ​ឈប់​ជក់​បារី​ជា​ទម្លាប់​ថែ​សួត​សំខាន់​បំផុត​ដែល​គ្នា​យើង​អាច​ធ្វើ​បាន​សម្រាប់​សួត​យើង​មាន​សុខភាព​ល្អ។ ការ​ជក់​បារី ជា​មូលហេតុ​ទី១ នៃ​ជំងឺ​មហារីក​សួត ក៏​ដូច​ជា​ជំងឺ​ស្ទះ​សួត​រ៉ាំរ៉ៃ (COPD) និង​ជំងឺ​សួត​ដទៃ​ទៀត​ដែរ។ តាម​រយៈ​ការ​ឈប់​ជក់​បារី យើង​អាច​កាត់​បន្ថយ​កត្តា​ប្រឈម​បាន​យ៉ាង​ច្រើន​ពី​ការ​បង្ក​ជំងឺ​ដំបូង និង​ការ​ស្លាប់​មុន​អាយុ។ ការ​ជក់​បារី​ក៏​អាច​ធ្វើ​ឲ្យ​យើង​ប្រឈម​នឹង​ជំងឺ​បេះដូង និង​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​ផង​ដែរ។

    ២. ហាត់​ប្រាណ​ទៀង​ទាត់

    ការ​ហាត់​ប្រាណ ពិសេស​លំហាត់​ប្រាណ​បែប aerobic គឺ​សំខាន់​ណាស់​សម្រាប់​សុខភាព​ផ្លូវ​ដង្ហើម​របស់​យើង។ មូល​ហេតុ​មួយ​ក្នុង​ចំណោម​ហេតុ​ផល​ទូទៅ​បំផុត​ដែល​មនុស្ស​មួយ​ចំនួន​ទៅ​ជួប​គ្រូពេទ្យ​សួត​គឺ​ថា ពួក​គេ​មាន​អារម្មណ៍​ថា​ពិបាក​ដក​ដង្ហើម ឬ​ដង្ហក់​ៗ។ ជាមួយ​នឹង​ការ​បង្កើត​ទម្លាប់​ថែ​សួតដោយការហាត់​ប្រាណ យើង​អាច​ហ្វឹក​ហាត់​សួត​របស់​យើង បង្កើន​សមត្ថភាព​សួត​ឲ្យ​កាន់​តែ​រឹង​មាំ។

    ៣. ដឹង​ពី​ប្រវត្តិ​គ្រួសារ​ខ្លួន

    ពិត​ជា​ចាំ​បាច់​ណាស់​ដែល​យើងគួរ​ដឹង​ពី​ប្រភេទ​ជំងឺ​សួត​ដែល​មាន​ក្នុង​ប្រវត្តិ​គ្រួសារ ដើម្បី​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​យើង​ពេល​ទៅ​ពិនិត្យ​សុខភាព។ ក្នុង​ករណី​ខ្លះ មាន​ជម្រើស​ពិនិត្យ​រក​មើល​ជំងឺ​មហារីក​សួត ហើយ​​អាច​មាន​កត្តា​ហ្សែន​ទៅ​នឹង​ជំងឺ​ស្ទះ​សួត​រ៉ាំរ៉ៃ (COPD) ដំណាក់​កាល​ដំបូង។ ការ​ពិនិត្យ​សុខភាព​មុន​ពេល​កំណត់​អាច​ឲ្យ​យើង​ដឹង​ពី​ជំងឺ​មុន និង​អាច​ព្យាបាល​ទាន់​ពេល​វេលា។

    ៤. បង្ការ​ការ​ឆ្លង​មេរោគ

    យើង​ត្រូវ​មាន​ទម្លាប់​ថែ​សួត​ឲ្យ​បាន​ល្អ​ពី​មេរោគ​នានា ជា​ពិសេស​ក្នុង​ពេល​នេះ​ដែល​មាន​ការ​រាល​ដាល​ពី​វីរុស​បំប្លែង​ថ្មី Omicron នៃ​វីរុស​កូវីដ-១៩។ អ្វី​ដែល​យើង​គួរ​ធ្វើ​មាន​ដូច​ជា៖

    – លាង​ដៃ​ជាមួយ​សាប៊ូ​នឹង​ទឹក​ស្អាត ឬ​អាច​ប្រើ​អាល់កុល ឬ​ជែល​លាង​ដៃ ឲ្យ​បាន​ញឹក​ញាប់ តាម​ដែរ​អាច​ធ្វើ​ទៅ​បាន។

    – ចៀស​វាង​កន្លែង​មាន​មនុស្ស​ច្រើន (ពិសេស ក្នុង​រដូវ​ងាយ​កើត​ជំងឺ​ផ្ដាសាយ)។

    – ដុស​សម្អាត​ធ្មេញ​ឲ្យ​បាន​យ៉ាង​តិច ២/ថ្ងៃ។ ការ​ធ្វើ​អនាម័យ​មាត់​ស្អាត អាច​ទប់​ស្កាត់​មេរោគ​បង្ក​ជា​ជំងឺ​បាន។

    – ចាក់​វ៉ាក់សាំង​ការ​ពារ​ខ្លួន​ពី​ជំងឺ​តាម​ការ​ណែនាំ។

    – មើល​ថែ​សុខភាព​ខ្លួន​ឯង​ឲ្យ​បាន​ល្អ ក្នុង​ករណី​ឈឺ ចៀស​វាង​ចម្លង​មនុស្ស​ជុំ​វិញ​ខ្លួន។

    ជា​ចុង​ក្រោយ ដោយសារ​តែ​ពេល​នេះ​មាន​ការ​វាយ​លុក​ពី​វីរុស​បំប្លែង​ថ្មី Omicron ថែម​ពី​លើ​ជំងឺ​កូវីដ-១៩​ ធម្មតា គ្នា​យើង​គួរ​តែ​មាន​របប​អាហារ​ត្រឹម​ត្រូវ និង​គប្បី​បន្ត​អនុវត្ត​វិធានការ ៣ការពារ ៣​កុំ ដើម្បី​ការពារ​ខ្លួន​យើង ក៏​ដូច​ជា​មនុស្ស​ជា​ទី​ស្រលាញ់​ពី​វីរុស​ផ្លូវ​ដង្ហើម​ដ៏​កាច​សាហាវ​នេះ ទោះ​បី​យើង​ចាក់​វ៉ាក់សាំង​រួច​រាល់​ហើយ​ក៏​ដោយ។

    ទម្លាប់​ថែ​សួត

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Dec 01, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម