ជាតិរ៉ែពិតជាសំខាន់ណាស់ ដោយជួយទ្រទ្រង់សុខភាពឲ្យល្អ ថែមទាំងជួយឲ្យសកម្មភាពមានភាពក្លៀវក្លា និងជួយគ្រប់គ្រងទម្ងន់។ លោកវេជ្ជបណ្ឌិតផ្នែកទូទៅ លី ឬទ្ធីគុណ បានឲ្យដឹងថា សារធាតុរ៉ែជួយដល់ការលូតលាស់ និងការវិវត្តរបស់រាងកាយ តែបើរាងកាយចេញសញ្ញាទាំងនេះ បញ្ជាក់ថាខ្វះហើយ។
១- ឆាប់ហត់ និងអស់កម្លាំង
អាហារសម្បូរសារជាតិរ៉ែដូចជា ម៉ាញេ៉ស្យូម ផូស្វាត ហ្លុយអរ ដែក ជាពិសេសកាល់ស្យូម ដែលមានក្នុងអាហារមួយចំនួនដូចជា ទឹកដោះគោ យ៉ាអួ ឈីស ស្ពៃខ្មៅ សណ្ដែកសៀង និងគ្រាប់ធញ្ញជាតិ។ អ្នកខ្វះជាតិកាល់ស្យូមទោះមិនធ្វើការ ក៏មានអារម្មណ៍ ថាហត់នឿយ និងគ្មានកម្លាំងកំហែងក្នុងខ្លួន ប៉ុន្តែបើយើងញ៉ាំអាហារទាំងនោះ ជួយឲ្យយើងមានថាមពលធ្វើការពេញមួយថ្ងៃ។ អាហារសម្បូរជាតិរ៉ែ ក៏ជំនួយដល់ការលូតលាស់របស់ឆ្អឹងយ៉ាងសំខាន់ផងដែរ។
២- ផ្ដាសាយមិនងាយជា ឬឧស្សាហ៍ផ្ដាសាយ
ជាធម្មតាផ្ដាសាយឈឺត្រឹមតែ ១ សប្ដាហ៍ ទៅ ១០ ថ្ងៃប៉ុណ្ណោះ ទោះមិនបានលេបថ្នាំក៏ដោយ។ ប៉ុន្តែបើយើងសង្កេតឃើញថា ពេលផ្ដាសាយម្ដងៗមិនងាយជា ឬងាកៗផ្ដាសាយៗ នោះមកពីរាងកាយយើងខ្វះជាតិរ៉ែនេះឯង។
៣- គេងមិនងាយលក់
អាការៈគេងមិនលក់ក៏មកពីខ្វះជាតិរ៉ែសំខាន់ៗដូចជាម៉ាញេស្យូម និងប៉ូតាស្យូម ដូចនេះឧស្សាហ៍ផឹកទឹក និងសាច់ដូងឲ្យច្រើនជួយជំរុញការគេងបានល្អ។ ក្រៅពីនោះដូងមានជាតិអេឡិចត្រូលីតមួយចំនួនធំទៀត ធ្វើឲ្យរាងកាយសមតុល្យគ្នា និងសម្រាក។
៤- ឆាប់មួម៉ៅ
អាការៈមួម៉ៅដោយគ្មានមូលហេតុ យើងអាចគិតថាមកពីអារម្មណ៍មិនល្អ ឬមានបញ្ហាច្រើនត្រូវដោះស្រាយ។ ប៉ុន្តែនៅពេលយើងចេះតែខឹងច្រើនជាប់រាល់ថ្ងៃពេក អាចមកពីរបបអាហារគ្មានសារធាតុរ៉ែគ្រប់គ្រាន់ទៅវិញ ដូចជាជាតិអាស៊ីដខ្លាញ់ល្អៗពីត្រីសមុទ្រ ខ្លាញ់ត្រី ផ្លែប៊ើរ គ្រប់ធញ្ញជាតិ និងអាហារដទៃទៀតដែលអាចជួយឲ្យកម្រិតអ័រម៉ូនរាងកាយមានតុល្យភាពល្អ។
[embed-health-tool-vaccination-tool]