គ្នាយើងធ្លាប់ឆ្ងល់ទេម៉េចបានជាពេលខ្លះចេះតែផ្ដាសាយ ឬរាករូសញឹកញាប់? បើសិនជាយើងឧស្សាហ៍មានអាការៈទាំងនេះ យើងប្រហែលជាមានប្រព័ន្ធភាពស៊ាំចុះខ្សោយហើយ។ ខាងក្រោមនេះជាសញ្ញាមួយចំនួនគ្នាយើងគួរដឹង។
១. របួសមិនងាយជាសះស្បើយ
ពេលយើងមុតដៃ មុតជើង ឬមានរបួសដោយប្រការមួយចំនួនផ្សេងទៀត ប្រព័ន្ធភាពស៊ាំរបស់យើងនឹងចេញធ្វើការភ្លាមៗដែរ។ ពេលមុត ឬមានរបួស ដំណើរការប្រឆាំងការឆ្លងមេរោគនឹងចាប់ផ្ដើមដោយកោសិកាឈាមសចេញជួយប្រឆាំងនឹងការឆ្លងមេរោគ ហើយឈាមក្រហមវិញជួយបង្កើតជាលិកាថ្មី។ ប៉ុន្តែបើយើងមានបញ្ហាប្រព័ន្ធភាពស៊ាំចុះខ្សោយវិញ ដំណើរការទាំងនេះនឹងត្រូវស៊ីពេលយូរ នាំឲ្យរបួសរបស់យើងមិនងាយជាសះស្បើយនោះទេ។
ចំណាំ៖ បើយើងមានជំងឺប្រចាំកាយ នោះនឹងនាំឲ្យចរន្តឈាមដើរមិនបានល្អ ដូចជាជំងឺទឹកនោមផ្អែម ជាដើម។ ករណីបែបនេះយើងត្រូវជួបពិភាក្សាជាមួយគ្រូពេទ្យ។
២. ឧស្សាហ៍ឆ្លងរោគនៅច្រមុះ និងត្រចៀក
គ្នាយើងអាចចំណាំមើលថាតើយើងមានឆ្លងរោគនៅត្រចៀក ឬច្រមុះញឹកញាប់ឬទេ បើមានច្រើនជាង៣ទៅ៤ដងក្នុងមួយឆ្នាំ នោះអាចថាយើងកំពុងមានបញ្ហាប្រព័ន្ធភាពស៊ាំធ្លាក់ចុះហើយ។ ដូចគ្នាដែរ បើយើងមានជំងឺផ្លូវដង្ហើមពីរដងក្នុងមួយឆ្នាំ ឬក៏ត្រូវប្រើឆ្នាំផ្សះលើសពីពីរដងក្នុងមួយឆ្នាំ ក៏អាចថាយើងមានបញ្ហាប្រព័ន្ធភាពស៊ាំចុះខ្សោយដូចគ្នា។
ចំណាំ៖ បើយើងមានបញ្ហាបែបនេះគួរទៅជួបពិភាក្សាជាមួយវេជ្ជបណ្ឌិតជំនាញខាងអាលែកហ្ស៊ី និងប្រព័ន្ធភាពស៊ាំ ដោយគ្រូពេទ្យអាចជួយយើងអំពីបញ្ហានេះបាន។
៣. ផ្ដាសាយញឹកញាប់
ទោះបីជាជំងឺផ្ដាសាយអាចមើលទៅដូចជាមិនសូវធ្ងន់ធ្ងរ ដូចការឆ្លងរោគដែលបានរៀបរាប់ក្នុងចំណុចខាងលើ តែវាក៏រំខានយើងខ្លាំងណាស់ដែរ។ បើយើងតែងជួបបញ្ហានេះ អាចថាប្រព័ន្ធភាពស៊ាំរបស់យើងកំពុងចុះខ្សោយដែរហើយ។
ចំណាំ៖ ការជួបបញ្ហាឆ្លងរោគនេះញឹកញាប់អាចមកពីយើងខ្វះវីតាមីន D ហើយ ដែលនេះយើងត្រូវបំពេញវីតាមីន D ដល់រាងកាយ ហើយយកល្អគួរពិភាក្សាជាមួយគ្រូពេទ្យដើម្បីដឹងថាគួរទទួលបានវីតាមីនD ពីប្រភពណាល្អ។
៤. ឧស្សាហ៍រាករូស ឬទល់លាមក
បើគ្នាយើងជួបបញ្ហារាក ឬទល់លាមកញឹកញាប់ វាអាចជាសញ្ញាមួយបញ្ជាក់ថាយើងកំពុងជួបបញ្ហាប្រព័ន្ធភាពស៊ាំ ចុះខ្សោយ។ បញ្ហានេះ អាចបង្កឡើងដោយសារតែយើងស្ត្រេសច្រើនពេក ព្រោះថាបញ្ហាស្រ្តេស អាចបង្កឱកាសកាន់តែច្រើនឲ្យរាងកាយយើងឆ្លងរោគផ្សេងៗ។
ចំណាំ៖ ការបរិភោគអាហារមានជាតិស្ករច្រើន ឬអាហារកែច្នៃមាន Trans fats (ខ្លាញ់មិនឆ្អែត) និង Saturated fats (ខ្លាញ់ឆ្អែត)ច្រើនអាចនាំឲ្យប្រព័ន្ធភាពស៊ាំយើងដំណើរការមិនបានល្អ និងរំខានដល់បាត់តេរីក្នុងពោះវៀនយើងទៀតផង។ ដូចនេះការទទួលទានរបបអាហារត្រឹមត្រូវនឹងជួយដល់ប្រព័ន្ធភាពស៊ាំរបស់យើង។
ចំណុចគួរដឹង
របបអាហារមិនត្រឹមត្រូវ ការជក់បារី ផឹកគ្រឿងស្រវឹងច្រើនជ្រុល សុទ្ធតែដាក់សម្ពាធដល់ប្រព័ន្ធភាពស៊ាំរបស់យើង។ បើយើងមើលឃើញថាប្រព័ន្ធភាពស៊ាំចុះខ្សោយ យើងគួរពិនិត្យលើរបៀបរបបរស់នៅរបស់យើងឡើងវិញ។ ការហាត់ប្រាណ និងរបបអាហារល្អចំពោះសុខភាព គឺជាអ្វីដែលយើងត្រូវមានដើម្បីឲ្យរាងកាយមានប្រព័ន្ធភាពស៊ាំរឹងមាំ។
[embed-health-tool-vaccination-tool]