បញ្ហាបេះដូង ជាមូលហេតុមួយបណ្ដាលឲ្យកើតជំងឺហើមសួត ឈានទៅស្លាប់
បញ្ហាហើមសួតស្រួចស្រាល់ ឬទឹកចូលសួត បើតាមខ្មែរយើងនិយមហៅ ជាការដក់ទឹកនៅក្នុងសាច់សួតដែលអាចកើតឡើងសន្សឹមៗ ឬកើតឡើងយ៉ាងគំហុកតែម្ដង។ បញ្ហានេះ អាចទាមទារឲ្យអ្នកជំងឺចូលសង្គ្រោះបន្ទាន់ ឬអាចបង្កបញ្ហាធ្ងន់ធ្ងរបណ្ដាលឲ្យអ្នកជំងឺស្លាប់បាន។ នេះបើតាមការផ្សព្វផ្សាយរបស់មន្ទីរពេទ្យ កាល់ម៉ែត។ មូលហេតុអ្វីខ្លះបណ្ដាលឲ្យកើតជំងឺហើមសួតស្រួចស្រាល់? ទី១. ហើមស្រួចស្រាល់បណ្ដាលមកពីបេះដូង ដែលបណ្ដាលឲ្យសម្ពាធឈាមក្នុងអាកទែពុលម៉ូណែឡើងខ្ពស់ ហើយឲ្យទឹកប្លាស្មាចេញពីសរសៃឈាមចូលក្នុងសាច់សួតដោយសារ៖ បេះដូងខ្វះសមត្ថភាពរុញច្រានឈាមចេញពីបេះដូង បេះដូងមានវិបត្តិចង្វាក់បេះដូង មានជំងឺប្រឺសបេះដូង សម្ពាធឈាមឡើងខ្ពស់ភ្លាមៗ។ល។ ទី២. ហើមសួតស្រួចស្រាល់បណ្ដាលមកពីដាច់ស្រទាប់ខ័ណ្ឌសរសៃឈាម និងសាច់សួត ធ្វើឲ្យទឹកប្លាស្មាចេញពីសរសៃឈាមចូលទៅក្នុងសាច់សួត ដោយមូលហេតុដូចជា៖ ជំងឺសួតដែលបណ្ដាលមកពីពពួកបាក់តេរី ឬវីរុស ការបង្ករោគដោយជំងឺផ្សេងៗ ធ្វើឲ្យស្ហុក ការហឺតឧស្ម័នមានជាតិពុលចូលសួត ការហៀរទឹកក្រពះចូលសួត ការប៉ះទង្គិចលើសួតដោយមូលហេតុផ្សេង។ល។ រោគសញ្ញាជំងឺហើមសួត - ហត់ ដង្ហក់ភ្លាមៗ ពិសេសពេលយប់ - ក្អកខ្លាំងៗ រមាស់ក (កើតឡើងមុនដង្ហក់) - ឡេះឡាស់ - ចង្វាក់ដង្ហើមខ្សោយហើយយឺត ឡើងស្វាយ ឬឡើងខ្ជឹងពេញក - ស្មារតីថយចុះ - ពិបាកនិយាយជាដើម។