backup og meta

ដឹង​មូល​ហេតុ​បង្ក និង​រោគសញ្ញា ទើប​អាចការ​ពារ​ខ្លួនពី​មេរោគ HPV បាន

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ ណៃ ទូច · កែ Jul 15, 2020

    ដឹង​មូល​ហេតុ​បង្ក និង​រោគសញ្ញា ទើប​អាចការ​ពារ​ខ្លួនពី​មេរោគ HPV បាន

    ធ្លាប់​ស្គាល់​មេរោគ HPV អត់? ឈ្មោះ​ពេញ​របស់​វា Human papillomavirus មេរោគ​នេះឧស្សាហ៍​ឆ្លង​ណាស់ មិន​រើស​ភេទ ឬ​អាយុ​ទេ។ ស្រីៗ​ភាគ​ច្រើន ដឹង​ហើយ HPV គ្រោះ​ថ្នាក់​ខ្លាំង​ណាស់ ព្រោះ​អាច​បង្ក​ទៅ​ជា​បញ្ហា​សុខភាព​ធ្ងន់​ធ្ងរ មហារីក​មាត់​ស្បូន។ “Hello គ្រូពេទ្យ’ ធ្លាប់​លើក​ឡើង​ពាក់ព័ន្ធ​មេរោគ​នេះ ក៏​ដូច​ជាវិធី​បង្ការ ដោយ​ចាក់​វ៉ាក់សាំង​ការពារ ហើយ​គ្រប់​គ្នា​មិន​មែន​សុទ្ធ​តែ​អាច​ចាក់​បាន​ដែរ។ បើ​អ៊ី​ចឹង គួរ​ប្រុង​ប្រយ័ត្ន ហើយ​ត្រូវ​ស្គាល់​សញ្ញា​ឆ្លង​មេរោគ​នេះ​ជាមុន ទើប​អាច​ការ​ពារ​ខ្លួន។

    ១- ដឹង​អ្វី​ខ្លះ​ពី​មេរោគ HPV ?

    មេរោគ HPV (Human papillomavirus) ជា​មេរោគ​មួយ​ប្រភេទ​ងាយ​​បង្ក​ជំងឺ​នៅ​តំបន់​ជុំវិញ និង​ក្នុង​ប្រដាប់​ភេទ។ HPV ច្រើន​កើត​ឡើង​នៅលើ​មនុស្ស​ពេញ​វ័យ​ទាំង​ពីរ​ភេទ។ គេ​បាន​រក​ឃើញ​ថា ពាក់​កណ្ដាល ក្នុង​ចំណោម​អ្នក​ធ្លាប់​រួម​ភេទ មាន​ឆ្លង​​មេរោគ HPV យ៉ាង​ហោច​ណាស់​ម្ដង​ក្នុង​មួយ​ជីវិត។ ប៉ុន្តែ​រឿង​ដែល​ភ្ញាក់​ផ្អើល​នោះ មនុស្ស​ភាគ​ច្រើន​មិន​បាន​ដឹង​ថា បាន​ឆ្លង​មេរោគ​មួយ​នេះ​ឡើយ ដោយ​សារ​តែ​មេរោគ មិន​ងាយ​បង្ហាញ​រោគ​សញ្ញា​ឲ្យ​យើង​ដឹង។

    ម្យ៉ាង​ដោយ​សារ​មេរោគ HPV មាន​ច្រើន​ប្រភេទ រោគ​សញ្ញា​ក៏​អាស្រ័យ​លើ​ប្រភេទ​មេរោគ​នីមួយៗ។ គេ​រក​ឃើញ​មាន​មេរោគ HPV ជាង ១០០​ប្រភេទ អាច​បង្ក​ឲ្យ​កើត​​ជំងឺ​សិរមាន់ ទោះ​បី​ជា​ពេល​ខ្លះ​យើង​មិន​អាច​មើល​វា​ឃើញ​ដោយ​ប្រើ​ភ្នែក​ទទេ​ក្ដី។

    មាន​មេរោគ HPV ​ប្រភេទ​ខ្លះ​ទៀត បង្ក​ឲ្យ​កើត​ជា ​​ជំងឺ​មហារីក​មាត់​ស្បូន ទាំង​មិន​មាន​បញ្ចេញ​រោគ​សញ្ញា​អ្វី​ទាំង​អស់ ខណៈ​មេរោគ​មួយ​ចំនួន​ទៀត អាច​បង្ក​ជា​​ជំងឺ​សិរមាន់​លើ​ស្បែក​ដៃ ឬ​ជើង។

    ២- គ្រោះថ្នាក់​បង្ក​ដោយ​មេរោគ HPV

    គ្នា​យើង​មួយ​ចំនួន​សំណាង​ល្អ ព្រោះ​ពេល​ឆ្លង​មេរោគ HPV នឹង​ជា​ទៅ​វិញ​ដោយ​ខ្លួន ដោយ​មិន​ចាំ​បាច់​ព្យាបាល​អ្វី​ទាំង​អស់។ ប៉ុន្តែ​យើង​ត្រូវ​​ប្រុង​ប្រយ័ត្ន​ជា​និច្ច ព្រោះ​បើ​​មាន​ឆ្លង​មេរោគ HPV ហើយ​មិន​ព្យាបាល​ត្រឹម​ត្រូវ អត្រា​ប្រឈម​ជំងឺ​កាច​សាហាវ​មាន​កាន់​តែ​ខ្ពស់ ដូច​ជា ជំងឺ​មហារីក​មាត់​ស្បូន ឬ​មហារីក​រន្ធគូទ​ជាដើម។

    រោគសញ្ញាពេលឆ្លងមេរោគ HPV - Hello គ្រូពេទ្យ

    អត្ថបទពាក់ព័ន្ធ៖

    ៣- រោគសញ្ញា​ឆ្លង​មេរោគ HPV

    មេរោគ HPV អាច​មាន​នៅ​តាម​ស្រទាប់​ទឹក​រងៃ ដូចជា​តំបន់​ប្រដាប់​ភេទ ឬ​នៅលើ​ស្បែក​ជា​ដើម។ ប្រសិន​យើង​សង្កេត​ឃើញ​មាន​សិរមាន់​នៅ​លើ​ប្រដាប់​ភេទ មាន​ន័យ​ថា យើង​ឆ្លង​មេរោគ HPV ហើយ។

    សិរមាន់​អាច​កើត​ឡើង​ក្នុង​ទម្រង់​ និង​ពណ៌​ជា​ច្រើន​ខុសៗ​ពី​គ្នា អាច​មាន​ពណ៌​ផ្កា​ឈូក ពណ៌​ភ្លឺ​ស្រស់ និង​អាច​មាន​ទម្រង់​រាប ឬ​ពក​ឡើង។ ពេល​ខ្លះ អាច​មាន​រាង​ស្រដៀង​ទៅ​នឹង​ផ្កា​ខាត់​ណា ខណៈ​គ្នាយើង​ម្នាក់​ឆ្លង​មេរោគ​នេះ អាច​កើត​​សិរមាន់​តែ​មួយ​កន្លែង ឬ​កើត​ឡើង​ច្រើន​កន្លែង។ ជំងឺ​សិរមាន់​អាច​កើត​ឡើង​នៅ​តាម​កន្លែង​ជា​ច្រើន​មាន​ដូច​ជា មាត់​ស្បូន ក្រលៀន លិង្គ ពង​ស្វាស រន្ធ​គូទ ឬ​នៅ​លើ​ភ្លៅ​ជា​ដើម។

    ៤- មូលហេតុ​នាំ​ឲ្យ​ឆ្លង​រោគ HPV

    យើង​មិន​អាច​ដឹង​ខ្លួន កើត​ជំងឺ​សិរមាន់​ចាប់​តាំង​ពី​ពេល​ណា​ទេ ព្រោះ​អាច​បង្ហាញ​ខ្លួន​ឡើង​បន្ទាប់​ពី​មួយ​សប្ដាហ៍ ឬ​មួយ​ខែ​ក្រោយ យើង​រួម​ភេទ​ជាមួយ​ដៃគូ​មាន​ផ្ទុក​មេរោគ HPV។ ពេល​ខ្លះ​ដៃ​គូ​យើង ក៏​មិន​បាន​ដឹង​ថា​ខ្លួន​មាន​មេរោគ HPV ដូច​គ្នា។ ចាំ​បាច់​បំផុត ត្រូវ​ទៅ​ពិនិត្យ​ និង​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ​ឲ្យ​បាន​ទៀង​ទាត់ ដើម្បី​ដឹង​ថា​ខ្លួន​អ្នក​បញ្ហា​អ្វី​កើត​ឡើង។​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ ណៃ ទូច · កែ Jul 15, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម