backup og meta

ចម្ងល់ស្រីៗឧស្សាហ៍សួរ ពាក់ព័ន្ធការមករដូវ រួមភេទ និងពន្យារកំណើត ក្រោយសម្រាលកូន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jun 12, 2020

    ចម្ងល់ស្រីៗឧស្សាហ៍សួរ ពាក់ព័ន្ធការមករដូវ រួមភេទ និងពន្យារកំណើត ក្រោយសម្រាលកូន

    ក្រោយ​សម្រាល​កូន​រួច ម៉ាក់ៗ​មិន​ទាន់​មក​រដូវ​ភ្លាម​នោះ​ទេ អ៊ីចឹង​ហើយ​បាន​ជា​មាន​ស្រីៗ​មួយ​ចំនួន​​តែង​តែ​សួរ​ញឹក​ញាប់​ថា ក្រោយ​សម្រាល​កូន​រួច ពេល​ណា​មក​រដូវ​វិញ? ពេល​ណា​អាច​រួម​ភេទ​បាន? ហើយ​ត្រូវ​ពន្យារ​កំណើត​ពេល​ណាដែរ?

    ដើម្បី​ឲ្យ​អស់​ចម្ងល់​​ទាំង​នេះ Hello គ្រូពេទ្យ​ នឹង​យក​សំណួរ​ដែល​ស្ត្រី​សម្រាល​កូនរួច​តែង​សួរ​ញឹកញាប់ មក​ឲ្យ​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន សែនសុខ បកស្រាយ​ខាង​ក្រោម​នេះ។

    Hello គ្រូពេទ្យ៖ សម្រាល​កូន​រួច ពេល​ណា​ស្រីៗ​អាច​មក​រដូវវិញ?

    វេជ្ជបណ្ឌិត៖ ក្រោយ​សម្រាល​កូន​រួច ស្រ្តី​អាច​មាន​រដូវ​ដូច​ធម្មតា​វិញ ​នៅចន្លោះ​ពី ១ខែកន្លះ-៣ខែ ឬ​យូរ​ជាង​នេះ អាស្រ័យ​ទៅ​លើ​លក្ខខណ្ឌ​នៃ​ការ​បំបៅ​ដោះ​កូន។ បើ​ស្រ្តី​បំបៅ​ដោះ​កូន​កាន់​តែយូរ ហើយ​ញឹក​ញាប់ នោះ​អាច​ពន្យារ​ការ​មក​រដូវ​កាន់​តែ​យូរ អ្នក​ខ្លះ​អាច​៦ខែ ឬ១ឆ្នាំ​ក៏​មាន​ដែរ។

    Hello គ្រូពេទ្យ៖ ពេល​ណា​អាច​រួមភេទ​បាន​វិញ?

    វេជ្ជបណ្ឌិត៖ ជា​ទូទៅ ក្រោយ​សម្រាល​អាអូន​បាន​៦សប្តាហ៍ គ្រូពេទ្យ​តែង​តែ​ណាត់​ស្រ្តី​ឲ្យ​ទៅ​ជួប​គ្រូពេទ្យ​ម្តង​ទៀត​ដើម្បី​ពិនិត្យ​សុខភាព តើ​មាន​បញ្ហា​អី​អត់? ស្បូន​ត្រលប់​មក​ធម្មតា​វិញ​នៅ? ប្រសិន​បើ​ពិនិត្យ​មិន​ឃើញ​បញ្ហា​អី​នោះ​ទេ ស្ត្រី​អាច​រួមភេទ​ជាមួយ​ដៃគូ ឬ​ស្វាមី​បាន​វិញ​ហើយ​អំឡុង​ពេល​នោះ។

    Hello គ្រូពេទ្យ៖ ក្រោយ​សម្រាល​រួច ពេល​ណា​ទើប​អាច​ពន្យារ​កំណើត​បាន?

    វេជ្ជបណ្ឌិត៖ ដូច​ខ្ញុំ​បាន​លើក​ខាង​លើនៅ​សំណួរ​ទី២​អ៊ីចឹង រយៈពេល​៦សប្តាហ៍​ក្រោយ​សម្រាល​កូន​រួច ពេទ្យ​ណាត់​ជួប​ស្ត្រី​ដើម្បី​ពិនិត្យ​សុខភាព​ហ្នឹង ហើយ​ក៏​ជា​ពេល​ដែល​គ្រូពេទ្យ​ណែនាំ​ឲ្យ​ប្រើ​មធ្យោបាយ​ពន្យារ​កំណើត​​ដែរ។ អ៊ីចឹង​ស្ត្រី​អាច​ចាប់​ផ្តើម​ពន្យារ​កំណើត​ពី​ពេល​ហ្នឹង ព្រោះ​ជា​ពេល​ដែល​ស្ត្រី​អាច​នឹង​ចាប់ផ្តើម​រួមភេទ​ដែរ។

    Hello គ្រូពេទ្យ៖ សម្រាល​កូន​រួច អត់​ទាន់​មក​រដូវ រួមភេទ​អាច​កូន​អត់?

    វេជ្ជបណ្ឌិត៖ ទោះ​សម្រាល​កូន​បាន២ ៣ ឬ៤ខែ ហើយ​មិន​ទាន់​មក​រដូវ​ក៏​ដោយ តែ​បើ​មាន​ការ​រួម​ភេទ ដោយ​មិន​បាន​ការពារ ស្ត្រី​អាច​នឹង​មាន​​កូន​បាន។ អ៊ីចឹង​ហើយ​ត្រូវ​ការពារ​ប្រសើរ​ជាង ចៀស​វាង​ការ​មាន​កូន​ញឹក​ពេក​ដោយ​ចៃដន្យ។

    Hello គ្រូពេទ្យ៖ បើម៉ាក់ៗឲ្យ​កូន​បៅ​ដោះ ពេល​ណា​មក​រដូវ​វិញ?

    វេជ្ជបណ្ឌិត៖ មិន​ទៀង​នោះ​ទេ អាស្រ័យ​ទៅ​លើ​លក្ខខណ្ឌ​ដែល​ម៉ាក់ៗ​បំបៅ​កូន តើ​ញឹក​ញាប់ និង​ទៀង​ទាត់​ប៉ុនណា? បើ​ម៉ាក់ៗ​បំបៅ​កូន​បាន​ទៀង​ទាត់ ហើយ​ញឹក​ញាប់​ទៀត​ហើយ ការ​ពន្យារ​ការ​មក​រដូវ​កាន់​តែ​យូរ អាច​ពី៦ខែ ទៅ១ឆ្នាំ ឬ​លើស​ពី​នេះ។

    Hello គ្រូពេទ្យ៖ ពិត​អត់ គេថា​បំបៅដោះ​កូន​អាច​ពន្យារ​កំណើត​បាន?

    វេជ្ជបណ្ឌិត៖ ជា​ទូទៅ​ការ​បំបៅដោះ​កូន អាច​ពន្យារ​កំណើត​បាន តែ​មិន​មែន​ការពារ​បាន​១០០% ​​នោះ​ទេ អ៊ីចឹង​ហើយ​ទើប​​គ្រូពេទ្យ​ណែនាំ​ឲ្យប្រើ​មធ្យោបាយ​ពន្យារ​កំណើត​បន្ថែម​ទៀត ទោះ​ជា​ស្ត្រី​បំបៅដោះ​កូន​ក៏​ដោយ។ អាច​ប្រើ​ស្រោម​ក៏​បាន លេប​ថ្នាំ​ក៏​បាន ឬ​ក៏​ដាក់​កង និង​មាន​វិធី​ច្រើន​ទៀត ម៉ាក់ៗ​អាច​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​បាន។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Jun 12, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម