ការរួមភេទមិនមែនត្រឹមតែបានផ្ដល់ក្ដីសុខ និងភាពស្និទ្ធស្នាលរវាងគូស្នេហ៍នោះទេ តែថែមទាំងមានប្រយោជន៍ផ្នែកសុខភាព និងអាចជួយឲ្យយើងរស់បានយូរផងដែរ។ ការរួមភេទត្រូវគេជឿថាអាចប្រឆាំងនឹងជំងឺមួយចំនួន និងទំនងជាអាចការពារជំងឺមហារីកបានទៀតផង។
១. បំបាត់ស្រ្តេស
ការរួមភេទអាចកាត់កម្រិតស្ត្រេសរបស់មនុស្សយើងបាន។ ការសិក្សាមួយបានរកឃើញថាអ្នកដែលបានរួមភេទជាមួយដៃគូមុនពេលធ្វើកិច្ចការលំបាកផ្សេងៗ កម្រិតស្ត្រេសរបស់អ្នកទាំងនោះមានទាប និងកម្រិតសម្ពាធឈាមក៏ទាបដែរ បើធៀបទៅនឹងអ្នកដែលមិនបានរួមភេទ ឬអ្នកសម្រេចកាមដោយខ្លួនឯង។
២. ជួយសុខភាពបេះដូង
ការរួមភេទបានជួយដល់ចង្វាក់បេះដូង និងសុខភាពបេះដូងផ្សេងទៀត។ ការសិក្សាមួយបានរកឃើញថាការរួមភេទពិតជាអាចជួយប្រុសៗកាត់បន្ថយការប្រឈមនឹងការស្លាប់ដោយសារគាំងបេះដូង។ ការសិក្សាបញ្ជាក់ថា ប្រុសៗដែលបានរួមភេទបានពីរដង ឬលើសពីនេះក្នុងមួយសប្ដាហ៍ គឺទំនងជាប្រឈមនឹងការស្លាប់ដោយសារគាំងបេះដូងទាបជាងប្រុសៗដែលមិនសូវបានរួមភេទ។
៣. កាត់បន្ថយការឈឺចាប់ផ្សេងៗ
ការរួមភេទជួយឲ្យមនុស្សយើងមានអារម្មណ៍ល្អ។ ក្រៅតែពីអត្ថប្រយោជន៍ដល់រាងកាយ ការរួមភេទក៏បានរួមចំណែកក្នុងការកាត់បន្ថយការឈឺចាប់ផងដែរ។ នៅពេលមនុស្សយើងកំពុងមានអារម្មណ៍ស្រើបស្រាល និងដល់ចំណុចកំពូល hypothalamus នៅក្នុងខួរក្បាលបញ្ចេញអ័រម៉ូនអារម្មណ៍ល្អអុកសុីតូសុីន (oxytocin) ។ ការសិក្សាបានរកឃើញដែរថាអ័រម៉ូននេះ អាចជួយស្រីៗកាត់បន្ថយការឈឺចាប់ ពិសេសការឈឺចាប់ពេលមករដូវ។
៤. ការពារជំងឺមហារីក
ការសិក្សាមួយចំនួនបានរកឃើញថាប្រុសៗមានវ័យ៥០ឆ្នាំ ឬលើសពីនេះ ដែលបានរួមភេទញឹកញាប់អាចប្រឈមនឹងការរកឃើញថាមានមហារីកក្រពេញប្រូស្តាតទាបជាងប្រុសៗវ័យដូចគ្នាតែមិនសូវបានរួមភេទ។ ការសិក្សាបញ្ជាក់ទៀតថា មិនថាការរួមភេទជាមួយដៃគូ ឬសម្រេចកាមដោយខ្លួនឯងទេ គឺអាចជួយកាត់បន្ថយហានិភ័យជំងឺមាហារីកក្រពេញប្រូស្តាតនៅពេលវ័យកាន់តែចាស់។
ការសិក្សាមួយទៀតបញ្ជាក់ដែរថា ប្រុសៗក្នុងវ័យខ្ទង់២០ឆ្នាំ ដែលបានបញ្ចេញទឹកកាមញឹកញាប់ក៏ទំនងជាអាចកាត់បន្ថយហានិភ័យជំងឺមហារីកក្រពេញប្រូស្តាតនេះបានដែរ។
៥. បង្កើនគុណភាពមេជីវិត
ការរួមភេទបានដល់ចំណុចកំពូលញឹកញាប់ ជួយបង្កើនគុណភាពមេជីវិតឈ្មោលប្រុសៗ ដោយបានកាត់បន្ថយចំនួនDNA ដែលខូចចូលទៅក្នុងមេជីវិត និងបង្កើនសមត្ថភាពបង្កកំណើត។ ការសិក្សារកឃើញថាប្រុសៗដែលបានរួមភេទ ឬបានបញ្ចេញទឹកកាមរាល់ថ្ងៃ គុណភាពមេជីវិតនៅក្នុងទឹកកាមមានកម្រិតខ្ពស់ជាងអ្នកដែលមិនបានរួមភេទ ក្នុងរយៈពេលមួយសប្ដាហ៍បន្ទាប់។ ការណ៍នេះ អាចជួយឲ្យគូស្នេហ៍ជួបបញ្ហាពិបាកបង្កកំណើតកម្រិតស្រាល ឲ្យមានការបង្កកំណើត។
ការរួមភេទ ជាពេលវេលាមួយសម្រាប់គូស្នេហ៍ក្នុងការបង្កើនភាពស្និទ្ធស្នាល តម្រេក និងទំនាក់ទំនងល្អ ជាដើម។ ដូចនេះ គ្នាយើងគួររក្សាសកម្មភាពរួមភេទ និងត្រូវប្រាដកថាយើងបានរួមភេទដោយសុវត្ថិភាព បានប្រើវិធីការពារបានត្រឹមត្រូវ។
[embed-health-tool-ovulation]