backup og meta

១៤​ ចំណុចពាក់ព័ន្ធសុវត្ថិភាពផ្លូវភេទ ស្រីៗគួរដឹង កុំឲ្យចាញ់បោកប្រុសៗ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គឹម កាណែល · កែ Jul 13, 2020

    ១៤​ ចំណុចពាក់ព័ន្ធសុវត្ថិភាពផ្លូវភេទ ស្រីៗគួរដឹង កុំឲ្យចាញ់បោកប្រុសៗ

    និយាយដល់​រឿង​ផ្លូវ​ភេទ​ គិត​ជាគួរឲ្យ​ខ្មាស​អៀនមែនហើយ ប៉ុន្តែសម័យនេះហើយ គ្នាយើងគួរ​បើ​ចំហចិត្តឲ្យ​ទូលាយ ស្វែង​យល់​ពី​រឿង​នេះ​ឲ្យ​បាន​ច្បាស់ ព្រោះ​បើ​មិន​យល់ច្បាស់ពី​រឿង​ផ្លូវ​ភេទ នឹង​បង្កឲ្យ​យើង​ប្រព្រឹត្តរឿងនេះទាំងស្រពិចស្រពិល អសុវត្ថិភាព នាំឲ្យ​ប៉ះពាល់​ដល់​ជីវិត​ប្រចាំ​ថ្ងៃ​ទៀតផង។ “Hello គ្រូពេទ្យ’ នឹងលើកឡើង​ពីចំណុចសំខាន់ៗសរុប ១៤ ពាក់ព័ន្ធ​សុវត្ថិភាព​ផ្លូវភេទ គ្នាយើងស្រីៗ​គួរ​ស្វែងយល់ ដើម្បីកុំឲ្យចាញ់​បោក​ប្រុសៗ។

    ១- រួម​ភេទ​លើក​ដំបូង​​អាច​ធ្វើ​ឲ្យ​មាន​កូន​បាន​

    មាន​ផ្ទៃ​ពោះ​ មិន​ចាំ​បាច់​ត្រូវ​មាន​រហូត​រួម​ភេទ​លើក​ទី ២ លើកទី ៣ ​នោះ​ទេ ឲ្យ​តែ​​ក្មេង​ស្រី​ដល់​​ដល់​វ័យ​អាច​ធ្លាក់​មេ​ជីវិត​ញី នោះ​​នឹង​មាន​ផ្ទៃ​ពោះ​បើ​រួម​ភេទ​មិន​ការពារ ខណៈ​​ក្មេង​ស្រី​មួយ​ចំនួន ក៏​អាច​មាន​ផ្ទៃ​ពោះ មុន​ពេល​មាន​រដូវ​ដំបូង​ទៀតផង។ ដូច​នេះមិន​ត្រូវ​ខ្វះ​ការ​ការពារ​ទេ ត្រូវ​ប្រាកដ​ថា​ បាន​ប្រើ​វិធី​ពន្យារ​កំណើត​ផ្សេងៗ ហើយ​ស្រោម​អនាម័យ​ ក៏​​ជា​វិធី​ល្អ​បំផុត​ ​មិន​ត្រឹម​តែ​ការ​ពារ​កុំឲ្យ​មាន​កូន​ទេ ថែម​ទាំង​អាច​ការពារ​ពី​ជំងឺ​កាមរោគ (STDs) ផង​ដែរ។

    ២- ដក​ចេញ​មិន​មាន​សុវត្ថិភាព​គ្រប់​គ្រាន់​ទេ

    ដៃ​គូយើង​​ប្រាកដ​ជា​ប្រាប់​កុំ​ឲ្យ​ព្រួយ​បារម្ភ ព្រោះ​គេ​នឹង​ដក​ចេញ​ទាន់​ពេល​វេលា ប៉ុន្តែក៏​មិន​ត្រូវ​ជឿ​ពាក្យ​នេះ​ដែរ ទោះ​បី​ជា​គេ​អាច​ដក​លិង្គ មុន​ពេល​ចេញ​ទឹក​កាម​ក៏​ដោយ ​ខាង​ស្រី​នៅ​តែ​អាច​មាន​កូន​បាន។ ពេល​ប្រុសៗ​ដល់​ចំណុច​កំពូល រាង​កាយ​នឹង​បញ្ចេញ​សារធាតុ​រាវ​ម្យ៉ាង​ មុន​នឹង​ចេញ​ទឹក​កាម ហើយ​សារធាតុ​រាវ​នោះ ក៏​​អាចមាន​មេ​ជីវិត​ឈ្មោល និង​វីរុស​បង្ក​ជំងឺ​កាមរោគ​ផ្សេង​ទៀត។ ហេតុ​​នេះ​ ត្រូវ​តែ​ប្រើ​ស្រោម​អនាម័យ​ជា​និច្ច។

    ៣- ​ក្បាច់រួម​ភេទមួយចំនួន​​អាច​ការពារ​កុំ​ឲ្យ​មាន​កូន​បាន​

    នេះ​គឺ​ជា​រឿង​កុហក ​ដែល​ថា​ស្រីៗ​​នឹង​មិន​មាន​ផ្ទៃ​ពោះ​នោះ ទោះ​បី​ប្រើ​ក្បាច់រួម​ភេទ​ដោយ​​ឈរ ឬអង្គុយ​នៅ​ក្នុង​បន្ទប់​ទឹកក៏ដោយ ពេល​ខ្លះ​ស្តាប់​ទៅ​អាច​ទំនង ប៉ុន្តែ​ត្រូវ​ចាំ​ថា មេ​ជីវិត​ឈ្មោល មាន​កម្លាំង​ខ្លាំង​ណាស់ ដោយ​កោសិកា​ទាំង​នោះ អាច​ហែល​ឡើង​ទៅ​លើ​រក​មេ​ជីវិត​ញី​បាន។ មិន​ថាយើង​​ប្រើ​ក្បាច់​ណា​ឡើយ ទោះ​ជា​ឈរ ទោះ​ជា​អង្គុយ ឬ​ក៏​លោត​ក៏​ដោយ ដៃគូខាង​ស្រី​​នៅ​តែ​មាន​ផ្ទៃ​ពោះ បើ​​មិន​ប្រើ​វិធី​ពន្យារ​កំណើត​ទេនោះ។

    ៤- រួមភេទ​តាម​មាត់​នឹង​មិន​ធ្វើ​ឲ្យ​មាន​កូន​ទេ

    ពាក្យ​នេះគឺ​ត្រឹមត្រូវ ការ​រួម​ភេទ​ប្រភេទ​នេះ​ នឹង​មិន​ធ្វើ​ឲ្យ​មាន​កូន​ទេ ទោះ​បី​ជា​លេប​ទឹក​កាម​ចូល​ពោះ​ក៏​ដោយ ព្រោះ​ទឹក​កាម​ទាំង​នោះ​ នឹង​ត្រូវ​រំលាយ​ដោយ​ក្រពះ។ ទោះ​យ៉ាង​នេះ​ក្ដី ជំងឺ​កាមរោគ​ នៅ​តែ​ឆ្លង​តាម​ការ ​រួមភេទ​តាម​មាត់ ហើយ​ដើម្បី​សុវត្ថិភាព​ត្រូវ​រួម​ភេទ​ដោយ​ប្រើ​ស្រោម​អនាម័យ​ការពារ​ជានិច្ច។

    ៥- ស្បោង​មិន​អាច​ជំនួស​ឲ្យ​ស្រោម​អនាម័យ​បាន​ទេ

    គ្មាន​នរណា​ដឹង​ថា​គំនិត​ឆ្កួត​នេះមក​ពី​ណា​ឡើយ តែ​យើង​នៅ​តែ​ធ្លាប់​ឮ​គេ​និយាយ​ពីវា​​ម្ដង​ម្កាល។ ប៉ុន្តែ​ចម្លើយ ​គឺ​មិន​អាច​ទៅ​រួច​នោះ​ទេ ទោះ​បី​ជា​ផ្លាស្ទីក​ប្រភេទ​ណា​ក៏​ដោយ ក៏​មិន​អាច​ជំនួស​ស្រោម​អនាម័យ​បាន​ដែរ។ មាន​តែ​ស្រោម​អនាម័យ​ប៉ុណ្ណោះ​ ទើប​ជួយ​ឲ្យ​យើង​មាន​សុវត្ថិភាព ពី​ការ​មាន​ផ្ទៃ​ពោះ​ និង​ជំងឺ​កាមរោគ។

    ៦- លិង្គខាងប្រុសនឹង​ផ្ទុះបើ​មិន​បាន​រួមភេទ

    មិន​ត្រូវ​ចាញ់​បោកពាក្យ​ទាំង​នេះ​ទេ ព្រោះ​លើលោក​ ក៏គ្មាន​នរណា​ម្នាក់​ធ្លាប់​ជួប​មាន​បញ្ហា​ទេ បើ​ទោះ​មិន​បាន​រួម​ភេទ។ រាង​កាយ​មនុស្ស​ប្រុស​ ផលិត​មេ​ជីវិត​ឈ្មោល​រៀង​រាល់​ថ្ងៃ ហើយ​មេជីវិត​ឈ្មោល​ដែល​មិន​ប្រើ​ នឹង​ស្រូប​ចូល​ទៅ​កន្លែង​ផលិត​វិញ។

    ៧- ស្រោម​អនាម័យ​មិន​អាចម្តងទៀត​បាន​ទេ

    ស្រោម​ត្រូវ​បាន​គេ​ធ្វើ​ឡើង​ដើម្បី គឺ​ប្រើ​តែ​ម្ដង​ប៉ុណ្ណោះ មិន​ត្រូវ​លាង​​ហើយ​ប្រើ​វា​ម្ដង​ទៀត​នោះ​ទេ។ ដោយ​សារ​តែ​ការ​កកិត​អាច​ធ្វើ​ឲ្យ​ស្រោម​ខូច ធ្វើ​ឲ្យ​វា​បែក ហើយ​ជា​ការ​ល្អ ត្រូវ​ដូរ​ស្រោម​ថ្មី​ភ្លាម​ ពេល​រួម​ភេទ​បាន ៣០ ​នាទី នៅមិន​ទាន់​ដល់​ចំណុច​កំពូល។

    ៨- ទំហំ​មិន​មែន​ជា​បញ្ហា​ទេ

    គ្មាន​អ្វី​ដែល​ធានា​ថា លិង្គ​ធំ នឹង​ធ្វើ​ឲ្យ​មនុស្ស​ស្រី​មាន​អារម្មណ៍​ផ្លូវ​ភេទ​ល្អ​នោះ​ទេ។ មាន​លិង្គ​ធំ ខាង​ប្រុស​ ក៏គ្មាន​​ភាព​ងាយ​ស្រួល ​ដើម្បី​រក​ចំណុច G-spot របស់​មនុស្ស​ស្រី​នោះដែរ។ ផ្ទុយ​ទៅ​វិញ​ ​នឹង​ធ្វើ​ឲ្យ​ខាង​ស្រី​ឈឺចាប់ ប្រសិន​បើ​លិង្គ​ខាង​ប្រុស​ប៉ះ​ស្បូនខាង​ស្រី ​អំឡុង​ពេល​រួម​ភេទ។ អ្វី​ដែល​សំខាន់ ត្រូវ​ចេះ​ប្រើ​​ក្បាច់ ​និង​តិចនិកពិសេស​ខ្លះៗ ដើម្បីភ្ញោច​អារម្មណ៍ទាំង​សងខាង។

    ៩- ស្រីៗ​ចូល​ចិត្ត​រួមភេទ​ដូច​ប្រុសៗដែរ

    ជា​ទូទៅ ​គេ​ជឿ​ថា ​ការ​រួម​ភេទ​ដែល​ល្អ ​មិន​ត្រូវ​គិត​រឿង​មនោសញ្ចេតនា​ស្នេហានោះទេ ហើយ​ដោយ​សារ​តែការ​វាយ​តម្លៃ​ក្នុង​សង្គម ក៏​ដូចជាការ​​អប់រំ​ពី​ផ្លូវ​ភេទ សុទ្ធ​អាច​ធ្វើ​ឲ្យ​មនុស្សស្រី​អៀន មិន​ហ៊ាន​និយាយ​ពី​អ្វី​​នាង​ចង់​បាន។ ទាំង​នេះ​ហើយ​ជាហេតុ​នាំ​ឲ្យ គិត​ខុស​បែប​ ដែល​​ថា​មាន​តែ​មនុស្ស​ប្រុស​ប៉ុណ្ណោះ​ ​ចូល​ចិត្ត​រួម​ភេទ។

    រួមភេទ Hello គ្រូពេទ្យ

    ១០- មិន​មែន​ប្រុស​ខ្ទើយ​​សុទ្ធ​តែ​រួម​ភេទ​តាម​រន្ធ​គូទ​នោះ​ទេ

    មិន​ថា​មនុស្ស​ប្រុស​ពេញ​លក្ខណៈ ឬ​ក៏​ខ្ទើយ​ទេ ការ​រួម​ភេទ​តាម​រន្ធ​គូទ គឺ​ជា​រស​និយម​របស់​មនុស្ស​ម្នាក់ៗ ​ខ្លះ​ចូល​ចិត្ត​ ​ខ្លះ​មិន​ចូល​ចិត្ត​ ទៅ​តាម​អារម្មណ៍​ខុសៗ​គ្នា។ បើ​តាមការ​បោះពុម្ព​ផ្សាយ​របស់​ភ្នាក់ងារ​ស្រាវ​ជ្រាវ ​ពី​ឥរិយាបថ​រួម​ភេទ និង​របៀប​រស់​នៅ (Third National Survey of Sexual Attitudes and Lifestyles ) ​បង្ហាញ​ថា​ មាន​តែ ១៨,៥%​ ក្នុង​ចំណោមប្រុសអាយុពី ១៦-២៥ ឆ្នាំ ធ្លាប់​រួម​ភេទ​តាម​រន្ធ​គូទ​។

    អត្ថបទពាក់ព័ន្ធ៖

    • ពេញវ័យមិនទាន់ស្រួលបួល ប្រឡូករួមភេទ អាចប្រឈមបញ្ហាទាំងនេះ
    • “រួម​ភេទតាមមាត់” មាន​គុណ​វិបត្តិ ក៏មានគុណសម្បត្តិដែរ

    ១១- ស្រី​ស្រលាញ់​ស្រី​ក៏​អាច​កើត​ជំងឺ​កាមរោគ

    មិន​ប្រាកដ​ថា​ ​ស្រី​រួម​ភេទ​ជា​មួយ​ស្រីៗដូច​គ្នា មាន​សុវត្ថិភាព​ជាង​រួម​ភេទស​ប្រុស​ៗនោះ​ទេ ព្រោះ​ជំងឺ​កាមរោគ អាច​ចម្លង​តាម​ទឹក​រំអិល​យោនី​របស់ស្រី ឈាម ឬ​ការ​ទាក់​ទង​ជិត​ស្និត ហើយ​ជា​ការ​ណែនាំ ត្រូវ​ពាក់​ស្រោម​លើ​ឧបករណ៍​សិច​ប្រើ​រួម​គ្នា​ជា​និច្ច។

    ១២- ជំងឺ​កាម​រោគ​មិន​ងាយ​បញ្ចេញ​រោគ​សញ្ញា​ឡើយ

    ស្ដាប់​ទៅ​គួរ​ឲ្យ​ខ្លាច​ណាស់​មែន​ទេ គ្នា​យើង​​មិន​អាច​ដឹង​ថា​ ដៃ​គូ ​ឬ​ក៏​ខ្លួន​យើង​ផ្ទាល់ ​មាន​ជំងឺ​កាម​រោគ​ ឬ​អត់ទេ។ មនុស្ស​ជា​ច្រើន​ ​ផ្ទុក​ជំងឺ​កាមរោគ ក៏​មិនសម្គាល់​​ឃើញ​ ​មាន​រោគ​សញ្ញា​ឡើយ រហូត​ទាល់​តែ​វា​យឺត​ពេល ទើប​ដឹង។ ជំងឺ​កាមរោគ​ដែល​មិន​ព្យាបាល​ អាច​ធ្វើ​ឲ្យ​ខូច​ខាត​ដល់​សុខភាព​រាង​រហូត ហើយ​វិធី​តែ​មួយ​គត់​អាច​ដឹង ​ត្រូវ​ធ្វើ​តេស្ត​សុខភាព។

    ១៣- មាន​ជំងឺ​កាមរោគមិន​អាច​ធ្វើ​ឲ្យ​ស្លាប់​ទេ

    ជំងឺ​កាមរោគ​ជា​ច្រើន ​ងាយ​ព្យាបាល​ឲ្យ​ជា ដោយ​គ្រាន់​តែ​ប្រើ​ថ្នាំ​ផ្សះ ពិសេស​ជំងឺ​កាមរោគ​​បង្ក​ដោយ​បាក់តេរី។ យ៉ាងណា ជំងឺ​កាមរោគ​ បង្ក​ដោយ​វីរុស​ ដូច​ជា ជំងឺ​ហ៊ីវ (HIV) ជំងឺ​រើម ដែល​បង្ក​ដោយ HPV គឺ​មិន​អាច​ព្យាបាល​ឲ្យ​ជា​ដាច់នោះ​ទេ តែ​ជំងឺ​ទាំង​នេះ​អាច​គ្រប់​គ្រង​បាន ដោយ​ប្រើ​ថ្នាំ​ត្រឹម​ត្រូវ ខណៈ​គ្នា​យើង​មាន​​ជំងឺ​កាមរោគ​បង្ក​ដោយ​វីរុស​នេះ នឹង​មាន​ជីវិត​រស់​នៅ​យូរ និង​អាច​បំពេញ​ការ​ងារ​ជីវិត​បាន​ដូច​ធម្មតា។

    ១៤- សម្រេច​កាម​ដោយ​ខ្លួន​ឯង​មិន​ប៉ះ​ពាល់​ប្រដាប់​ភេទ​

    មនុស្ស​ជា​ច្រើន​ជឿ​ថា​ ការ​សម្រេច​កាម​ដោយ​ខ្លួន​ឯង​នឹង​ធ្វើ​ឲ្យ​ខូច​អវយវៈ​ភេទ ដែល​នាំ​ឲ្យ​កើត​ជំងឺ​អារ ​មិន​អាច​មាន​កូន​បាន។ ការ​លើក​ឡើង​នេះ​ គឺ​ពិត​ជា​ខុស ដោយ​សារ​តែ​ការ​សម្រេច​កាមខ្លួន​ឯង​ ​គ្រាន់​តែ​ជា​ការ​រួម​ភេទ​​មិន​មាន​ដៃ​គូរ​ប៉ុណ្ណោះ។

    នៅ​មាន​រឿង​កុហក​មួយ​ចំនួនទៀត​ ​មិន​បាន​រៀប​រាប់​ក្នុង​អត្ថបទ​នេះ ដូច​នេះ​មិន​គួរ​ជឿ​ ឬ​ធ្វើ​តាម​អ្វី​ដែលយើង​គ្រាន់​តែ​ឮ ឬ​ឃើញ​នោះ​ទេ។ ដើម្បី​សុខភាព​ខ្លួនឯង ត្រូវ​ទទួល​យក​ព័ត៌មានមាន​ប្រភព​ច្បាស់​លាស់ និង​មិន​ត្រូវ​ខ្មាស​អៀន ​ទៅ​ជួប​គ្រូពេទ្យ​ដើម្បី​ទទួ​បាន​ព័ត៌មាន​ត្រឹម​ត្រូវ​នោះ​ដែរ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិនធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ គឹម កាណែល · កែ Jul 13, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម