យោងតាមការសិក្សាថ្មីៗនេះ ក្នុងចំណោមគ្នាយើងរួមភេទតាមរន្ធគូទ គឺមានប្រុសៗចូលចិត្តរួមភេទដូចគ្នាដល់ទៅ ៩០% ខណៈស្រីៗប្រហែល ៥-១០ភាគរយប៉ុណ្ណោះ។ ទោះរួមភេទតាមរន្ធគូទ មិនមែនជារឿងចម្លែកក៏ពិតមែន ប៉ុន្តែគ្នាយើងចូលចិត្តរួមភេទបែបនេះ គួរឲ្យប្រយ័ត្នប្រយែងឲ្យបានច្រើន ព្រោះរន្ធគូទបណ្តុំទៅដោយសរសៃប្រសាទ អាចនឹងបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរមិនខាន ហើយគ្រោះថ្នាក់ទាំងនោះ មានក្នុងអត្ថបទនេះតែម្តង។
១- រួមភេទតាមរន្ធគូទមានសុវត្ថិភាពដែរទេ?
រួមភេទតាមរន្ធគូទ បង្កជាផលប៉ះពាល់សុខភាពច្រើន ក៏ជាវិធីរួមភេទ មានគ្រោះថ្នាក់ជាងគេក្នុងចំណោមតិចនិករួមភេទទាំងអស់ ដែលកត្តាគ្រោះថ្នាក់ទាំងនោះមានដូចជា៖
– រន្ធគូទមិនមានទឹករម្អិលពីធម្មជាតិ ដូចទ្វារមាសទេ៖ ការស៊កលិង្គចូលទៅក្នុងរន្ធគូទ អាចធ្វើឲ្យជាលិកានៅតំបន់នោះងាយរហែក បណ្ដាលឲ្យបាក់តេរី និងវីរុស ឆ្លងចូលក្នុងសរសៃឈាមបាន។ ការជ្រៀបពីពពួកបាក់តេរី ឬវីរុសទៅក្នុងឈាម អាចបណ្ដាលឲ្យកើតជាជំងឺកាមរោគ ជាពិសេស ជំងឺអេដស៍។ ការសិក្សារកឃើញថា ស្រីៗ ឬប្រុស ដែលឲ្យដៃគូមានផ្ទុកមេរោគអេដស៍ស៊កលិង្គចូលតាមរន្ធគូទ ប្រឈមខ្ពស់ឆ្លងមេរោគ ច្រើនជាងការស៊កលិង្គចូលក្នុងទ្វារមាសដល់ទៅ ៣០ដង ឯណោះ។ ក្នុងករណីមួយចំនួន យើងអាចប្រើទឹករម្អិលជំនួយបាន ប៉ុន្តែទឹករម្អិល ក៏មិនអាចការពារការដាច់រហែកសាច់រន្ធគូទបាន ១០០% ដែរ។
– ជាលិកាក្នុងរន្ធគូទខុសពីស្បែកខាង៖ ផ្ទុយទៅនឹងស្បែកខាងក្រៅ ដែលអាចការពារយើងពីការជ្រៀបចូលពីពពួកមេរោគ ឬបាក់តេរីនោះ ជាលិការន្ធគូទ មិនមានការពារយើងច្រើននោះទេ។ ស្បែកខាងក្រៅយើងមានស្រទាប់កោសិកាងាប់ចាស់ៗ សម្រាប់ដើរតួជាការពារប្រឆាំងជាមួយការចម្លងមេរោគ ខណៈជាលិកាក្នុងរន្ធគូទ មិនមានជញ្ជាំងការពារមួយនេះទេ ហេតុនេះហើយ ទើបបានជាវាងាយរហែក និងងាយចម្លងមេរោគណាស់។
– រន្ធគូថជាកន្លែងផ្ទុកលាមក៖ សាច់ដុំរង្វង់នៅជុំវិញរន្ធគូទ គឺជាសាច់ដុំខ្ជឹប វាខ្ជឹប និងបន្តឹងរន្ធគូទ បន្ទាប់ពីយើងបន្ទោរបង់រួច ដោយសាច់ដុំនោះមានសភាពរឹង ដូចនេះពេលស៊កលិង្គចូល អាចធ្វើឲ្យឈឺ និងមានការលំបាក។ រួមភេទតាមរន្ធគូទញឹកញាប់ អាចធ្វើឲ្យសាច់ដុំខ្ជឹបនោះប្រែទៅជាខ្សោយ ធ្វើឲ្យពិបាកក្នុងទប់លាមក ទម្រាំទៅដល់បន្ទប់ទឹក អាចនឹងមានការលេចធ្លាយលាមកមិនខាន។ យ៉ាងណា គេមានវិធីហាត់ប្រាណម្យ៉ាង ហៅថា Kegel Exercises អាចជួយបន្តឹងសាច់ដុំខ្ជឹបរបស់រន្ធគូទយើងបាន ក៏អាចដោះស្រាយបញ្ហាលេចធ្លាយលាមកបានដូចគ្នា។
– រន្ធគូទពោពេញទៅបាក់តេរី៖ ទោះបីជាដៃគូរួមភេទទាំងពីរ មិនមានផ្ទុកជំងឺកាមរោគ ឬជំងឺដទៃទៀតក៏ពិតមែន ប៉ុន្តែបាក់តេរីមានស្រាប់ក្នុងរន្ធគូទ អាចឆ្លងទៅដៃគូយើងអំឡុងពេលរួមភេទបាន។ បើរួមភេទតាមទ្វារមាស បន្ទាប់ពីរួមភេទតាមរន្ធគូទភ្លាម អាចធ្វើឲ្យភាគីខាងស្រីប្រឈមមុខជាមួយជំងឺរលាកផ្លូវទឹកនោម និងរលាកទ្វារមាស។
២- គ្រោះថ្នាក់ផ្សេងទៀតបណ្ដាលមកពីការរួមភេទតាមរន្ធគូទ
រួមភេទតាមរន្ធគូទ អាចធ្វើឲ្យយើងប្រឈមមុខជាមួយជំងឺជាច្រើនប្រភេទ ពិសេសបើដាក់លិង្គចូលក្នុងមាត់ បន្ទាប់ពីស៊កចូលក្នុងរន្ធគូទរួច អាចធ្វើឲ្យដៃគូទាំងសងខាង ប្រឈមជាមួយជំងឺជាច្រើនដូចជា ជំងឺរលាកថ្លើម ជំងឺរើម ឆ្លងមេរោគ HPV និងជំងឺឆ្លងជាច្រើនប្រភេទផ្សេងទៀត។
ទោះបីជាគេមិនសូវឃើញមានករណីគ្រោះថ្នាក់ធ្ងន់ធ្ងរបណ្ដាលមកពីការរួមភេទតាមរន្ធគូទក្ដី ប៉ុន្តែវានៅតែអាចកើតឡើងបានដដែល។ អាការៈហូរឈាមក្រោយពេលរួមភេទ អាចបណ្ដាលមកពីកើត ឬសដូងបាត ឬមានរហែកត្រង់កន្លែងណាមួយ ហើយបញ្ហានេះ ជារឿងត្រូវទៅរកសេវាព្យាបាលឲ្យបានឆាប់រហ័ស។ វិធីព្យាបាលមានដូចជា ត្រូវគេងពេទ្យ ទទួលការវះកាត់ និងប្រើថ្នាំផ្សះសម្រាប់ទប់ស្កាត់ការចម្លងរោគ។
អត្ថបទពាក់ព័ន្ធ៖
- ប្រុសៗរួមភេទជាមួយគ្នា រន្ធគូទជួបបញ្ហាធំ និងងាយឆ្លងជំងឺទាំងនេះណាស់
- ចម្ងល់រឿងរួមភេទ ស្រីៗភាគច្រើនចង់ដឹង តែអត់ហ៊ានសួរ
៣- វិធីការពារពីគ្រោះថ្នាក់បណ្ដាលមកពីរួមភេទតាមរន្ធគូទ
វិធីការពារមានប្រសិទ្ធភាពបំផុត គឺមានតែមួយគត់ មិនត្រូវរួមភេទតាមរន្ធគូទជាដាច់ខាត។ តែបើមិនមានជម្រើស គ្នាយើងគួរប្រើស្រោមអនាម័យ ដើម្បីការពារដៃគូទាំងពីរ កុំឲ្យមានការចម្លងមេរោគ ឬជំងឺណាមួយ។ ខាងក្រោមនេះ ជាតិចនិកខ្លះៗ ការពារខ្លួនពីគ្រោះថ្នាក់បណ្ដាលមកពីការរួមភេទតាមរន្ធគូទ៖
– មិនត្រូវដាក់លិង្គចូលក្នុងមាត់ ឬក្នុងទ្វារមាស ក្រោយពីស៊កចូលក្នុងរន្ធគូទជាដាច់ខាត ឬដៃគូ គួរតែប្រើស្រោមអនាម័យថ្មីមុនពេលដាក់ចូលក្នុងមាត់។
– ទឹករម្អិលអាចជួយការពារកុំឲ្យរហែកស្បែក។ ប៉ុន្តែ បើយើងប្រើស្រោមអនាម័យប្រភេទឡាក់តិច ត្រូវប្រើទឹករម្អិល មានជាតិទឹកច្រើន។
– ត្រូវបន្ធូរអារម្មណ៍មុនពេលស៊កលិង្គចូល អាចជួយកាត់បន្ថយមិនឲ្យរហែកស្បែកបាន។ យើងអាចងូតទឹកក្ដៅឧណ្ឌៗមុនពេលរួមភេទ ឬគេងផ្ដាប់មុខចុះក្រោម ដើម្បីឲ្យងាយស្រួលពេលស៊កលិង្គបញ្ចូល។
– ត្រូវបញ្ឈប់ការរួមភេទភ្លាម បើមានអារម្មណ៍មិនផាសុកភាព។
បើនៅតែបន្តធ្លាក់ឈាមក្រោយរួមភេទ ឬនៅឈឺ មានឡើងហើមជុំវិញរន្ធគូទ ឬមានបញ្ហាណាមួយមិនស្រួលកើតឡើង ប្រញាប់ទៅជួបជាមួយគ្រូពេទ្យឲ្យបានឆាប់រហ័សតាមដែលអាចធ្វើបាន។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុតសូមពិគ្រោះ និងប្រឹក្សាយោបលផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-ovulation]