លម្អិតពីរឿងទាស់ដំណេក ក្រោយសម្រាលកូន

    លម្អិតពីរឿងទាស់ដំណេក ក្រោយសម្រាលកូន

    ស្ត្រី​ដែល​ធ្លាប់​សម្រាល​កូន​រួច​ប្រាកដ​ជា​បាន​ដឹង​ពី​រឿង​ទាស់​ដំណេក ដែល​ចាស់ៗ​សំដៅ​លើ​អាការៈ​មិន​ប្រក្រតី​មួយ​ចំនួន​កើត​ឡើង​បន្ទាប់​ពី​សម្រាល​កូន​រួច ពិសេស​ការ​រួម​ដំណេក​មុន​កាល​កំណត់​រយៈពេល​៣ខែ។ ចុះ​ចំណែក​ក្បូន​ពេទ្យ ពេល​ណា​ស្រីៗ​សម្រាល​កូន​រួច​អាច​ចាប់​ផ្តើម​រឿង​លើ​គ្រែ​សារ​ជា​ថ្មី​បាន?

    ការ​ដែល​ចាស់ៗ​ហាម​មិន​រួម​ដំណេក​លឿន​ពេក​បន្ទាប់​ពី​សម្រាល​កូន​រួច​នោះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែន ថា ជា​រឿង​ល្អ គួរ​ធ្វើ​តាម ព្រោះ​ក្រោយ​សម្រាល​កូន​រួច​ស្បូន និងមាត់ស្បូន​របស់​មនុស្ស​ស្រី​មិន​ទាន់​ត្រលប់​មក​​សភាព​ដើម​វិញ​នោះ​ទេ បើ​រួមភេទ​លឿន​ពេក​អាច​នឹង​ឈឺចាប់ ពិសេស​មាន​ការ​បង្ក​រោគ​នៅ​ទ្វារមាស។

    នៅ​ពេល​ឆ្លង​រោគ​នៅ​ទ្វារមាស ធ្វើ​ឲ្យ​ស្រីៗ​មាន​អាការៈ​ក្តៅ​ខ្លួន ស្រៀវស្រាញ ព្រឺរងា បែប​នេះ​ហើយ ដែល​ចាស់ៗ​យាយ​ថា ទាស់​ដំណេក​នោះ។

    អត្ថបទពាក់ព័ន្ធ៖

  • ៧ សំណួរពីរឿងរួមភេទ ទាំងប្រុសទាំងស្រីឆ្ងល់ខ្លាំង តែខ្មាសអត់ហ៊ានសួរ!
  • ចំពោះ​ក្បួន​វេជ្ជសាស្ត្រ លោក​វេជ្ជបណ្ឌិត​ថា ស្រីៗ​ដែល​សម្រាល​កូន​រួច​ត្រូវ​រង់ចាំ​​រយៈពេល​៦ សប្តាហ៍​ប៉ុណ្ណោះ ឬ​ក៏​នៅ​ពេល​មាន​រដូវ​ឡើង​វិញ ទើប​អាច​ចាប់​ផ្តើម​រួម​ភេទ​បាន ដែល​រយៈ​ពេល​នេះ​ស្បូន​ជា​សះ​ស្បើយ លែង​មាន​ធ្លាក់​ឈាម​តាម​ទ្វារមាស។

    ចំពោះ​ស្រីៗ​ដែល​បំបៅ​ដោះ​កូន អាច​ពន្យារ​ពេល​នៃ​ការ​មាន​រដូវ​រហូត​ដល់៦ខែ ឬ​លើស​ពី​នេះ ដូច​នេះ​ដើម្បី​បង្ការ​ការ​មាន​កូន​លឿន​ពេក ឬ​ក៏​មាន​កូន​ដោយ​ចៃដន្យ លោក​វេជ្ជបណ្ឌិត​ថា ទោះ​ជា​មិន​ទាន់​មាន​រដូវ​ក៏​ដោយ បើ​រួមភេទ​អំឡុង​ពេល​នេះ ត្រូវ​មាន​វិធី​ការពារ ដោយ​ប្រើ​ស្រោម​អនាម័យ ឬ​ជ្រើស​យក​វិធី​ពន្យារ​កំណើត​ផ្សេង​ទៀត បើ​មិន​ដូច្នេះទេ​ស្ត្រី​អាច​មាន​កូនដោយ​ចៃដន្យ។

    លោក​វេជ្ជបណ្ឌិត​ថា ដោយសារ​តែ​អ័រម៉ូន​ប្រែប្រួល ក្រោយ​សម្រាល​រួច​ទ្វារមាស​ស្រីៗ​អាច​នឹង​ស្ងួត ធ្វើ​ឲ្យ​មាន​អារម្មណ៍​ឈឺចាប់​នៅ​ពេល​ចាប់​ផ្តើម​រឿង​លើ​គ្រែ​សារ​ជា​ថ្មី។ ដំណោះ​ស្រាយ​ចំពោះ​បញ្ហា​នេះ យើង​គួរ​ប្រើ​ទឹក​រម្អិល​ជា​ជំនួយ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ដេត ធន្នី កែសម្រួល​ចុងក្រោយ 13/01/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត